Walcott គាំទ្រឲ្យក្រុម Arsenal ធ្វើការវាយសម្រុកលើ Bayern រាត្រីនេះ

Theo Walcott បញ្ជាក់​ថា ក្រុម Arsenal នឹង​ស្រោច​ស្រង់​យុទ្ធ​នា​ការ​នៃ​ក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​នៅ​ពេល​ជួបក្រុម Bayern Munich នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ តាម​រយៈ​ការ​​ព្យា​យាម​​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះ​​ដូច​ក្នុង​ពេល​ពួក​គេ​​​បំ​បាក់​ក្រុម Manchester United អ៊ី​ចឹង​។ ក្រុម​របស់​លោក Arsene Wenger កំពុង​តែ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ខក​ចិត្ត​ក្នុង​ការ​​ឈាន​ទៅ​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ​ជា​ល​លើក​ទី​១​​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ ក្រោយ​​ពី​ការ​​រង​​បរា​ជ័យ​ពីរ​លើក​ជាប់​ៗ​គ្នា​។

ក្រុម​​កាំ​ភ្លើង​ធំ​មួយ​នេះ បាន​រង​បរា​ជ័យ​នៅ​លើ​ទឹក​ដី​ក្រុម Dinamo Zagreb ហើយ​បន្ទាប់​មក​​បាន​ជួប​ភាព​​អា​ម៉ាស់​​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង​របស់​ក្រុម Olympiakos ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​ពិន្ទុ​សោះ​នៅ​បាត​តារាង​នៃ​ពូល F​។ ការ​រង​បរា​ជ័យ​មួយ​ផ្សេង​ទៀត​នៅ​ពេល​ជួប​ក្រុម Bayern នៅ​​កីឡ​ដ្ឋាន Emirates នឹង​ធ្វើ​ឲ្យ​ក្រុម Arsenal ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ធ្លាក់​ចេញ​ដ៏​មិន​នឹក​ស្មាន​ដល់ ហើយ​​ស្រប​ពេល​ជា​មួយ​គ្នា​​​នេះ​ដែរ ការ​ស្ថិត​ក្នុង​​ទម្រង់​លេង​យ៉ាង​ល្អ​​នៅ​រដូវ​កាល​នេះ​របស់​ក្រុម​ម្ចាស់​ជើង​ឯក​អាល្លឺ​ម៉ង់ Bayern ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​​ការ​លំ​បាក​ក្នុង​ការ​យក​ឈ្នះ​លើ​គូ​ប្រជែង​របស់​ខ្លួន​។
1
ទោះ​បី​ជា​យ៉ាង​ណា Arsenal នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ជា​មួយ​នឹង​ទម្រង់​លេង​យ៉ាង​ល្អ ក្រោយ​ពី​បាន​យក​ឈ្នះ ៣-០​ នៅ​លើ​ទឹក​ដី​ក្រុម Watford កាល​ពី​ថ្ងៃ​សៅរ៍​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស Walcott អះ​អាង​ថា ក្រុម​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​​ភាគ​ខាង​ត្បូង​មួយ​នេះ មិន​មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ខ្លាច​ក្រុម Bayern ឡើយ ប្រសិន​បើ​កាំ​ភ្លើង​ធំ​អាច​​ទម្លុះ​ខ្សែ​ការ​ពារ​ពួក​គេ​ជា​មួយ​នឹង​​ទម្រង់​លេង​​បែប​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា​ដែល​បាន​​ធ្វើ​​ឲ្យ​ពួក​គេ​ទទួល​ជ័យ​ជម្នះ ៣-០ លើ​ក្រុម Man United ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ដើម​ខែ​តុលា​។ Walcott បាន​ឲ្យ​ដឹង​ថា៖ «យើង​គ្រាន់​តែ​ត្រូវ​ការ​ស្រោច​ស្រង់​ពី​ការ​ប្រកួត​​ពីរ​លើក​ដំបូង​។ យើង​ដឹង​ថា យើង​អាច​ណ្តើម​បាន​លទ្ធ​ផល​នៅ​ពេល​ប្រកួត​ជា​មួយ Bayern Munich ហើយ​យើង​ពិត​​ជា​​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​»​​។ Bayern បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ធ្វើ​ដំណើរ​​ទៅ​ប្រកួត​នៅ​កីឡ​ដ្ឋាន Emirates ២​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​លើក​ទី​១​ឈ្នះ​ ៣-១ កាល​ពី​ឆ្នាំ​២០១៣ និង​​ឈ្នះ ២-០ កាល​ពី​​ឆ្នាំ​២០១៤​​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕