​រថយន្ត​ហា​យ​ប្រ៊ីដ​ពន្លះ​ជា​មួយ​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង

​រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បើករថយន្ត​​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​បណ្តាល​ឲ្យរថយន្ត​បង្ក​រង​ការ​ខូចខាត​យ៉ាងដំណំ ​​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ​តុលា តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ នៅ​ចំណុច​​មុខ​សណ្ឋាគារ​ភ្នំពេញ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​មុន​ពេល​រថយន្ត​បង្ក​ម៉ាក​កាម​រី​ហា​យ​ប្រ៊ីដ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-1288 បើកបរ​ដោយ​ស្ត្រី​ម្នាក់​តាម​មហាវិថី​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​នី​ស្សាន់ ពណ៌​ស លាយ​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​កំពង់ចាម​3A-0796 ជា​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ពេញ​រថយន្ត បើកបរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស​ទិស​គ្នា ​លុះ​មក​ដល់​ចំណុច​​កើតហេតុ​ ស្រាប់តែ​រថយន្ត​​​​ហាយប្រ៊ីដ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​​​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​​វិល​នៅ​ទទឹង​ផ្លូវ​ដាច់​កង់​មុខ បែក​កង់​ក្រោយ​ខាងស្តាំ​ និង​ក្រ​ពឹត​ចំហៀង​ខាងស្តាំ តែ​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់​​រង​​​ត្រូវ​​បាន​​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចំណែក​រថយន្តដឹក​ទំនិញ​បាន​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ផ្ទេរ​ទំនិញ​ចេញ ៕