​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូនឈើ ១.៥០០ ដើម នៅ​វត្ត​ជីក្រែង ខេត្តសៀមរាប​

ភ្នំពេញ​: កូនឈើ​បេង គគីរ គ្រញូង និង​ឈើទាល សរុប ១.៥០០ ដើម ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា យកទៅ​ដាំ នៅក្នុង​បរិវេណ​ព្រៃ​ចង្ក្រម ទំហំ ៥ ហិកតា ដែល​ទទួល​ការបរិច្ចាគ ពី​ពុទ្ធបរិស័ទ ឱ្យ​ក្លាយជា​កម្មសិទ្ធិ​រប​ស់ វត្ត​ព្រះឥន្ទ​ឧស្សាហ៍ ហៅ វត្ត​ជីក្រែង ស្ថិត​ក្នុងភូមិ ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​។​

​ពិធី​ដាំ​កូនឈើ​នេះ  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​សឺ​ង គង់  ទីប្រឹក្សា និង​ជា​តំណាង​អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា លោក ឈាន រដ្ឋា ប្រធាន​នាយកដ្ឋាន ស្តីទី​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ព្រមទាំង ព្រះគ្រូ​ចៅអធិការ អាចារ្យ គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ជីក្រែង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ នៅក្នុង​ស្រុក​ជីក្រែង ប្រមាណ​ជាង ៥០០ នាក់​។​

​លោក សឺ​ង គង់ បាន​មានប្រសាសន៍ថា រុក្ខទិវា​តែង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​៩ ខែកក្កដា រៀងរាល់ឆ្នាំ តាំង​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ ដែល​ពិធី​នេះ ត្រូវបាន​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​បន្តធ្វើ​រហូតដល់​សព្វថ្ងៃ គ្រប់​ក្រសួង​ទាំងអស់ ក្នុងប្រទេស ពិសេស អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បន្ត​មរតក​នេះដែរ​។​

​លោក​បាន​បញ្ជាក់ថា ការដាំ​កូនឈើ ក្នុង​វត្ត​ជីក្រែង​ថ្ងៃនេះ ទោះបី​មិន​ចំ​ថ្ងៃ​កំណត់​មែនពិត តែ​នេះ​ជា​ទង្វើ​គំរូ​មួយ សម្រាប់​អ្នកស្រុក​នៅទីនេះ ក្នុងការ​រួមចំណែក ថែរក្សា​បរិស្ថាន ក៏ដូចជា​ទុកជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ ផងដែរ​។​

​ព្រះ​តេជគុណ ឈឿន សាវង្ស ព្រះ​គ្រូសូត្រស្តាំ វត្ត​ជីក្រែង មាន​សង្ឃដីកា​ថា ដោយ​ការ​ឃើញ​ពី ប្រយោជន៍​ដ៏​ពិសេស​របស់​ព្រៃឈើ ទើប​ព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្ត​ជីក្រែង បាន​បំ​ផុ បំផុល​ពុទ្ធបរិស័ទ ឱ្យចូល​រួម​ដាំ​ដើមឈើ នេះ​ឡើង បន្ទាប់ពី​ស្នើសុំ​កូនឈើ បាន​យ៉ាងច្រើន​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។ ជាមួយគ្នានេះ ព្រះ​តេជគុណ ក៏បាន​ថ្លែង អំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានផ្តល់​កូនឈើ ចំនួន​១.៥០០​ដើម មក​ដាំ នៅក្នុង​បរិវេណ​វត្ត​នេះ ហើយ​ប្តេជ្ញា​ថា នឹង​ថែរក្សា​ដើមឈើ ដែល​បាន​ដាំ​ហើយ និង​បន្ត​ជំរុញ​សកម្មភាព​នេះ ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ដើម្បី​ជា​គំរូ​នៅក្នុង​ស្រុក​ជីក្រែង ក៏ដូចជា​បណ្តា​ស្រុក​ដទៃទៀត​ដែរ​៕V​/S