សុំ​រួម​និស្ស័យ​ស្នេហ៍​ជា​ថ្មី​មិន​បាន​ស្រោច​ទឹក​អា​ស៊ីត

សុំ​រួម​និស្ស័យ​ស្នេហ៍​ជា​ថ្មី​មិន​បាន​ស្រោច​ទឹក​អា​ស៊ីត

ខេត្តក្រចេះ ៖ ប៉ូលិស​ស្រុក​ចិត្រ​បុរី​បាន​និយាយ​ថា កំពុង​តែ​ស្រាវជ្រាវ​តាម​រក​បុរស​ដៃដល់​ជា​អតីត​ប្តី ដែល​បាន​ធ្វើ​សកម្មភាព​យក​ទឹក​អាស៊ីត​អា​គុយ មក​ចាក់​ស្រោច​លើ​ស្ត្រី​ជា​ប្រពន្ធ ហើយ​បាន​រត់គេច​ខ្លួន ក្រោយ​ពេល​សុំ​ជានា​គ្នា​វិញ​មិន​បាន ។

លោក ស្រុ​ឺ ជាលី អធិការរង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ តុលា ថា ជន​ដៃដល់​ជា​អតីត​ប្តី​ដែល​នគរបាល​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​នេះ គឺ​ជាប់​សង្ស័យ​នឹង​ករណី​ប៉ុនប៉ង​មនុស្សឃាត មក​លើ​ស្ត្រី​ជា​អតីត​ប្រពន្ធ។មន្ត្រី​ប៉ូលិស​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះជា​អតីត​ប្រពន្ធ​ដែល​រង​នូវ​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត ពី​ជន​ដៃដល់​ជា​អតីត​ប្តី​នេះ​ឈ្មោះ រុំ សារី អាយុ​២២​ឆ្នាំ មានកូន​១ រស់នៅ​ក្នុងភូមិ​វាល​សំបូរ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ។

ចំណែកឯ​បុរស​ជា​អតីត​ប្តី​និង​ជា​ជន​ដៃដល់ មាន​ទីលំនៅ​ក្នុង​ឃុំ​ជាមួយ​គ្នា ។ បន្ទាប់​ពី​រង​ការ​ស្រោច​ទឹក​អាស៊ីត​ភ្លាម​ៗ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​មិន​រង​គ្រោះ​ធ្ងន់ធ្ងរ​ទេ ដោយសារ​ទឹក​អាស៊ីត ដែល​ជន​ដៃដល់​ជា​អតីត​ប្តី​បាន​ចាក់​ស្រោច​ពីលើ គឺជា​ប្រភេទ​ទឹក​អាស៊ីត​អា​គុយ ។

ប៉ូលិស​ស្រុក​ចិត្រ​បុរី​បានឱ្យ​ដឹង​ទៀត​ថា កន្លង​មក មាន​រយៈពេល​ច្រើន​ខែ​មក​ហើយ ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ បាន​លែងលះ​គ្នា​ដោយ​មាន​លិខិត​ស្នាម​ត្រឹម​ភូមិ​ឃុំ ដោយសារ​តែ​អត់ទ្រាំ​នឹង​ការ​វាយ​ធ្វើបាប ពី​សំណាក់​បុរស​ជា​អតីត​ប្តី​កំណាច​នេះ​លែង​បាន ។

ក្រោយ​ពី​មានការ​លែងលះ​គ្នា រយៈពេល​ជា​ច្រើន​ខែ​រួច​មក កាលពី​យប់​ថ្ងៃ​ទី​៨ តុលា​កន្លង​ទៅ អតីត​ប្តី​បាន​មក​ជួប​ស្ត្រី​ជា​អតីត​ប្រពន្ធ​នៅ​លើ​ផ្ទះ ដោយ​អង្វរ​នាង​សុំ​ជានា​នឹង​គ្នា​វិញ ។ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​និង​បាន​ប្រកែក​យ៉ាង​ដាច់អហង្ការ ព្រមទាំង​បាន​ដេញ​បុរស​ជា​អតីត​ប្តី​ឱ្យ​ចុះពីលើផ្ទះ​ថែម​ទៀត ។

លុះ​មួយស្របក់​ក្រោយមក នាង​បាន​ចុះ​ពី​ផ្ទះ​មក​បត់ជើង ក៏​ស្រាប់តែ​បុរស​ដៃដល់​រូប​នោះ ដែល​ពួនស្ទាក់​បាន​ចាប់បង្ខំ​សួរ​នាង​ជា​ថ្មី​ម្តងទៀត ឱ្យ​នាង​ព្រម​ទទួលយក​រូបគេ​សា​ជា​ថ្មី តែ​នាង​នៅ​តែ​ប្រកែក ទើប​បុរស​រូប​នេះ បាន​យក​ទឹក​អាស៊ីត​មួយ​ថង់​មក​ចាក់​ស្រោច​លើ​រូប​នាង ហើយ​រត់គេច​ខ្លួន​បាត់​ទៅ ។ នៅ​នឹង​កន្លែង​កើតហេតុ មាន​បន្សល់​ទុក​នូវ​ទឹក​អាស៊ីត​ដាក់​ក្នុង​ថង់ និង​កូនកាំបិត​មួយ ។

លោក​អធិការរង​បាន​អះអាង​ថា ជន​ដៃដល់​ជា​អតីត​ប្តី​ដែល​បាន​ធ្វើ​សកម្មភាព​ល្មើស​បាន​រត់គេច​ខ្លួន ។ តែ​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់ និង​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ ៕  ​

ផ្តល់​សិទ្ធិ​ដោយ ៖ កោះសន្តិភាព