អ៊ី ម៉ា​នុត អតីត​អ្នកយាម​ឃ្លាំង​ក្លាយជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​

Sanofi

​ប្រលោមលោក​នៃ​ជីវិត​ពិតជា​មិន​ទៀង ជួន​រាំង ជួន​ភ្លៀង ទៅតាម​កម្ម​ព្រេងវាសនា​ដែល​តាក់តែង​មក​។ កើត​មកជា​មនុស្ស​តើ​អ្នកណា​ដែល​មិនមាន​ក្តី​ស្រមៃ​នោះ ? តែ​មុននឹង​ឈានទៅ​សម្រេច​នូវ​ក្តី​ស្រមៃ​នោះ ពិតណាស់​នឹងមាន​ឧបសគ្គ​ជាច្រើន​រាប់មិនអស់​នៅ​ចំពោះ មុខ តែ​អ្វីដែល​សំខាន់​នោះ​គឺ​មានតែ​ចិត្ត​តស៊ូ​ជម្នះ​ឧបសគ្គ​ទាំងនោះ​ដោយ​ភាព​អំណត់​ព្យាយាម ទើប​ក្តី​ស្រមៃ​នោះ​អាច​សម្រេច​ទៅបាន ។​

​ជាក់ស្តែង​តារាចម្រៀង​សំនៀង​ផ្អែម​បែប​យុវវ័យ​ស្រករ​ក្រោយ លោក អ៊ី ម៉ា​នុត ត្រូវបាន​គេ​មើលឃើញថា​ជា​តារាចម្រៀង​ម្នាក់ ដែលមាន​ការតស៊ូ​ខ្ពស់បំផុត​នៅក្នុង​អាជីព​ជា​អ្នក សិល្បៈ ។ នៅពេល​ជួប​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង ម៉ា​នុត បាន​រៀបរាប់​ពី​ខ្សែជីវិត​របស់ខ្លួន​ប្រកបដោយ​ទឹកមុខ​ស្រពាប់​ស្រពោន​ថា «​ខ្ញុំ​ជា​កូន​ទី​ពីរ​ក្នុងចំណោម​បងប្អូន​បីនាក់ ដែលមាន​ឪពុក​ជាជាង​ដែក និង ម្តាយ​ជា​អ្នក​ចំណាកស្រុក​ទៅធ្វើ​ពលករ​នៅ​ស្រុកថៃ ហើយ​ទីលំនៅ​បច្ចុប្បន្ន​របស់ខ្ញុំ​គឺ​នៅ​ម្តុំ​បឹងកក់ រាជធានី​ភ្នំពេញ​»​។

​ឆ្លើយតប​ទៅនឹង​សំណួរ​ថា តើ​មូលហេតុ​អ្វីដែល​ជំរុញ​ឱ្យ​លោក​ក្លាយជា​តារាចម្រៀង​ដូច​សព្វថ្ងៃនេះ ? ម៉ា​នុត ហាក់​រលីងរលោង​ទឹកភ្នែក ហើយ​ឆ្លើយ​ទាំង​អួលអាក់​ថា « ដោយ ឆ្លងកាត់​ព្យុះភ្លៀង​នៃ​ជីវិត​ស្ទើរ​រាប់មិនអស់​តាមរយៈ​ការធ្វើជា​កម្មករ​ស៊ីឈ្នួល​គេ​អស់​ជាច្រើន​ឆ្នាំ បានធ្វើ​ឲ្យ​យុវជន ឡោ ស៊ី​ហ្គេម បាន​ប្តូរ​ឈ្មោះ​សម្រាប់​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​ថា អ៊ី ម៉ា​នុត ដោយ​លោក​បាន​ភប់ប្រសព្វ​នឹង​ក្តី​ស្រមៃ​របស់ខ្លួន​យ៉ាង​មាន​មោទកភាព​ដោយសារតែ​រូបគេ​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​មួយ​ដែល​គេ​មិន​នឹកស្មាន​ដល់ ។

ឆ្លងកាត់​ខ្សែជីវិត​ជា​កម្មករ​លីសែង យាមឃ្លាំង តើ អ៊ី ម៉ា​នុត ជួបប្រទះ​នូវ​ទុក្ខលំបាក​អ្វីខ្លះ ទើប​ឈានដល់​ចំណុច​នេះ ?សារ​តែ​ជីវភាព​មានការ​ខ្វះខាត ទើប​តម្រូវឱ្យ​ខ្ញុំ​ត្រូវ​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៧ ហើយក៏​ទៅធ្វើ​ការរត់​តុ​នៅក្នុង​ហាង​ស៊ីផឹក​តូចតាច​មួយកន្លែង ដែល​បានទទួល​ប្រាក់ខែ​ត្រឹមតែ​សាមសិប​ប្រាំ​ដុល្លារ​ប៉ុណ្ណោះ ព្រោះតែ​គេ​គិតថា​ខ្ញុំ​នៅ​តូច​ពេក​។ ក្នុងពេល ដែល​ធ្វើការ​នៅក្នុង​ហាង​នោះ ខ្ញុំ​បាន​ចាប់ចិត្ត​ស្រឡាញ់​អាជីព​ជា​អ្នកចម្រៀង ក៏​ព្រោះតែ​ឃើញ​អ្នកចម្រៀង​ក្នុង​ហាង​នោះ ស្លៀកពាក់​ស្អាតបាត និង តែងតែមាន​អ្នក​ទះដៃ​ពេល​គាត់​ច្រៀង​ចប់​» ។​

និយាយ​មកដល់​ត្រឹមនេះ អ៊ី ម៉ា​នុត បាន​ស្រក់​ទឹកភ្នែក​ហាក់​ឆ្អែត​ចិត្តនឹង​រឿង​អ្វីមួយ រួច​ក៏​បន្ត​និយាយ​ទាំង​ក្តុកក្តួល​អួលដើមក​ថា «​ខ្ញុំ​ចាំ​ថា​ពេល​មួយ​មាន​កម្មវិធី​ប្រឡង​ចម្រៀង​ជា​លក្ខណៈ​តូចតាច​មួយ​នៅ​ម្តុំ​បឹងកក់ ដោយមាន​ចិត្ត​ស្រឡ​ញ់ ខ្ញុំ​ក៏​ដាក់ពាក្យ​ប្រកួត ប៉ុន្តែ​ពេលនោះ​ខ្ញុំ​មិនទាន់​ច្រៀង​បានល្អ​ទេ ព្រោះ​មិនទាន់មាន​ការហ្វឹកហាត់ ។ ពេល​ខ្ញុំ​ឡើង​ច្រៀង​ស្រាប់​តែមាន​គេ​គប់​ដប​ទឹក​សុទ្ធ​ជាច្រើន​មកលើ​ខ្ញុំ ហើយ​គេ​នាំគ្នា​ស្រែកថា ខ្ញុំ​នេះ​ច្រៀង​សំឡេង​ដូចជា​ស្រី ឡុ​លៗ​ស្តាប់​មិន​ចូល​ត្រចៀក​ទេ ។

ពេលដែល​ខ្ញុំ​ច្រៀង​នោះ ប៉ា​របស់ខ្ញុំ​ក៏​ទៅ​មើល​ដែរ ហើយ​គាត់​បាន​ខឹង​នឹង​ខ្ញុំ​យ៉ាងខ្លាំង​រហូតដល់​វាយ​ខ្ញុំ​ជាច្រើន​រំពាត់​ទៀតផង ព្រោះតែ​គាត់​ខ្មាស​គេ ។ គាត់​បាន​ហាម​ដាច់ខាត​មិនឱ្យ​ខ្ញុំ​ឡើង​ច្រៀង​ទៀតឡើយ ទោះជា​នៅ​កន្លែង​ណាក៏ដោយ ព្រោះ​គាត់​មិន​ចូលចិត្ត​អាជីព​ជា​អ្នកចម្រៀង​ទេ ។ បន្ទាប់មក​ខ្ញុំ​ចាប់ផ្តើម​ដើរ​ធ្វើការ​សំណង់​ជា​អ្នក​លីសែង​តាំងតែ​ពី​អាយុ ១៥ ឆ្នាំ​ម្ល៉េះ អស់ពី​លីសែង​ខ្ញុំ​ក៏​ចូលទៅ​ធ្វើការ​ជា​អ្នកយាម​ឃ្លាំង​នៅ​ផ្សារ​ទំនើប​មួយកន្លែង ដោយ​ទទួល​ប្រាក់ខែ​បាន​មួយរយ​ដុល្លារ​ក្នុង​មួយខែ ។

ដោយ​សន្សំ​ប្រាក់​បាន​បន្តិចបន្តួច និង ដោយហេតុតែ​មានចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ ខ្ញុំ​ក៏​សម្រេចចិត្ត​ចូលទៅ​ហាត់​ច្រៀង​ក្នុង​ក្លឹប​ចម្រៀង​មួយកន្លែង ដោយ​មិនឱ្យ​គ្រួសារ​ដឹង​ឡើយ​»​។​ ​និយាយ​ដល់​ចំណុច​នេះ ម៉ា​នុត ហាក់​មានទឹក​មុខស្រស់​បស់​ឡើងវិញ និង ប្រកបដោយ​ក្តីសង្ឃឹម ថា «​ក្នុង​ក្លឹប​ចម្រៀង​នោះ ខ្ញុំ​ត្រូវបាន​អ្នកគ្រូ លោក គ្រូ​សរសើរ​មិន​ដាច់​ពី​មាត់​ថា សំឡេង​របស់ខ្ញុំ​ល្អ គាត់​ថា​ខ្ញុំ​រៀន​ឆាប់​ចេះ​ក្នុងការ​លើកដាក់​សំឡេង ។ ក្រោយមក​ខ្ញុំ​ក៏មាន​ឱកាស​ឡើង​ច្រៀង​នៅ​ផ្សារ​រាត្រី​ចតុម្មុខ​បាន​ម្តងម្កាល ហើយក៏​បាន​ទៅ​ច្រៀង​នៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួនទៀត ។

ការ​បាន​ឡើង​ច្រៀង​គឺជា​រឿង​រំភើប​សម្រាប់​ខ្ញុំ តែ​ជា​រឿង​ដ៏​សែន​អាម៉ាស់​សម្រាប់​ប៉ា​របស់ខ្ញុំ ពេល​ប៉ា​បានដឹងថា​ខ្ញុំ​ទៅ​ហាត់​ច្រៀង ប៉ា​ខឹង​ខ្លាំងណាស់ រហូត​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ទៀតផង ប៉ុន្តែ​ដោយហេតុតែ​ស្រឡាញ់ ខ្ញុំ​ក៏​ចេះតែ​ជម្នះ និង ពន្យល់​គាត់ ពេលខ្លះ​ក៏​អង្វរ​គាត់​រហូត​មកទល់ពេលនេះ​ទើប​បា​៉​បើកឱកាស​ឱ្យ​ខ្ញុំ​បាន​ខ្លះៗ ព្រោះតែ​ខ្ញុំ​បាន​ចូលទៅ​ច្រៀង​នៅក្នុង​ផលិតកម្ម​»​។​

និយាយ​ដល់​រឿង​ដែល​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម អ៊ី ម៉ា​នុត បាន​ប្រាប់ថា​«​ផលិតកម្ម​ដែល​ខ្ញុំ​ចូល​ច្រៀង​នោះ គឺ​ផលិតកម្ម Spider Entertainment Production ហើយ​ម្ចាស់​ផលិត​កម្មបាន​ចាប់អារម្មណ៍​ខ្ញុំ​កាលពី​ពេលដែល​ខ្ញុំ​ឡើង​ច្រៀង​នៅ​ផ្សារ​រាត្រី​ចតុម្មុខ បន្ទាប់មក​គាត់​ទាក់ទង​ខ្ញុំ​ឱ្យទៅ​ថត​សំឡេង​នៅ​ក្រុមហ៊ុន​របស់គាត់ ហើយ​គាត់​ក៏​ទទួលយក​ខ្ញុំ និង ចុះកិច្ចសន្យា​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិត​កម្មនេះ​តាំងពីដើម​ខែឧសភា ឆ្នាំ ២០១៥ នោះមក ។ ពេលនេះ​ខ្ញុំ​ថត​បទ​ចម្រៀង​បាន​ចំនួន​ប្រាំ​បទ​ហើយ ដែល​ត្រៀម​នឹង​ចេញលក់​នាពេល​ឆាប់ៗ​នេះ​»​។​

​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ ចាងហ្វាង​ផលិតកម្ម Spider Entertainment Production ក៏បាន​ធ្វើការ​បរិយាយ​ថា អ៊ី ម៉ា​នុត ពិត​ជាមាន​ទឹកដម​សំឡេង​មកពី​ធម្មជាតិ គឺ​សំឡេង​ធ្ងន់ ច្បាស់ ក្រអួន​ក្រអៅ ដែល​ធ្វើឱ្យ​លោក​សម្រេចចិត្ត​យក​រូបគេ​ឱ្យចូល​ច្រៀង​ក្នុង​ផលិតកម្ម​របស់លោក ។ លោក​ក៏បាន​ទទួលស្គាល់​ផង ដែរ​ថា ម៉ា​នុត ពិតជា​តារាចម្រៀង​ម្នាក់​ដែលមាន​ការតស៊ូ​ខ្ពស់​ខ្លាំងណាស់ ។ ពេលដែល​លោក​បាន​ជួប ម៉ា​នុត ដំបូង​គឺ​នៅ​ផ្សារ​រាត្រី​ចតុម្មុខ ដែល​សូម្បីតែ​សម្លៀកបំពាក់​សមរម្យ​ដើម្បី​ឡើង​ច្រៀង​ក៏​មិនមាន​ផង ។

រហូតមកទល់​ពេលនេះ ម៉ា​នុត បាន​ធូរធារ​បន្តិច​ហើយ ព្រោះ​គេ​មានឱកាស​បាន​ឡើង​ច្រៀង​តាម​បណ្តា Concert នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​ក្រុមហ៊ុន​របស់លោក​បាន​ទាក់ទង​ឲ្យ ​។​ ក្នុង​បទ​សម្ភាស​ចុងក្រោយ អ៊ី ម៉ា​នុត បាន​និយាយប្រាប់​ទាំង​មាន​ទំនុកចិត្ត​ថា ទោះបី​ជាមាន​ឧបសគ្គ​ប៉ុនណា​ក៏ដោយ ក៏​លោក​មិន​បង់​បោះ​អាជីព​ជា​តារាចម្រៀង​នេះដែរ ព្រោះនេះ​ជា​ក្តី​ស្រមៃ​របស់លោក​តាំងពី​តូច​មកម្ល៉េះ ។ ម៉ា​នុត ក៏បាន​សំណូមពរ​ផងដែរ​ដល់​អ្នក​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​ដូច​រូបលោក​សូមកុំ​អស់សង្ឃឹម​ត្រូវតែ​តស៊ូ និង ជម្នះ​ឧបសគ្គ ដរាបណា​នៅមាន​ដង្ហើម នោះ​ក្តីសង្ឃឹម​នៅតែមាន​ជា​ដរាប ៕ សយ ស៊ីណា​






Related