បើសិនអ្នក ជាបុរសម្នាក់នេះ ដែលត្រូវសត្វដំរី ធំៗជាច្រើនក្បាល ឈរព័ទ្ធជុំវិញដូច្នេះ មានអារម្មណ៍ បែបណា? (មានវីដេអូ)

ថៃ៖ នាពេលថ្មីៗនេះ មានការបង្ហោះនូវវីដេអូមួយ ដែលក្នុងនោះគឺបាន បង្ហាញនូវទិដ្ឋភាពដ៏គួរ ឲ្យតក់ស្លុតមួយ របស់បុរសម្នាក់ដែល កំពុងតែស្ថិតនៅក្នុងស្ថានភាព ដ៏សែនអាក្រក់ ដោយសារតែ​រូបគេ ត្រូវបានឡោមព័ទ្ធ ដោយហ្វូងសត្វដំរីធំៗ ជាច្រើនក្បាល។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យ ភ័យខ្លាចមួយនេះ បានកើតឡើងនៅ ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ហើយទិដ្ឋភាពទាំងនោះ ត្រូវបានថតជាប់ជាវីដេអូ និងយកមកបង្ហោះ នៅលើអ៊ីនធឺណែត កាលពីប៉ុន្មានថ្ងៃមុននេះ។

បើយើងមើលតាម វីដេអូនោះយើងនឹងបានឃើញថា ដំបូងឡើយមាន បុរសម្នាក់កំពុងតែ ជិះម៉ូតូ នៅតាមដងផ្លូវ តែម្នាក់ឯង ដោយមានសត្វដំរីធំៗ កំពុងនៅចំពោះមុខគេ ឃើញដូច្នោះរូបគេ ក៏បានបន្ថែមល្បឿន ដើម្បីបើកហួសសត្វដំរីទាំងនោះ តែអ្វីៗមិនដូចជា ការគិតរបស់រូបគេឡើយ គឺថាក្រោយពីរូបគេ បើកបានបន្តិច ក៏មានសត្វដំរីដ៏ធំ មួយក្បាលបានបោលសម្រុក មករូបគេអមដោយ សម្រែកយ៉ាងខ្លាំង ហើយមិនយូរប៉ុន្មាន សត្វដំរីជាច្រើនក្បាល ទៀតក៏បានមកជាមួយ និងព័ទ្ធបុរសរូបនោះជុំជិត តែម្តង។

បើសិនអ្នក ជាបុរសម្នាក់នេះ ដែលត្រូវសត្វដំរី ធំៗជាច្រើនក្បាល ឈរព័ទ្ធជុំវិញដូច្នេះ មានអារម្មណ៍ បែបណា? (មានវីដេអូ)
រូបភាពបង្ហាញពី សត្វដំរីធំៗជាច្រើនក្បាល កំពុងឡោមព័ទ្ធ បុរសម្នាក់

ក្រោយពីឃើញបែបនេះ បុរសដែលកំពុង ជួបអាសន្នរូបនោះ មិនអាចធ្វើអ្វីបានក្រៅពី ផ្តួលម៉ូតូរបស់គេចោល និងឈរលើកដៃសំពះ ក្នុងបំណងបង្ហាញ ការគោរពដល់ហ្វូងដំរីទាំងនោះ ដើម្បីកុំឲ្យពួកវា ធ្វើសកម្មភាពយាយី មកលើរូបគាត់។ ជាសំណាងផងដែរ ហ្វូងដំរីទាំងនោះ មិនបានវាយប្រហារ គាត់នោះទេគឺគ្រាន់តែស្រែកដាក់គាត់ រួចក៏ដើរចេញ ទៅដោយសុវត្ថិភាព។

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញអ៊ិនធើណេត ដែលបានមើលវីដេអូនេះហើយ ភាគច្រើនបានបញ្ចេញ​ មតិរបស់ពួកគេថា មូលហេតុដែលធ្វើឲ្យ សត្វដំរីបោលសម្រុក ទៅរកបុរសម្នាក់នោះ ក៏ព្រោះតែពួកវា ចង់ការពារកូនដំរីតូចៗ របស់ពួកវាប៉ុណ្ណោះ។

ក្នុងនោះប្រភពព័ត៌មាន បាងកក ខូខូណាត់ ក៏បានបញ្ជាក់ថា មានករណីវាយប្រហារ ពីសត្វដំរីជាច្រើន បានកើតឡើងនៅក្នុង សួនឧទ្យានជាតិ Khao Yai នេះកាលពីឆ្នាំមុន ដែលកត្តានេះ នាំឲ្យក្រុមអាជ្ញាធរ ចេញបទបញ្ជា និងប្រឹងប្រែងតាមដានយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជៀសកុំឲ្យ មានការប៉ះទង្គិច រវាងសត្វដំរី និងមនុស្សនៅក្នុង បរិវេណឧទ្យាននេះ៕

តោះចង់ដឹងថា តើវីដេអូដែលបុរសម្នាក់នោះ ត្រូវបានឡោមព័ទ្ធដោយ ហ្វូងសត្វដំរីធំៗ យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

បើសិនអ្នក ជាបុរសម្នាក់នេះ ដែលត្រូវសត្វដំរី ធំៗជាច្រើនក្បាល ឈរព័ទ្ធជុំវិញដូច្នេះ មានអារម្មណ៍ បែបណា? (មានវីដេអូ)
បុរសម្នាក់នោះ កំពុងលើកដៃសំពះ ដើម្បីបង្ហាញការគោរព និងសុំកុំឲ្យសត្វដំរី ធ្វើការវាយប្រហារ លើរូបគាត់

ប្រភព៖ |

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត