រថយន្ត​សំរាម​ស៊ិ​ន​ទ្រី​បើក​កិន​ម៉ូតូ​មួយ​គ្រឿង ត្រូវម្ចាស់​លោត​​ចេញ​​ទាន់

រាជ​ធានី​ភ្នំពេ​ញ ៖ រថយន្ត​​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បាន​​បើក​​បត់​ឆ្លង​ផ្លូវ​លឿន​មិនប្រយ័ត្ន ​ក៏​ជ្រុល​ទៅ​បុក​និ​ង​​កិន​ បណ្តាល​បុរស​​ម្នាក់​រងរបួស​បាក់ជើង​ម្ខាង ​ដែលហេតុការណ៍​នេះ​កើតឡើង ​កាល​ពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​តុលា ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​២១៥  កែង​​​ផ្លូវ​លេខ​១៥៦ ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា  ។

សាក្សី​​ដែល​​ឃើញ​ហេតុការណ៍​ឱ្យ​​​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុនស៊ិ​ន​ទ្រី​មួយ​គ្រឿង ពណ៌ សលាយ​បៃតង បាន​បើក​ពី​ជើង​ទៅ​ត្បូង​ដោយ​ព្យាយាម​បើក​បត់​ឆ្វេង​​ឆ្លងផ្លូវ​​ម្ខាង​ទៀត ស្រាប់តែ​ជ្រុល​ទៅ​បុក​​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខសៀមរាប 1F-9906  ដែល​ជិះ​ដោយ​បុរស​ម្នាក់កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ២១៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​​​បុក​ម៉ូតូ​ចំពាក់​កណ្តាល បណ្តាល​ឱ្យ​​ម៉ូតូ​ដូ​ល​ចូល​ក្រោម​កង់​រថយន្ត​កិន​រង​ការ​ខូចខាត​យ៉ាង​ដំណំ  ។

សាក្សី​​បន្ត​ថា នេះ​​ក៏​ជា​សំណាង​មួយ​​ដែល​ម្ចាស់​ម៉ូតូ​មិន​ចូល​ក្រោម​កង់​​រថយន្ត​នោះ ព្រោះ​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​លោត​ចេញពី​ម៉ូតូ​របស់​គេ​ទាន់ពេល កុំ​អី​មិនដឹង​យ៉ាងណា​នោះ​ទេ ។​ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​​នោះ អ្នក​បើក​បររថ​យន្ត​បង្ករបស់​ក្រុមហ៊ុនស៊ិ​ន​ទ្រី​ ក៏ រត់​​ចុះ​ពី​រថយន្តគេចខ្លួន​បាត់​តែ​ម្តង ។