ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រថយន្ត​និង​ម៉ូតូ​២​គ្រឿងហើយ​ចាប់​ក​អាវ​ប្រុង​​វាយ​គេ​ទៀត

រាជ​ធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​មួយ​គ្រឿង​ហើយ​​ទៅ​បុក​ម៉ូតូ​២​គ្រឿងទៀត ​បណ្តាល​ឲ្យ​ដួល​រង​របួស​ហើយ​ចាប់​ក្របួច​ក​អាវ​រក​វាយ​គេ​ទៀត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​តុលា នៅ​តាម​វិ​ថី​សុធារស​កែង​ផ្លូវ​ស្ពាន​ឥ​ន្ទធនូ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាកតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-1361 ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​​ក្នុង​ស្ថានភាព​ស្រវឹង​តាម​ផ្លូវ​ស្ពាន​ឥ​ន្ទធនូពី​កើតមក​លិច ។ ចំណែករ​រថយន្ត​​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-9884 និង​ម៉ូតូ​២​គ្រឿងទៀត ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខភ្នំពេញ 2AC-4939 ម៉ាក​អាយ​ខន ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ 1AO-1086 ​បើកបរ​ស្រប​ទិស​គ្នា​តាម​វិ​ថី​សុធារស​ពី​ជើង​ទៅ​ត្បូង ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​បើកបរ​ដោយ​ជនជាតិ​ចិន​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើក​ចេញពី​​មជ្ឈមណ្ឌលកម្សាន្ត​កោះ​ពេជ្រ​តាម​ផ្លូវ​ស្ពាន​ឥន្ទធនូពី​កើត​ទៅ​លិច​ លុះមក​ដល់​​​កន្លែង​កើតហេតុ​ ក៏​​​បុក​ចំ​ទ្វារ​ខាង​​ក្រោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​​ធ្វើ​ឲ្យ​រថយន្ត​​ហាយ​ឡែនឌ័រ​វេរទ​ទឹង​ផ្លូវ​ទៅ​បោក​នឹង​ម៉ូតូ គុប​ជ្រុង​នៅ​ខាង​មុខ​​បណ្តាល​ឱ្យ​ម្ចាស់​​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​អូស​ម៉ូតូ​អាយ​ខន​ដែល​ជិះ​មក​ពីក្រោយ​រថយន្ត​រង​គ្រោះ​គាប​​ជាប់​ក្រោម​រថយន្ត​បង្ក​ទៅ​មុខ​លែង​រួចបណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​អាយ​ខន​របួស​ដៃ​ឆ្វេង​​ ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ហុច​លុយ​ចំនួន​២០​ដុល្លារ ​ឲ្យទៅ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​អាយ​ខន តែ​គេ​មិន​ព្រមយក​បាន​ហូត​ថែម​២០​ដុល្លារ​ទៀត នៅ​តែ​មិន​ព្រមយក ស្រាប់តែ​ជន​បង្ក​បាន​ចាប់​ក្របួច​ក​អាវ​ជន​រង​គ្រោះ​បម្រុង​វាយ ក៏​ត្រូវ​ប្រជាពលរដ្ឋ​​ឃើញ​​នាំ​គ្នា​ដេញ​វាយ​ជនជាតិ​ចិន​រហូត​បែក​ច្រមុះ​ហូរ​ឈាម ទើបត្រូវ​ជន​ជាតិចិន​ភ័យ​ខ្លួន​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​និង​រថយន្ត​រង​គ្រោះ​​ ព្រមទាំង​ម៉ូតូ​២​គ្រឿង​ ត្រូវសមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ៕