ក្រុម​ចោរ​ស៊េរី​ថ្មី​យក​កាំភ្លើង​ជ័រ​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​គេចខ្លួន​បាត់​

រាជ​ធានីភ្នំពេញ ៖ ក្រុម​ចោរ​មាន​គ្នា​បួន​នាក់បាន​ធ្វើ​សកម្មភាពយក​កាំភ្លើង​ជ័រ​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាកនិ​ចពី​យុវជន​ម្នាក់បាន​សម្រេច​ ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង១២ និង១០នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី២០ ​តុលា​ ២០១៥ ស្ថិត​នៅ​ចំណុច​ក្រោយសាលាកសិកម្ម តាម​បណ្តោយ​ផ្លូវ​បេ​តុង ក្នុង​សង្កាត់ដង្កោ ​ខណ្ឌដង្កោ ។

បើ​តាម​ការ​និយាយ​រៀបរាប់​របស់ជន​រង​គ្រោះ​ឈ្មោះ ជា​ណា​ក់ អាយុ២០ឆ្នាំ មុខរបរកម្មករ​ក្រុមហ៊ុន ស៊ិ​ន​ទ្រី ស្នាក់​នៅផ្ទះ​ជួល​នៅ​ចំណុច​ក្រោយ​សាលាកសិកម្មក្នុង​ខណ្ឌដង្កោបានឱ្យ​ដឹង​ថា មុន​ពេលកើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកនិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-9823 ដោយ​គេ​បាន​ជិះ​ម្នាក់ឯង​ចេញពីផ្ទះដើម្បី​ទៅ​ហូប​បាយ​ឆានៅ​ខាងក្រៅ​​។

ពេល​គេ​ហូប​បាយ​រួច​ហើយ ក៏​ជិះ​ម៉ូតូ​មក​វិញដល់​ចំណុច​កើតហេតុ​ខាងលើ​​ស្រាប់តែ​មាន​ជនសង្ស័យ​បួន​នាក់ជិះ​ម៉ូតូ​ពីរ​គ្រឿង​មួយ​គ្រឿង​ម៉ាក​ស្តូ​ពី និង​មួយ​គ្រឿង​ទៀតម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥ បាន​ជិះមកកៀរ​រូបគេ​ឲ្យ​អែប​ខាង រួច​ដក​កាំភ្លើងមួយ​ដើម​ពី​ចង្កេះ​ភ្ជង់​គំរាម​ប្លន់ តែ​ដោយ​គេ​មិន​ព្រមឱ្យស្រាប់តែ​ជនល្មើស​នោះទាញ​កាំភ្លើង​បាញ់​គេ​មួយ​គ្រាប់​ចំ​ថ្តា​ល់​ខាងឆ្វេងទើប​គេ​ដឹង​ថា ​ជា​កាំភ្លើង​ជ័រ ដោយ​មានការ​ភ័យ​ពេក​គេ​ក៏​បាន​ផ្តួល​ម៉ូតូ​របស់​ខ្លួន​ចោលរត់​រក​​គេឯង​​​ក្បែរ​នោះឱ្យ​ជួយ​ ។

ភ្លាម​ៗ​ក្រុម​ចោរ​បាន​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះជិះ​ចេញពី​កន្លែង​បាត់​ដោយ​សុវត្ថិភាពតែ​ម្តង  ។ ក្រោយ​ពេល​កើត​ហេតុជន​រង​គ្រោះ​បានខ​ល​ហៅ​បង​ប្អួ​ន​ និង​មិត្ត​ភ​ក្តិ​​ជា​ច្រើន​នាក់​​ជិះ​ម៉ូតូ​ដើររក​ក្រុម​ជនល្មើស​វិញ តែ​រក​មិនឃើញ បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សង្កាត់​ដង្កោសុំ​ឱ្យសមត្ថកិច្ច​ស្រាវជ្រាវដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ៕​