វិចារណកថាៈ គោលការណ៍ច្បាស់ លាស់ក្នុងការបញ្ចុះ ឬដំឡើងថ្លៃប្រេងសាំង ជារឿងដ៏សំខាន់

តម្លៃប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា នៅតែខ្ពស់មិនទាន់ស្រប តាមតម្លៃប្រេងលើទីផ្សារ អន្តរជាតិ ដែលមានការ ធ្លាក់ ថ្លៃយ៉ាង គំហុកនោះទេ ហើយករណី ដែលក្រុមហ៊ុននានា បញ្ចុះតម្លៃប្រេងសាំងត្រឹម១០០រៀល ក្នុងមួយ លីត្រ គឺមិនទាន់ ស្របតាម ការចង់បាន របស់ប្រជាពលរដ្ឋទូទៅនៅឡើយទេ ។ នៅក្នុងប្រទេសកម្ពុជា ប្រេង ឥន្ធនៈ ជាតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋទូទៅ ក្នុងការប្រកបរបរកសិកម្ម ដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ក៏ដូចជាប្រកបរបរអាជីវកម្មផ្សេងៗ ទៀតជាពិសេសសេវាកម្មដឹកជញ្ជូន ។ នៅពេលដែលប្រេងសាំងនៅតែមាន តម្លៃខ្ពស់ គឺប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ជាពិសេសប្រជាកសិករ ដែលប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីប្រកបរបរធ្វើស្រែ ចម្ការផ្គត់ផ្គង់ជីវភាព ។ ហេតុនេះហើយទើបប្រជាពលរដ្ឋ បន្តអំពាវនាវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធបន្តបញ្ចុះតម្លៃប្រេង ឥន្ធនៈបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមតម្លៃ ប្រេងនៅលើទីផ្សារអន្តរជាតិបច្ចុប្បន្ន ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក្រសួងពាណិជ្ជកម្មគណនាជុំវិញតម្លៃប្រេងឥន្ធនៈ ដើម្បីដោះស្រាយបញ្ហាលក់ និង ចែកចាយ សាំងតាមស្ថានីយ៍ នានាដែលចេះតែដំឡើង និងបញ្ចុះតម្លៃប្រេងសាំងតាមអំពើចិត្ត ។ សម្តេចប្រមុខ រាជរដ្ឋាភិបាលមាន ប្រសាសន៍ថា សម្តេចនឹងជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈ ដើម្បីកំណត់ និងដោះស្រាយបញ្ហាដែល ម្ចាស់អាជីវកម្មចេះ តែដំឡើង និងបញ្ចុះតម្លៃដោយគ្មានគោលការណ៍ជាក់លាក់ ។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មានការគាំទ្រ យ៉ាងពេញទំហឹងពីប្រជាពលរដ្ឋទូទៅ ព្រោះកន្លង មកក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈបានដំឡើង ឬ បញ្ចុះតម្លៃប្រេងសាំង តាមអំពើចិត្ត ។ ជាក់ស្តែងពេលដែលតម្លៃ ប្រេងនៅលើទីផ្សារអន្តរជាតិឡើងខ្ពស់ គឺក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ដំឡើងថ្លៃភ្លាមៗ ប៉ុន្តែពេលដែលតម្លៃប្រេង លើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក គឺក្រុមហ៊ុនក្នុងប្រទេស កម្ពុជាមានភាពយឺតយ៉ាវក្នុងការបញ្ចុះតម្លៃ ឬបញ្ចុះក្នុងកម្រិតតិចបំផុត ។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ សម្តេចតេ ជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រយ័ត្នចុះ១០០រៀលមុនភ្ជុំ ឡើង៣០០រៀលក្រោយភ្ជុំ កុំ ។ ប៉ុន្តែរឿង ដែលគួរ ឲ្យចង់សើចវា នៅកន្លែងនេះ ឮសូរតែប្រេងឡើងថ្លៃនៅក្រុងឡុងដ៍ នៅញូវយ៉កភ្លាម ឡើងថ្លៃប្រេង នៅភ្នំពេញ អាឡើងចុះ កុំតាមវ៉ាល់របស់ ខ្លួននៅភ្នំពេញ ។ យោគយល់បាននៅពេលដែល១បារ៉ែល៥៥ ដល់គេ ចុះមក៥០ ខ្លួនមិនទាន់ចុះបាន ទេនៅប៉ុន្មានថ្ងៃដំបូង ដោយសារតែខ្លួនដឹកអា៥៥មកស្តុក នឹងយោគយល់បាន ។ ប៉ុន្តែរឿងមិនបាននៅត្រង់នេះដល់ ប្រេងឡើងដល់៦០ គាត់ដំឡើងនៅទីនេះភ្លាម ក្នុងពេលដែលគាត់អត់ទាន់ បានឡើងតែ១ដំណក់ គឺខ្ញុំត្រូវធ្វើការផ្ទាល់ ហៅមេធំៗទៅជួប” ។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានលាតត្រដាងយ៉ាងច្បាស់ចំពោះការបញ្ចុះតម្លៃ និង ដំឡើងថ្លៃប្រេងឥន្ធនៈ ក្នុងប្រទេសកម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ។

សូមបញ្ជាក់ថា រយៈពេល២ខែចុងក្រោយនេះ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មានការធ្លាក់ចុះយ៉ាងគំហុកគឺ ធ្លាក់ដល់ក្រោម ៥០ដុល្លារអាម៉េរិកក្នុង១បារ៉ែល ចំណុះ១១៩លីត្រ គឺជាតម្លៃទាបបំផុតក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយ ។ ប៉ុន្តែនៅមុនបុណ្យភ្ជុំបិណ្ឌ  ក្រុមហ៊ុនប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា បញ្ចុះតម្លៃត្រឹម១០០រៀល ប៉ុណ្ណោះ ក្នុង១លីត្រ គឺមិនទាន់ស្របតាមតម្លៃប្រេងលើទីផ្សារអន្តរជាតិនៅឡើយទេ ។ មិនតែប៉ុណ្ណោះតាម ស្ថានីយ៍ ប្រេងឥន្ធនៈក្នុងប្រទេស កម្ពុជាមានការលក់ក្នុងតម្លៃខុសៗគ្នា ដូចជាក្រុមហ៊ុនតេលា សូគីម៉ិច តូតាល់ ភីធីធី និងកាល់តិចជាដើម ។ ដូច្នេះការ ដែលសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មគណនាជុំវិញតម្លៃប្រេងឥន្ធនៈ ដើម្បីដោះស្រាយបញ្ហាលក់ និងចែកចាយសាំងនៅតាមស្ថានីយ៍នានា គឺជាប្រការដ៏សំខាន់ ។ ការកំណត់គោលការណ៍ជាក់លាក់ក្នុងការ ដំឡើង ឬបញ្ចុះតម្លៃប្រេងឥន្ធនៈ គឺជាប្រការសំខាន់ណាស់ដើម្បីកុំឲ្យក្រុមហ៊ុនធ្វើអ្វីៗតាមអំពើចិត្ត ។

នៅក្នុងប្រទេសកម្ពុជាប្រេងឥន្ធនៈ ជាតម្រូវការចាំបាច់បំផុតសម្រាប់ជួយដល់កំណើនសេដ្ឋកិច្ចជាតិ ព្រោះទាំង វិស័យកសិកម្ម ទេសចរណ៍ វិស័យកាត់ដេរ និងសេវាកម្មផ្សេងៗត្រូវការប្រេងឥន្ធនៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ នៅពេលដែលតម្លៃប្រេងឥន្ធនៈធ្លាក់ចុះទាប គឺអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយផ្នែកជាពិ សេសសម្រាប់ប្រជាកសិករដែលប្រកបរបរកសិកម្ម ក៏ដូចជាប្រជាពលរដ្ឋប្រកបអាជីវកម្មដឹកជញ្ជូន ។ មានន័យថា ការ បញ្ចុះតម្លៃប្រេងឥន្ធនៈឲ្យស្របទៅនឹងតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាការកំណត់គោលការណ៍ជាក់លាក់ សម្រាប់ដំឡើង ឬបញ្ចុះតម្លៃប្រេងឥន្ធនៈ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់លំនឹងតម្លៃប្រេងនៅកម្ពុជា ។ ជាង នេះទៅទៀតនៅពេលដែលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាមានស្ថិរភាពតាមស្ថានការណ៍ជាក់ស្តែង និងមានតម្លា ភាពក្នុងការលក់ចែកចាយតាមស្ថានីយ៍ គឺឈ្មួញខិលខូចមិនអាចនាំចូលប្រេងសាំងគេចពន្ធមកចែកចាយស្រេចតែអំពើ ចិត្តដូចសព្វនេះឡើយ ៕