​បុរស​​​​ពីរនាក់​​បងប្អូនត្រូវ​​​តុលាការ​​​​​​ចោទ​​​ប្រកាន់ និង​​​ដោះ​​​លែង​​​វិញ ​បន្ទា​ប់ពី​ការ​ចាប់​ពង្រត់​

មន្ត្រី​​​តុលាការ​​​និង​​​នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​​អាទិត្យ បាន​​​ចោទ​​​ប្រកាន់​​​ និង​​​ដោះ​​​លែង​​​បង​​​ប្អូន​​​ប្រុស​​​ពីរ​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​សុក្រ ពីបទ​​​ចាប់​​​ពង្រត់​​​ក្មេង​​​ប្រុស​​​ប្រាំ​​​បួន​​​នាក់​​​ពី​​​វត្ត​​​ពីរ​​​ដាច់​​​ដោយ​​​ឡែកពី​​​គ្នា​​​ក្នុង​​​ស្រុក​​​កូន​​​មុំ ។

បង​​​ប្អូន​​​ប្រុស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ឈ្មោះ ថៃ​​​ភឹម ​​​អាយុ​​​៦៣​​​ឆ្នាំ និង​​​ ជិន គីម អាយុ​​​៥៣​​​ឆ្នាំ ​​​ត្រូវ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​នាំ​​​អនីតិជន​​ដោយ​​​​​​ខុស​​​ច្បាប់​​​ ដោយបាន​​​ចាប់​​​ពង្រត់​​​កុមារ​​​ប្រាំ​​​បួន​​​នាក់​​​អាយុ​​​​​​៨​​​ឆ្នាំ​​​ដល់​​​១៤​​​ឆ្នាំ និង​​​ប៉ុនប៉ង​​​នាំ​​​ពួកគេ​​​ទៅកាន់​​​​វត្ត​​​មួយ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​។

ក្មេង​​​ប្រុស​​​មួយ​ក្រុម​មាន​គ្នា​ប្រាំ​​​នាក់​​​ដំបូង​​​ត្រូវ​​​បាន​​​ជន​​​សង្ស័យ​​​ដឹក​​​ទៅ​​​កាន់​​​វត្ត​​​អូរឫស្សី​​​ស្ថិត​​​ក្នុង​​​ក្រុង​​​ក្រចេះ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។​​​ បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពីការ​​​បាត់​​​កូន​​​ពី​ឪពុក​​​ម្តាយ​​​របស់​​​ពួកគេមក នគរ​​​បាល​​​បាន​​​​​​ឃាត់​​​ខ្លួន​​​អ្នក​​​រត់​​​តាក់​​​ស៊ី​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ខណៈដែល​​​អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​ត្រៀម​​​ដឹក​​​ក្មេង​​​ប្រុស​​​បួន​​​នាក់​​​ទៀត​​​ទៅកាន់​​​ក្រុង​​​ក្រចេះ។​​​អ្នក​​​បើក​​​បរ​​​រូប​​​នេះ ត្រូវ​​​បាន​​​ដោះ​​​លេង​​​វិញ ​​​បន្ទាប់​​​ពី​​​នាំ​​​នគរ​​​បាល​​​ទៅ​​​រក​​​ឈ្មោះ ​​​ភឹម និង​​​ គីម។

លោក រ៉េន មុត អធិការរង​​​នគរ​​​បាលស្រុក​​​ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​សើុប​​​អង្កេត​​​ ដែល​​​ឈាន​​​​​​​​​ ទៅ​​​ដល់​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ បាន​​​ថ្លែង​​​ថា លោក​​​ខក​​​ចិត្ត​​​នឹង​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​ពីព្រោះ​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សារភាព​​​ថា ​​​បាន​​​នាំ​​​ក្មេង​​​ប្រុស​​​ទាំង​​​នេះ​​​ដោយ​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​ទៅហើយ​។

លោក​​​បាន​​​ថ្លែង​​​ថា “ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​យប់​​​មិញ។​​​ ចៅ ​​​ក្រ​​ម​​​បាន​​​​​​សុំ​​​ឲ្យ​​​ខ្ញុំ​​​ស្ម័គ្រ​​​ចិត្ត​​​ជួយ​​​ជូន​​​បុរស​​​ទាំង​​​នេះ​​​ទៅ​​​ផ្ទះ​​​របស់​​​ពួកគាត់​​​វិញ។ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​ជួយ​​​ពួកគាត់​​បាន​​​ទេ។ ពួកគាត់​​​គួរ​​​​​​តែ​​​ត្រឡប់​​​ទៅវិញ​​​ដោយ​​​ខ្លួន​​​ឯង”។

លោក មុត បាន​​​ថ្លែង​​​ថា បើ​​​ទោះ​​​ជា​​​នគរ​​​បាល​​​​​​មិន​​​បាន​​​ប្រមូលភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​គាំទ្រ​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ឲ្យ​​​បាន​​​ធ្ងន់​​​ធ្ងរ​​​ជាង​​​នេះ​​​ក៏ដោយ ក៏បទ​​​ឧក្រិដ្ឋ​​​ពី​​​ការ​​​នាំ​​​អនីតិ​​​ជន​​​ខុស​​​ច្បាប់​​​ដែល​​​មាន​​​ទោសជាប់​​​ពន្ធនាគារ​​​ពី​​​ពីរ​​​ឆ្នាំ​​​ដល់​​​ប្រាំ​​​ឆ្នាំនោះនៅ​​​តែ​​​ធ្ងន់​​​ធ្ងរ​​ដដែល​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​បុរស​​​ទាំង​​​នេះ​​​ ខណៈ​​​ពួក​​​គេ​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​ដែរ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “បើ​​​ទោះ​​​ជាយើង​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ដាក់​​​បន្ទុក​​​លើ​​​ពួក​​​គេ​​​ពីបទ​​​ជួញ​​​ដូរ​​​មនុស្ស​​​ក៏​​​ដោយ​​​ ក៏​​​បុរស​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​ពង្រត់​​​កុមារ​​​ទាំង​​​នេះ​​​ដោយ​​​​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អាជ្ញាធរ​​​ ឬ​​​ឪពុក​​​ម្តាយ​​​របស់​​​ពួកគេ​​​ដែរ​​​”។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា បង​​​ប្អូន​​​ប្រុស​​​ទាំង​​​េន​​ះ​​​សារភាព​​​ថា បាន​​​នាំ​​​កុមារ​​​ទាំង​​​នេះ​​​ទៅខេត្ត​​​ក្រចេះ​​​មែន ប៉ុន្តែ​​​​​​អះ​​​អាង​​​ថា ពួក​​​គេ​​​មិន​​​មាន​​​បំណង​​​ជួញ​​​ដូរ​​​កុមារ​​​ទាំង​​​នេះ​​​ឡើយ​​​។ ផ្ទុយ​​​ទៅវិញ​​​បង​​​ប្អូន​​​ប្រុស​​​ទាំង​​​នេះ​​​និយាយ​​​ថា ពួក​​​គេ​​​នាំ​​​ក្មេង​​​ប្រុស​​​ទាំង​​​េនះ​​​ទៅ​​​កាន់​វត្ត​​​ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​រៀនសូត្រ និងបួស​​​ជា​​​ព្រះ​​​សង្ឃ​​​។

លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ ដែល​​​បានចោទ​​​ប្រកាន់​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បណ្តោះ​​​អាសន្ន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ បាន​​​អះ​​​អាង​​ថា លោក ​​​សាន​​​  ប៊ុនធឿន ចៅក្រម​​​សើុប​​​សួរ​​​បាន​​​ដោះ​​​លែង​​​បង​​​ប្អូន​​​ប្រុស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​តុលាការ​​​កាល​​​ពី​​​យប​​់​​​ថ្ងៃ​​​នោះ​​​។

លោក វណ្ណដា បាន​​​ថ្លែង​​​ថា “ចៅ​​​ក្រម​​​បាន​​​កំណត់​​​ពីភាព​​​ធ្ងន​​​់​​​ធ្ងរ​​​នៃ​​​បទ​​​ឧក្រិដ្ឋ​​​ និង​​​ស្ថាន​​​ភាព​​​របស់​​​ជន​​​សង្ស័យ​​​ ហើយ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​សេចក្តី​​​សម្រេច​​​របស់​​​លោក​​​”។

លោក​​​បាន​​​ថ្លែង​​​ថា ចៅ​​​ក្រម​​​ ប៊ុនធឿន ​​​បាន​​​​​​បង្គាប់​​​ឲ្យ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​បន្ថែម​​​ពី​​​លទ្ធ​ភាព​​​ដែល​​​ថា ជន​​​សង្ស័យ​​​មាន​​​គម្រោង​​​ជួញដូរ​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​។

ដោយ​​​ពន្យល់​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​មិន​​​ទំនង​​​ជា​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​នោះ​​​ លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា សេចក្តី​​​សម្រេច​​​របស់​​​ចៅ​​​ក្រម​​​សម​​​​​​ហេតុ​​​ផល​​​ ពីព្រោះ​​​ជន​​​សង្ស័យ​​​ម្នាក់​​​ឈ្មោះ ​ភឹម ពិការ​​​ភ្នែក​​​ ហើយ​​​ពួកគាត់​​​ជា​​​មនុស្ស​​​ចាស់​​​ និង​​​មាន​​​ទី​​​លំនៅ​​​​​អចិន្ត្រៃយ៍​​​”។

លោក​​​បាន​​​​​​ថ្លែង​​​ថា លោក ​​​លាវ ​​​ស្រេង ​​​ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​អាច​​​ប្តឹង​​​ទាស់​​​សេចក្តី​​​សម្រេច​​​ក្នុង​​​ការ​​​ដោះ​​​លែង​​​ជន​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​។ចៅក្រម​​​ ប៊ុនធឿន ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។

លោកស្រី កែវ ដាវី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​ទទួល​​​បន្ទុក​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​បាន​​​ថ្លែង​​​ថា នគរ​​​បាល​​​នឹង​​​បន្ត​​​​​​សើុប​​​អង្កេត​​​បង​​​ប្អូន​​​ប្រុស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​។ លោកស្រី​​​ថ្លែង​​​ថា “ដំបូង​​​យើង​​​សើុប​​​អង្កេត​​​ថា តើ​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ពិត​​​ជា​​​នាំ​​​កុមារ​​​​ទាំង​​​េនះ​​​ទៅ​​​រៀន​​​នៅ​​​វត្ត​​​មែន​​​ ឬ​​​មិន​​​មែន​​​”។

លោកស្រី​​​បាន​​​បន្ថែម​​​ថា “ទី​​​២​​​យើង​​​ស្វែង​​​រក​​​ភ័ស្តុ​​​តាង​​​ថា តើ​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​មាន​​​មេ​​​ខ្លោង​​​​នៅ​​​ពី​​​ក្រោយ​​​ពួកគេ​​​ក្នុង​​​ការ​​​នាំ​​កុមារ​​​​ទាំង​​​េនះ​​​ទៅ​​​សុំ​​​ទាន​​​ ឬ​​​យ៉ាង​​​ណា។ ហើយ​​​ទី​​​៣ យើង​​​នឹង​​​សើុប​​​អង្កេត​​​ថា តើ​​​ពួក​​​គេ​​​បាន​​​ចាប់​​​ពង្រាត់​​​កុមារ​​​ទាំង​​​នេះ​​​ទៅ​​​ធ្វើ​​​​​​ពេស្យា​​ចារ​​​ ឬ​​​មិន​​​មែន​​​”។

លោក​​​ យឹម សិទ្ធី នាយ​​​ប៉ុស្តិ៍​​​ ឃុំ​​​តាអុង ទី​​​ដែល​​​កុមារ​​​ទាំង​​​នេះ​​​រស់​​​នៅ​​​បាន​​​និយាយ​​​ថា ​​​បង​​​ប្អូន​​​ប្រុស​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​ផ្លាស់ទីលំនៅ​​​​​ពីខេត្ត​​​ត្បូង​​​ឃ្មុំ​​​ទៅ​​​ខេត្ត​​​រតនគិរី​​​ក្នុង​​​ឆ្នាំ​​​២០១៣ ​​​ហើយ​​​បាន​​​​​​ធ្វើ​​​ជា​​​គ្រូ​​​ឱសថបុរាណ​​​ក្នុ​ង​​​​​​ស្រុក​​​លំផាត់​​​ ដោយ​​​ឈ្មោះ គីម ក៏​​​មាន​​​ចម្ការ​​​ដំឡូង​​​មី​​​ផង​​​ដែរ​​​។

លោក សិទ្ធី បាន​​​ថ្លែង​​​ថា លោក​​​មិនយល់​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​តុលាការ​​​ដោះ​​​លែង​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ ក្រោយពី​​​ពួក​​​គេ​​​សារ​​​ភាព​​​ថា បាន​​​ចាប់​​​ពង្រាត់​​​កុមារ​​​ទាំង​​​េនះ​​ហើយ​នោះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុ​​​ំ​​​គិត​​ថា ប្រសិន​​​បើ​​​នគរ​​​​​​បាល​​​ដោះ​​​លែង​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់ ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​នឹង​​​ស្តី​​​បន្ទោស​​​ ហើយ​​​រិះ​​​គន់​​​យើងមិនខាន​​​។ប៉ុន្តែ បើ​​​តុលាការ​​​ដោះលែង​​​ជន​​​សង្ស័យ​​​វិញ​​​​​​ វា​​​ជា​​​រឿង​​​ធម្មតា​​​”។

លោក ឆាយ​​​ ធី អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​​​​ សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំខេត្ត​​​នេះ​​​ ដែល​​​បាន​​​សើុប​​​អង្កេត​​​ករណី​​​​​នេះ​​​ បាន​​​ថ្លែង​​​ថា ការ​​​អះអាង​​​របស់​​​ជន​​​សង្ស័យ​​​ដែល​​​ថា ពួក​​​គេ​​​មាន​​​ បំណង​​​ជួួ​យ​​​ក្មេង​​​ប្រុស​​​មួយ​​​ក្រុម​​​នេះ ដែល​​​រួម​​​មាន​​​ជន​​​ជាតិ​​​ភាគតិច​​​គ្រឹង​​​បី​​​នាក់​​​ផង​​​នោះ​​​មិន​​​ទំនង​​​ទាល់​​​តែ​​​សោះ​​​។

លោក ឆាយ​​​ ធី​​​ បាន​​​ថ្លែង​​​ថា “ប្រសិនបើ​​​កុមារ​​​ទាំង​​​នោះ​​​ចង់​​​ទៅបួស​​​មែន​​​​​​នោះ ពួក​​​គេ​​​គួរ​​​ជូន​​​ដំណឹង​​​ដល់​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន ហើយ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​ឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​ជាមុន​​​មិន​​​ខាន”។ លោក​​​បាន​​​ថ្លែង​​​ថា ​​​”ប្រជាពល​​​រដ្ឋដែល​​​រស់​​​នៅ​​​តំបន់​ជន​​​បទ​​​ ជា​​​ពិសេស​​​ក្រុម​​​គ្រួសារ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ដែល​​​ក្រីក្រ​​​ និង​​​ខ្វះ​​​ការ​​​អប់​​​រំ​​​ ងាយ​​​រង​​​គ្រោះ​​​ក្នុង​​​ការ​​​ចាញ់​​​បោក​​​ពី​​​សំណាក់​​​ជន​​​ខិល​​​ខូច​​​ណាស់​​​”៕សារុន​​​

The post ​បុរស​​​​ពីរនាក់​​បងប្អូនត្រូវ​​​តុលាការ​​​​​​ចោទ​​​ប្រកាន់ និង​​​ដោះ​​​លែង​​​វិញ ​បន្ទា​ប់ពី​ការ​ចាប់​ពង្រត់​ appeared first on ខេមបូឌា ដេលី.