ក្រុម​ចោរ​កាង​ស្រី១០​នាក់​ស្ទាក់​វាយ​ប្លន់​​​យកម៉ូតូ និង​ខ្សែ​.កពី​បុរស​ម្នាក់​​គេចខ្លួនបាត់

រាជ​ធានីភ្នំពេញ ​៖ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​១០នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ និង​ខ្សែ​.ក​ពី​បុរស​ម្នាក់បាន​សម្រេច​រួច​គេចខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង១ និង ៤០​នាទីរំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ​តុលា ​២០១៥ នៅ​ចំណុច​ផ្លូវរ​ទះ​ភ្លើង ទំនប់​ទួល​គោក តាម​បណ្តោយផ្លូវ​លេខ​៧០  ​​ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រង​គ្រោះ​ឈ្មោះ សុខ នុ​ច អាយុ២៣ឆ្នាំ មុខរបរ​ដឹក​ហ្គា​ស​ឱ្យ​គេ ស្នាក់​នៅ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿ​ង​ម៉ាកវិ​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1L-1070  បាន​និយាយ​ប្រាប់សមត្ថកិច្ច​ថា រូបគេ​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ជួបជុំ​មិត្ត​ភ​ក្តិនៅ​ម្តុំជ្រោយចង្វារ រួច​​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​ទំនប់​ទួល​គោក (៧០)  ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណ​:​មក​ដល់​ក្បែរ​​ផ្លូវ​រ​ទះ​ភ្លើង ស្រាប់តែ​មាន​ស្ត្រីលោត​មក​កាក់​ពីមុខ​ម៉ូតូ​របស់​គេ ដោយ​មិនដឹង​មូលហេតុ ។

​​ឃើញ​បែប​នេះ​រូបគេ​​បាន​ឈប់​ម៉ូតូ​សួរនាំថា​មានរឿង​អ្វី គ្រាន់​តែ​សួរ​មិន​ទាន់​ដឹង​អី​ផង ស្រាប់​តែ​​លេច​មុខ​​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​១០នាក់​​ដើរមក​ជិត​ខ្លួន​គេ (​ជន​រង​គ្រោះ​) ហើយ​ធ្វើសកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​ និង​ខ្សែ​​.កប្លា​​ទីន​ទម្ងន់ប្រាំ​ជីមួយ​ខ្សែទៅបាត់​ដោយ​សុវត្ថិភាព ​ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ប៉ូលិស​ភ្លាម​ៗទេ ដោយសារ​ជនរង​គ្រោះ​មាន​តែ​ម្នាក់ឯង ខ្លាច​ក្រុម​ជនសង្ស័យ​នោះ​មក​វិញ​ម្តងទៀត  រួច​គេ​ក៏​ចូល​ទៅ​ឱ្យ​អ្នក​រត់​​ម៉ូតូឌុប​ក្បែរ​នោះ​ជួយ​ហៅ​សមត្ថកិច្ច ជាង​១​ម៉ោង​ទើប​សមត្ថកិច្ច​មកដល់​កន្លែង​កើតហេតុ​សួរនាំ ហើយ​ក៏ទទួល​ជន​រង​គ្រោះ​យក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែដើម្បី​ធ្វើការ​ស្រាវជ្រាវ  ៕​