ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

 

 

កាល​បើ​អ្នក​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ ៣ មក​ដល់​វិទ្យាល័យ ១ ឧសភា នោះ​មាន​ន័យ​ថា អ្នក​កំពុង​ស្ថិត​នៅ​លើ​ទឹកដី​ នៃ​ខេត្តតាកែវ​ហើយ។ ហើយ​បើ​សិន​ជាអ្នក​ក្រឡេក​ភ្នែក​ថយ​ក្រោយ​ប្រមាណជា ៥០ ម៉ែត្រ អ្នក​ប្រាកដជា​ប្រទះ​ភ្នែកនឹង​ដុំ​ថ្មរាយ​​ប៉ាយ​ ពី​មុខ​រោង​មួយ​ខ្នង​ដែល​បាំង​ដែក​ជាជញ្ជាំង ។ ថ្ម​ទាំង​នោះ​មាន​ខ្លះ លេច​ចេញ​ជារូបរាង​ពិតប្រាកដ ឯខ្លះទៀត​គ្រាន់តែ​មាន​ទ្រង់ទ្រាយ​ជារូប​​ដែល​យើង​អាច​សម្គាល់​បាន​ថា ជា​រាង​របស់​ព្រះស្ថិ​ត​​​ក្នុង​ឥរិយាបថ​ពែនភ្នែន និង មានដុំថ្ម​មួយចំនួន​ទៀត​មិនទាន់ច្នៃ​នៅឡើយ។

 
ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

 

 

វុធ គឺជា ឈ្មោះ​របស់​ម្ចាស់​រោង និង ជាជាងចម្លាក់ ក្នុង​ភូមិតាលឿ ឃុំ​ឧត្តមសូរិយា  ស្រុកត្រាំកក់ ខេត្តតាកែវ ហើយ​វុធ​បាន​ប្រើពេល​ ១០ ឆ្នាំ ដើម្បី​ក្លាយ​ជា​ជាង​ចម្លាក់​ស្ទាត់​ជំនាញ។​ វុធ​បាន​ប្រាប់​ថា គាត់​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ចម្លាក់ ពីសកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្នុង​ឆ្នាំ ២០០៦ តែ​ដោយសារតែ​ក្នុង​សាលា​ភាគ​ច្រើន​រៀន​បានតែ​ទ្រឹស្តី និង​ ការ​អនុវត្ត​មិន​សូវ​មាន ក្រោយ​បញ្ចប់​បរិញ្ញាបត្រ គាត់​ក៏​សម្រេច​ចិត្ត​ចូល​រៀន​ជាមួយ​ជាង​ចម្លាក់​បន្ត​ទៀត ដើម្បី​បាន​អនុវត្ត​ឲ្យ​ថ្នឹក​ក្នុង​ការងារ​នេះ។ ដោយ​ចំណាយ​ពេល​ប្រមាណជា ៥ ឆ្នាំ​បន្ថែម​ទៀត ទើប​គាត់​អាច​ចេញ​មក​ប្រកប​អាជីវកម្មនេះ​ដោយទំនុកចិត្ត​បាន។ មកទល់​សព្វថ្ងៃនេះ វុធ​បាន​បើក​អាជីវកម្ម​ចម្លាក់នេះ​បាន​ ២ ឆ្នាំ ហើយ ហើយ​ឥឡូវគាត់​មាន​កូន​ជាង​ ដែល​មករៀន​ជាមួយ​គាត់ បីនាក់​ដែរ ដោយគិត​ឈ្នួល​បង្រៀន ១០០ ដុល្លារ ក្នុង ១ ខែ សម្រាប់​អ្នក​មិន​ចេះសោះ។ ម៉្យាង​វិញទៀត ក្នុង​ករណី​ដែល​អតិថិជន​គាត់ ប្រញាប់​ចង់​បាន​ឆាប់ ជាង​វុធ​ត្រូវ​ប្រញឹក​ដៃ​ធ្វើ​ជាង​ធម្មតា និង​ត្រូវ​ជួល​គេ​ថែមទៀត​ ដើម្បី​ឲ្យ​ទាន់​ពេល។ ភាគច្រើន​បដិមារ​ដែលធ្វើ គឺ មាន​អតិថិជន​មកកុម្មង់​មុន។

 

ជាង​ចម្លាក់​សម្តីតិច​រូបនេះ​បានបញ្ជាក់ថា គាត់​អាចឆ្លាក់​បាន​គ្រប់យ៉ាង​តាម​តម្រូវការ មិនថា ជាថ្ម ឈើ ខ្នាយ ភ្លុក ឬ បណ្តោង ។ គាត់​អាច​ឆ្លាក់​បាន​ជា​រូប​មនុស្ស សត្វ វត្ថុ បដិមារ​សម្រាប់​សក្ការៈ ក្នុង​សាសនា​ព្រះពុទ្ធ ចិន ឬ ឥស្លាមទេ និយាយ​ជារួម គឺឆ្លាក់​បាន​ទាំងអស់ លើកលែង​តែគ្រឿង​អលង្ការ​ជាដើម​ដែល​គាត់​មិន​ទទួលធ្វើ។

 

ថ្មទាំងអស់ គឺទិញគេ ដឹកតាំងពីបន្ទាយមានជ័យ គឺ​ពីស្រុកព្រះនេត្រព្រះ មកម៉្លេះ ឯតម្លៃ​ផ្សេងៗ​គ្នា​ទៅ​តាម​ទំហំតូច ឬធំ ខ្លះ។ វុទ្ធប្រាប់ថា បើរូបធំអាចចំណាយពេល​ជាង​មួយខែ តែ​បើរូបតូចល្មម អាច​ប្រើ​ពេលតែ​មួយអាទិត្យ។ មេជាងខាងលើ​បន្ថែមថា​ បដិមារ​ទាំងអស់ មិនមែន​គាត់​ឆ្លាក់តែម្នាក់ឯងទេ គឺ​មានការជួយ​ពីកូនជាង​របស់គាត់ដែរ ដើម្បី​ឲ្យ​កូនជាង​របស់ គាត់​ឆាប់​ស្ទាត់​ជំនាញដែរ តាម​រយៈការ​អនុវត្ត​ផ្ទាល់តែម្តង។ ជាងវុធ បានបន្ថែម៕

 
ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

 

ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

 

ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឡុច គីមសាយ