គ្រូបង្វឹកបឹងកេតថា ១០០% វឌ្ឍនាកា នឹង គ្រងតំណែងស្បែកជើងមាសរដូវកាលនេះ

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេត អង្គរបានលើកឡើងថា ស្បែកជើងមាស រដូវកាលថ្មីនៃពាន MCL-2015 នេះនឹងក្លាយជារបស់ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ព្រោះគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតគឺមានច្រើន លើសលប់សមល្មមឲ្យគេមានសង្ឃឹម ១០០% បើទោះបីការប្រកួតមិនទាន់បញ្ចប់ក៏ដោយ ។

គិតត្រឹមសប្ដាហ៍ទី២១ នៃការប្រកួតជុំទី២ កាលពីសប្ដាហ៍មុនកីឡាករលេងក្នុងក្រុមជម្រើសជាតិកម្ពុជា វឌ្ឍនាកា បាន ទម្លុះសំណាញ់ទីគូប្រកួតសរុបចំនួន ៣២គ្រាប់ហើយ បន្ទាប់រកបាន២គ្រាប់បន្ថែម ពេលជួយបឹងកេត ឈ្នះក្រុមវេស្ទើន ៥-២ កាលពីសប្ដាហ៍មុន ។ ចំពោះកីឡាករ ដែលមានគ្រាប់បាល់ច្រើនដេញតាមពីក្រោយ វឌ្ឍនាកា នោះគឺមាន កីឡាករ Dzarma Bata របស់ក្រុមស្វាយរៀង រកបាន២៦គ្រាប់ ប៉ុន្ដែឱកាសនៃការរកគ្រាប់បន្ថែមរបស់កីឡាករស្បែកខ្មៅរូបនេះនៅ សល់តែ១ប្រកួតទៀតប៉ុណ្ណោះ ដោយសារក្រុមស្វាយរៀង គ្មានឱកាសឡើងវគ្គ Play-Off ខណៈកីឡាករ Bisan George របស់ក្រុមភ្នំពេញក្រោន ទើបរកបាន២២គ្រាប់ប៉ុណ្ណោះ ។

ដោយមើលឃើញពីគម្លាតនៃកីឡាកររកគ្រាប់បាល់បានច្រើនជាងគេខុសគ្នាឆ្ងាយបែបនេះលោក ប្រាក់ សុវណ្ណារ៉ា បាន បញ្ជាក់ថា «វាមិនអាចនោះទេ ព្រោះការប្រកួតនៅសល់ មិនមែនកីឡាករណាម្នាក់ចេះតែរកគ្រាប់បាល់បានងាយៗនោះ ទេ ព្រោះក្រុមត្រូវការឈ្នះរៀងៗខ្លួន ។ ដូច្នេះខ្ញុំជឿជាក់ថា ឱកាសនៃគ្រងតំណែងស្បែកជើងមាស ឬពានរង្វាន់សម្រាប់ អ្នករកបានគ្រាប់បាល់ច្រើនជាងគេនោះគឺមានតែ វឌ្ឍនាកា ប៉ុណ្ណោះ ព្រោះលទ្ធផលជាក់ស្ដែងពេលនេះ មិនអាចមាន កីឡាករណាតាមទាន់ឡើយ» ។

គួរបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា គឺជាខ្សែប្រយុទ្ធមួយរូប ដែលរួមចំណែកជួយក្រុមបឹងកេតឲ្យឈរកំពូលតារាងនៃ លីកកំពូល រដូវកាលថ្មីនេះ ប៉ុន្ដែមួយរយៈពេលនេះ គេមិនសូវជាបានបង្ហាញវត្តមានពេញម៉ោងក្នុងការប្រកួតនោះទេ ដោយសារតែបញ្ហារបួស តែដោយសារសមត្ថភាព និងទេពកោសល្យ កីឡាករមកពីខេត្តកំពតរូបនេះ នៅតែមានឱកាស រកគ្រាប់បាល់ជារឿយៗ រហូតឈរកំពូលតារាងអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេទៀតផង ៕

គ្រូបង្វឹកបឹងកេតថា ១០០% វឌ្ឍនាកា នឹង គ្រងតំណែងស្បែកជើងមាសរដូវកាលនេះ