មាន​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ថិតក្នុង​ភាពក្រីក្រ​ស្រេកឃ្លាន​

​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​ជិត​៤០​ឆ្នាំ​កន្លងទៅនេះ មិនបាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន​ឆាប់រហ័ស​ដូច​ប្រទេសជិតខាង​និង​ប្រទេស​ក្នុង​តំបន់​ទេ ផ្ទុយទៅវិញ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ប្រទេស​ចិន​ជា​ម្ចាស់បំណុល​ធំ​បំផុត​។ បើតាម​របាយការណ៍​ស​ន្ទ​ស្សន៍​ភាព​ស្រេកឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​ចេញផ្សាយ​នៅ​ខែតុលា ឆ្នាំ​២០១៥​នេះ បាន​បង្ហាញថា​ប្រទេស​កម្ពុជា​ទទួលបាន​ពិន្ទុ​២២,៦​ដែល​ត្រូវ​នឹង​ចំណាត់ថ្នាក់​លេខ​រៀង​៦០​ក្នុងចំណោម​ប្រទេស​១១៧​។ ការដាក់​ពិន្ទុ​នេះ​បាន​បង្ហាញថា ភាព​ស្រេកឃ្លាន​នៅក្នុង​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​កម្រិតធ្ងន់​ធ្ង​រ​នៅឡើយ បើទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន អះអាង​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​យ៉ាងណាក៏ដោយ​។

នៅក្នុង​របាយការណ៍​ស​ន្ទ​ស្សន៍​ភាព​ស្រេកឃ្លាន​សកល​ឆ្នាំ​២០១៥ ឬ​ហៅថា Global Hunger Index ដែល​ចេញផ្សាយ​ថ្មីៗ​នេះ​ត្រូវបាន​សិក្សា​ដោយ​អង្គការ​អន្តរជាតិ​ចំនួន​៣ គឺ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ចំណីអាហារ​អន្តរជាតិ អង្គការ​Concern Worldwide និង​អង្គការ Welhungerhilfe​។ របាយការណ៍​បាន​សិក្សា​ទៅលើ​បញ្ហាសំខាន់​ចំនួន​៤​ដូចជា កង្វះ​អាហារូបត្ថម្ភ កង្វះ​ទម្ងន់​កុមារ កុមារ​ក្រិន និង​អាត្រា​មរណភាព​របស់​កុមារ បានបង្ហាញ​តារាង​ចំណាត់ថ្នាក់​ប្រទេស​ចំនួន​១១៧​ដែល​ក្នុងនោះ​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៦០ ដែលមាន​ពិន្ទុ​២២,៦​។ ស​ន្ទ​ស្សន៍​ភាព​ស្រេកឃ្លាន​សកល​ឆ្នាំ​២០១៥ បាន​បែងចែក​ចំណាត់ថ្នាក់​ប្រទេស​ជា​៥​ប្រភេទ គឺ​ប្រទេស​ដែលមាន​អាត្រា​ភាព​ស្រេកឃ្លាន​កម្រិត​ទាប កម្រិត​មធ្យម កម្រិត​ធ្ងន់ធ្ងរ កម្រិត​ប្រកាសអាសន្ន និង​កម្រិត​ប្រកាសអាសន្ន​ខ្លាំង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឲ្យ​ដឹងថា ស​ន្ទ​ស្សន៍​ភាព​ស្រេកឃ្លាន​សកល​បាន​ឆ្លុះបញ្ចាំង​នូវ​ការពិត​ចំពោះ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ បើទោះបី​មានការ​កាត់បន្ថយ​ភាពក្រីក្រ​ខ្លះ​យ៉ាងណាក៏ដោយ​។ ជាក់ស្ដែង​កំណើន​អ្នកសុំទាន​និង​ជនអនាថា​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​បាន​បង្ហាញថា ស្ថានភាព​នៃ​ភាព​ស្រេកឃ្លាន​ក្នុងប្រទេស​កម្ពុជា​នៅតែមាន​កម្រិត​ធ្ងន់ធ្ងរ​នៅឡើយ​។ មាន​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​៥០​ភាគរយ​បន្ត​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​ដូចជា ការជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​ដោយ​ពុំមាន​សំណង​សមរម្យ គម្រោង​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​និង​ជម្លោះដីធ្លី​ជាដើម​។ ជាងនេះទៅទៀត​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​មិនត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន បែងចែក​ប្រកបដោយ​តម្លាភាព​នោះទេ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្រីក្រ​មិនអាច​ងើបចេញផុត​ពី​ភាពក្រីក្រ ហើយ​អ្នកខ្លះ​ធ្លាក់ខ្លួន​បាត់បង់​ដីធ្លី​ទីជម្រក​យ៉ាង​អយុត្តិធម៌​៕

20140408_poor_200_200 20140621_Kmeng