មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ទើប​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ចងចាំ​ជា​រៀងរហូត ហើយ​នឹកឃើញ​ដល់​ស្នា​ព្រះ​ហ​ស្ថ​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គ្មាន​ថ្ងៃ​បំភ្លេចបាន​នោះទេ​។ ដោយសារ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​នោះ​ហើយ ទើប​កម្ពុ​ជាមាន​អ្វីៗ​ដូច​បច្ចុប្បន្ន ជាពិសេស​សន្តិភាព ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ធានា​នូវ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា ហើយ​បានបញ្ចប់​នូវ​រាល់​កិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បានធ្វើ​ជាមួយ​ប្រទេស​យួន​ផងដែរ​។

ដើម្បី​រំលឹក​ខួប​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង គ្រោង​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​ដើម្បី​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​។ ប្រភពពី​ជនរួមជាតិ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង បាន​ឲ្យ​ដឹងថា មាន​សមាជិកសមាគម​ចំនួន​ជិត​១០​បានគ្រោង​ធ្វើបាតុកម្ម ដើម្បី​រំលឹក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដ៏​មាន​សារៈសំខាន់​។ អ្នក​ត្រៀម​ចូលរួម​ធ្វើបាតុកម្ម​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សកម្មភាព​ចុងក្រោយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភសិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​កាន់តែ​អន់ថយ​។ តាម​គម្រោង​អ្នកចូលរួម​ធ្វើបាតុកម្ម​ប្រមាណ​៥០០​នាក់ នឹង​ជួបជុំគ្នា​ពេលព្រឹក​នៅ​វត្ត​ពោធិ​វង្ស ដើម្បី​រៀបចំ​បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី​ស្នេហា​ជាតិ​ដែល​បាន​លះបង់​អាយុជីវិត ដើម្បី​ទឹកដី​ជាតិ​មាតុភូមិ​។

​អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា បានកត់សម្គាល់​ថា​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មិនបាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះទេ ជាពិសេស​ទាក់ទង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​យួន​។ ជាក់ស្ដែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​យួន ដែល​អស់​សុពលភាព​តាមរយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៅហើយនោះ ត្រូវបាន​គេ​យកមកប្រើ​ប្រាស់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​បច្ចុប្បន្ន​។ ហេតុនេះហើយ​ទើប​ជនរួមជាតិ​ខ្មែរ​នៅ​ប្រទេស​បារាំង ត្រៀម​ធ្វើបាតុកម្ម​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រមទាំង​ថ្កោលទោស​របប​ដឹកនាំ​របស់លោក ហ៊ុន សែន និង​ប្រទេស​យួន ដែល​បាន​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យ៉ាង​គឃ្លើន​៕

116a81d9-0961-48a5-a4ae-f7431ebe5778600782_209851905806298_297284186_n