លោក អង្គ វង្សវឌ្ឍានា គួរ​ពិនិត្យ​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​តុលាការ​ខេត្តក្រចេះ ខ្លះ​ផង

​មន្ត្រី​តុលាការ​ខេត្តក្រចេះ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​បម្រើ​និង​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​យ៉ាង​គឃ្លើន បើទោះបី​ក្រុមហ៊ុន​យួន​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល យ៉ាង​កម្លៅ​ក៏ដោយ​។ ជាក់ស្ដែង​សកម្មជន​ដីធ្លី​ម្នា​ក់នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ត្រូវបាន​មន្ត្រី​តុលាការ​ខេត្តក្រចេះ កោះហៅ​ទៅ​សាកសួរ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ ដោយ​ចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឆបោក​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យមើល​ចំណាត់​ការមិន​ប្រក្រតី​របស់លោក ថា​ន់ ឃុ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ​ជាបន្ទាន់ កុំ​ឲ្យ​មន្ត្រី​តុលាការ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​សកម្មជន​ដីធ្លី​តំណាង​សហគមន៍​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ត្រូវ​តុលាការ​កោះហៅ​បាន​ឲ្យ​ដឹងថា លោក​ពុំមាន​ប្រព្រឹត្ត​អំពើ​ឆបោក​ដូច​ការចោទប្រកាន់​រប​ស់​ចៅក្រម​ស៊ើបសួរ​នោះទេ​។ លោក ឃី ឆាយ សកម្មជន​ដីធ្លី​អាយុ​៥៤​ឆ្នាំ បាន​រៀបរាប់ថា​អ្វីដែល​លោក​បានធ្វើ​នាពេល​កន្លងមក គឺ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​២​របស់​យួន រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ជាង​៧០០​ហិកតា​នៅក្នុង​ភូមិ​ស្រែ​ថ្មី​។ អ្នកភូមិ​ស្រែ​ថ្មី​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា លោក ឃី ឆាយ ធ្លាប់​ដឹកនាំ​អ្នកភូមិ​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​រហូតដល់​រដ្ឋាភិបាល ព្រម​កាត់​ដី​៧៥០​ហិកតា​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​វិញ កាលពី​ឆ្នាំ​២០១៤​។ អ្នកភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ដែលមាន​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​២​បាន​អះអាង​ដូចៗ​គ្នា​ថា លោក ឃី ឆាយ មិន​ធ្លាប់​ប្រព្រឹត្ត​អំពើ​ឆបោក​ណាមួយ​ឡើយ​។

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក អង្គ វង្សវឌ្ឍា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ថា​ន់ ឃុ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ ដែល​កំពុងតែ​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តក្រចេះ បាន​បញ្ជាក់ថា លោក ឃី ឆាយ សកម្មជន​ដីធ្លី​ដែល​តុលា​ការកោះហៅ​នោះ មិន​ធ្លាប់​ប្រព្រឹត្ត​អំពើ​ឆបោក​ដូច​ការចោទប្រកាន់​ទេ​។ ជាមួយគ្នានេះ​អង្គការសិទ្ធិមនុស្ស​បាន​បញ្ជូន​មេធាវី​ឲ្យ​ទៅ​ជួយ​ការពារ​ក្ដី​លោក ឃី ឆាយ នៅក្នុង​តុលាការ​ផងដែរ ដើម្បី​កុំ​ឲ្យ​គាត់​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​យ៉ាង​អយុត្តិធម៌​តទៅទៀត​៕

1223_Mr-Vongwathana_Sovannaraលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌