សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហាម​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បើ​មិន​ចុះ​ថែម​ទេ​កុំ​ឡើងថ្លៃ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ វេ​ស្ទើ​ន នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​បាន​បញ្ចប់​ការ​សិក្សា​ចំនួន​១.៧៦៨​នាក់ ឆ្នាំ​សិក្សា​២០១២-២០១៣ និង​ឆ្នាំ​សិក្សា​២០១៣-២០១៤ ​ថា សូម​ក្រុមហ៊ុន​លក់​ប្រេងសាំង​នានា​នៅ​កម្ពុជា បើ​បានជា​ចុះ​តម្លៃ​ហើយ​សូមកុំ​ឡើង​វិញ ចុះ​ត្រឹម​តម្លៃ​១០០​រៀល​នោះ ។ ប្រយ័ត្ន​ចុះ​ត្រឹម​១០០​រៀល ស្រាប់តែ​ឡើង​៣០០​រៀល​អត់​បាន​ទេ​ណា ។

ចំពោះ ​ករណី​នេះ មាន​អ្នក​ផ្តល់​ដំណឹង​ឱ្យ​ខ្ញុំ​តាម​គេហទំព័រ​ចូល​មក សូម​ប្រយ័ត្ន​ចុះ​១០០​រៀល​មុន​ភ្ជុំ​ឡើង​៣០០​រៀល​ក្រោយ​ភ្ជុំ​ណា កុំ​ណា សូម​ផ្តាំផ្ញើ​ទៅ​អ្នកលក់​សាំង​ទាំងឡាយ​អើយ ។ បើ​មិន​បាន​ចុះ​បន្ត​ទេ សូម​អាណិត​កុំ​ដំឡើង​ថ្លៃ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា មាន​ហេតុផល​ដែល​អាច​យោគយល់​នៅ​ត្រង់​ថា ពេល​ដែល​ប្រេង​ចុះថ្លៃ អ្នកលក់​ថា​គាត់​មិន​ទាន់​ចុះ​បាន​ទេ ព្រោះ​គាត់​បាន​ទិញ​យក​មក​ពី​មុន​មាន​តម្លៃ​ថ្លៃ ដូច្នេះ​គាត់​ស្តុក​ទុក​រក្សា​តម្លៃ​នេះ​មួយ​រយៈ ដល់​ទិញ​ប្រេង​ថ្មី​មក​ទើប​គាត់​ចុះ ។

ប៉ុន្តែ​រឿង​គួរ​ឱ្យ​អស់សំណើច ​គឺ​នៅ​ត្រង់​កន្លែង​ឮ​សូរ​ថា ប្រេង​ឡើងថ្លៃ​នៅ​ទីក្រុង​ឡុ​ង ញូ​វ​យ៉​ក​...​គាត់​ដំឡើង​ថ្លៃ​ភ្លាម​នៅ​ភ្នំពេញ ក្នុង​ពេល​ដែល​គាត់​មិន​ទាន់​បាន​នាំ​ប្រេង​ដែល​ឡើងថ្លៃ​នៅ​ទីក្រុង​ឡុ​ង ញូ​វ​យ៉​ក មួយ​តំណក់​មក​សោះ ។ ត្រង់​ហ្នឹង​ដែល​យល់​គ្នា​អត់​បាន ។

ទាក់ទិន ​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សម្តេច​នឹង​ជួប​ជាមួយ​អ្នកលក់​សាំង​ដោយ​ផ្ទាល់​តែ​ម្តង  ហើយ​ឱ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ធ្វើ​មេគុណ​ឱ្យ​ខ្ញុំ ដើម្បី​កំណត់​និយាយ​ជាមួយ​គ្នា​អំពី​បញ្ហា​ឡើងថ្លៃ ចុះថ្លៃ​នេះ​កុំឱ្យ​តាម​ស្រេច​តែ​នឹង​របស់​ខ្លួន​ពេក ។

យោគយល់​បាន​ ពេល​ដែល​ក្នុង​១​បារ៉ែល​៥៥​ដុល្លារ លុះដល់​គេ​ចុះ​មក​នៅ​៥០​ដុល្លារ ខ្លួន​មិន​ទាន់​ចុះ​បាន​ទេ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង ដោយសារ​តែ​ខ្លួន​ដឹក​៥៥​ដុល្លារ​នោះ​មក​ស្តុក ។ នេះ​យោគយល់​បាន ប៉ុន្តែ​រឿង​ដែល​យោគយល់​មិន​បាន​នៅ​ត្រង់​ដល់​ប្រេង​ឡើង​ដល់​៦០​ដុល្លារ គាត់​ដំឡើង​នៅ​ភ្នំពេញ​ភ្លាម ក្នុង​ពេល​ដែល​គាត់​អត់​ទាន់​បាន​នាំ​យក​មក​មួយ​តំណក់​សោះ ស្រាប់តែ​គាត់​ឡើង ដូច្នេះ​ខ្ញុំ​នឹង​ត្រូវ​ធ្វើការ​ផ្ទាល់​ហៅ​មេ​ធំ​ៗ​ទៅ​ជួប​...​។ ប៉ុន្តែ​ក្រុមហ៊ុន​ស្រុក​ខ្មែរ​រកស៊ី​ស្រួល​និយាយ​គ្នា​ជាង​ក្រុមហ៊ុន​មក​ពី ​ក្រៅប្រទេស គេ​សួរ​មេ​របស់​គេ​នៅ​ក្រៅប្រទេស ។

ដូច្នេះ ខ្ញុំ​ចង់ឱ្យ​កម្ពុជា​ខ្លួនឯង​ពង្រីក​សមត្ថភាព​អ្នក​រកស៊ី​ឱ្យ​កាន់តែ​ធំ​ ...​។ ប៉ុន្តែ​អ្នក​រកស៊ី​នេះ​ត្រូវ​គេ​គំរាម​បង្កើត​តុលាការ​កាត់ទោស​ក្រោយ​គេ​ ឈ្នះ​ទៀត ។ សង្គ្រាម​ផ្ទៃក្នុង​ផ្ទុះ ដាច់ខាត​ត្រូវ​តែ​ផ្ទះ ព្រោះ​អ្វី ?

ប៉ុល ពត ឆ្នាំ​១៩៧០-៧៥ ថា​នឹង​កាត់ទោស​លន់ ន​ល់, សិរី​មតៈ, ចេ​ង ហេង, អ៊ិ​ន តាំ, សុ​ស្តែ​ន,​ឡុ​ង បូ​រ៉េ​ត,​ហង្ស ធុន​ហាក់ ៧​នាក់ ដល់​រួច​ហើយ ប៉ុ​ល ពត កាត់ទោស​មួយ​ប្រទេស ។

ឥឡូវ​សារ​នយោបាយ​របស់​គេ បើ​គេ​ឈ្នះ គេ​នឹង​បង្កើត​តុល​ការ​កាត់ទោស​អ្នក​រកស៊ី​ខុសច្បាប់ ។ ដូច្នេះ​សំណួរ​ថា តើ​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​នឹង​ត្រូវ​បោះបង់​ចោល ច្បាប់​បច្ចុប្បន្ន​នឹង​ត្រូវ​បោះបង់​ចោល អ្វី​ៗ​ចោល​ទាំងអស់ បង្កើត​ឡើង​នូវ​តុលាការ​មួយ នូវ​ច្បាប់​ថ្មី​មួយ ។ ដើមចោទ​ជា​នរណា ?

ចុងចោទ​ងាយ​យល់​ទេ អ្នក​ណា​អ្នកមាន​គឺជា​ចុងចោទ​ទាំងអស់ ប៉ុន្តែ​ដើមចោទ​គេ​នឹង​ដើរ​ចង្អុល​ដូច​សម័យ ប៉ុ​ល ពត ចង្អុល​អ្នក​នេះ​ម្ចាស់​ដី​១០​ហិ​កតា នេះ​គ្រូបង្រៀន សាស្ត្រាចារ្យ ។ ដូច្នេះ​ហើយ សង្គ្រាម​នឹង​កើត ហើយ​កុំ​ថា​ខ្ញុំ​គំរាម ។ សំឡេង​រិះគន់​ថា ចុះ​ចាំបាច់​ដល់​ឈ្នះ ចុះ​ប្តឹង​ពី​ឥឡូវ​ទៅ​ថា​អ្នក​ណាខ្លះ?

រកស៊ី​ខុសច្បាប់​ប្តឹង​ទៅ​តុលាការ​ទៅ ម៉េច​ក៏​មិន​ប្ដឹង​ទៅ ហើយ​ចាំ​ដល់​ខ្លួន​ឈ្នះ​បាន​ខ្លួន​...​បើ​ដូច្នេះ រឿង​ប៉ុ​ល ពត មក​ដល់​ទៀត ។
សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ជឿ​ខ្ញុំ​ទៅ​នឹង​កើតសង្គ្រាម​សា​ជា​ថ្មី មិនមែន​បន្លាច​ទេ នឹង​កើត​មែន ៕