​គ្រូ​ Barca ថា​​​ Neymar មិន​មែន​ជា​​អ្នក​ដឹក​នាំ​​ដូច​ Messi ទេ

​គ្រូ​ Barca ថា​​​ Neymar មិន​មែន​ជា​​អ្នក​ដឹក​នាំ​​ដូច​ Messi ទេ

Luis Enrique អ្នកចាត់ការ​ក្រុម​ Barcelona ​​បាន​និយាយ​ថា Neymar នៅ​មិន​ទាន់​អាច​​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្រុម ​នៅ​តំបន់​ប្រយុទ្ធ​​ដូច​ Lionel Messi នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ចង់​ដាក់​សម្ពាធ ឬ​អម្រែក​ដ៏​ធ្ងន់ធ្ងរ​នេះ ដល់​កីឡាករ​វ័យ​​២៣​ឆ្នាំ​រូប​នេះ​ដែរ ក្នុង​​អំឡុង​ពេល​ដែល​​ Messi ​កំពុង​របួស​នេះ។

 

​គ្រូ​ Barca ថា​​​ Neymar មិន​មែន​ជា​​អ្នក​ដឹក​នាំ​​ដូច​ Messi ទេ

 

​​Barca នឹង​អាច​​អវត្តមាន​ Messi ​រហូត​ដល់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​តែ​យ៉ាង​ណា​អំឡុង​ពេល ដែល​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​​អវត្តមាន​នេះ Neymar បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​​ខ្លួន​ មិន​ឲ្យ​ចាញ់​មិត្ត​រួម​ក្រុម​ (Messi) ឡើយ ដោយ​​ស៊ុត​៤​គ្រាប់​ម្នាក់​ឯង កាល​អ្នក​មាន​បុណ្យ​ឈ្នះ​ Rayo Vallecano ​៥-២ នៅ​ Camp Nou ​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

បន្ទាប់​ពី​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar បង្ហាញ​ទម្រង់​លេង​ដល់​កំពូល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដូច​នេះ ធ្វើ​ឲ្យ​មាន​មតិ​ជា​ច្រើន​យល់​ថា តារា​​វ័យ​ក្មេង​រូប​នេះ នឹង​អាច​រ៉ាប់រង ដើរ​តួ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រុម​​បាន ​ដូច​​ជា​ Messi ដែរ ដែល​ជា​តួអង្គ​សំខាន់​ជួយ​ក្រុម ឲ្យ​ទទួល​ជ័យ​ជម្នះ។

 

​យ៉ាងណា អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ Enrique បាន​និយាយ​បដិសេធ​ការ​លើក​ឡើង​ខាង​លើ​នេះ​​ មុន​ពេល​ Barca ប៉ះ​ BATE Borisov ​ក្នុង​ការ​ប្រកួត​​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ E ​នៅ​យប់​នេះ​ថា៖ “យើង​ព្យាយាម ធ្វើ​ការ​ជា​ក្រុម​មួយ។ យើង​មាន​អ្នកដឹកនាំ​របស់​យើង​ហើយ​គឺ Lionel Messi។ យើង​មិន​អាច​ស្វែង​រក អ្នក​ដឹក​នាំ​ថ្មី​បាន​ទេ”។

 

​អ្នកចាត់ការ​ Enrique និង​ Neymar នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បេឡារូស​ជាមួយ​សមាជិក​ក្រុម​ Barca ជា​ច្រើន​នាក់​​ទៀត ដើម្បី​ប៉ះ​ BATE Borisov នៅ​ម៉ោង​០១:៤៥​រំលង​អាធ្រាត្រ​យប់​នេះ៕

 

-ចុចអាន៖ Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal