អគ្គស្នងការរង នគរបាលជាតិ បញ្ជាឲ្យបង្កើន តាមដាន បន្ថែមលើឱស ថក្លែងក្លាយ

ភ្នំពេញ៖ លោក ជា សុមេធី អគ្គស្នងការរង នគរបាលជាតិ បានបញ្ជាឲ្យកងកម្លាំង នគរបាលមានសមត្ថកិច្ច ត្រូវបង្កើនការ ចូលរួមសហការទប់ស្កាត់ ការឆ្លង ការរីករាលដាលនូវជំងឺគ្រុនចាញ់ និងបង្កើនតាមស្រាវជ្រាវបង្ការ បង្រ្កាប ដកហូតនូវឱសថ ព្យាបាលជំងឺគ្រុនចាញ់ក្លែងក្លាយ ឱសថអន់គុណភាព និងឱសថបណ្តាល ឲ្យជំងឺគ្រុន ចាញ់មានការស៊ាំថ្នាំ ដែលកំពុង ចរាចរណ៍ នៅលើទីផ្សារកម្ពុជា ។ នេះបើយោងតាមគេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ។

ក្នុងសិក្ខាសាលាការពង្រឹងការអនុវត្តច្បាប់ ដើម្បីស្រាវជ្រាវស៊ើបអង្កេតប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឱសថព្យាបាលជំងឺគ្រុនចាញ់ហាមឃាត់ នាព្រឹកថ្ងៃទី១៩ ខែតុលា លោក ជា សុមេធី ថ្លែងថា ជំងឺគ្រុនចាញ់ ប្រសិនបើប្រើឱសថក្លែងក្លាយ និងប្រើប្រាស់ឱសថព្យាបាលខុស វានឹងអាចធ្វើឲ្យអ្នកជំងឺស្លាប់ភា្លម ប៉ុន្តែអ្នកជំងឺ នេះគេអាចព្យាបាលជាសះស្បើយបាន ប្រសិនបើអ្នកជំងឺមានប្រុងប្រយ័ត្ន ពិគ្រោះជាមួយគូ្រពេទ្យ បានត្រឹមត្រឹមត្រូវ ។

លោក បានជំរុញឲ្យមានផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងតំបន់ ដែលកើតមានជំងឺគ្រុនចាញ់ គ្រុនចាញ់ស៊ាំថ្នាំ ឲ្យស្គាល់ពីឱសថពិត និងយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព គុណភាព សុវត្ថិភាព និងមានតំលៃ សមរម្យអាចទទួលយកបាន ។

កន្លងមកមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យប្រជាពលរដ្ឋត្រូវហ៊ានប្តឹងទៅអាជ្ញាធរមូលដ្ឋាន ចំពោះកន្លែងលក់ឱសថណាដែលហ៊ានចែកចាយឱសថក្លែងក្លាយ ឱសថស៊ាំថ្នាំជូនអ្នកជំងឺផងដែរ ៕