តារា​ចម្រៀង​កូន​ធម៌​ត្រកូល​អភិជន រំលឹក​រឿង​កម្សត់​អត់​បាយ​រហូត​​​ផឹក​ទឹក​ទុយោក្នុង​បង្គន់

តារា​ចម្រៀង​កូន​ធម៌​ត្រកូល​អភិជន រំលឹក​រឿង​កម្សត់​អត់​បាយ​រហូត​​​ផឹក​ទឹក​ទុយោក្នុង​បង្គន់

តារា​ចម្រៀង​ ជ័យ​ សុវ៉ាត ​ដែល​ទើប​ត្រូវ​គ្រួសារ​ត្រកូល​អភិជន​មួយទទួល​យក​ធ្វើ​ជា​កូន​ធម៌​នោះ បាន​​បើក​កកាយ​រឿង​រ៉ាវ​កម្សត់​ទម្រាំ​តែ​មាន​ភាព​ស្រណុក​សុខ​ស្រួល​ដូច​សព្វ​ថ្ងៃ​ លោក ត្រូវ​ជួប​ភាព​ខ្វះ​​ព្រឹក​ខ្វះ​ល្ងាច រហូត​ដល់​ទទួល​ទាន​ទឹក​ទុយោ​ក្នុង​បង្គន់​​ផង​ក៏​មាន។

 

“បង​ជីវិត​ខ្ញុំ​ ​បើ​និយាយ​ទៅ គឺ​ហួស​នឹង​ថ្លែង​​ទៅ​ទៀត ​​ធ្វើ​ការ​បណ្ដើរ​រៀន​បណ្ដើរ​ គ្មាន​អ្វី​ហូប​គ្រប់​គ្រាន់​ ពេល​ខ្លះ​ផឹក​ទឹក​បង្គន់​ក៏​មាន​ដែរ​បង”។ សុវ៉ាត ថ្លែង។

 

តារា​ចម្រៀង​កូន​ធម៌​ត្រកូល​អភិជន រំលឹក​រឿង​កម្សត់​អត់​បាយ​រហូត​​​ផឹក​ទឹក​ទុយោក្នុង​បង្គន់

 

ទាក់​ទង​នឹង​ការ​ផឹក​ទឹក​បង្គន់​នេះ​ សុវ៉ាត​ ទម្លាយ​ឲ្យ​ដឹង​ថា​ ដោយសារ​គ្មាន​លុយ​ទិញ​បាយ​ហូប គឺ​ត្រូវ​​ផឹក​ទឹក​ជំនួស​បាយ​ ហើយ​ទឹក​នោះ​ទៀត​សោត​មិន​មែន​ទឹក​ដាំ​ ឬ​ក៏​ទឹក​ទិញ​ទេ ​គឺ​ជា​ទឹក​នៅ​ក្នុង​បង្គន់​ ដែល​បើក​ចេញ​ពី​ក្បាល​រ៉ូប៊ីនេ​មក​។

 

ជា​រៀង​រាល់​ថ្ងៃ​ សុវ៉ាត​ ត្រូវ​ធាក់​កង់​កញ្ចាស់​មួយ​ទៅ​រៀន​នៅ​សាលា ស៊ី​សុវត្ថិ ​ពេល​នោះ​គ្មាន​លុយ​រៀន​គួរ​នឹង​គេ​ទេ សុវ៉ាត​ ត្រូវ​សុំ​លោក​គ្រូ​អ្នក​គ្រូ​រៀន​គួរ​ គ្រូ​ខ្លះ​ចិត្ត​ល្អ​គ្រូ​ខ្លះ​ចិត្ត​មិន​សូវ​បាន​ មិន​ឲ្យ​រៀន​ទេ។

 

“ហឹម…ខ្ញុំ​គ្មាន​លុយ​រៀន​គួរ​នឹង​គេ ខ្ញុំ​បាន​សំពះ​សុំ​គ្រូ​រៀន​ពួក​គាត់​ចិត្ត​ល្អ​ ប៉ុន្តែ​ក៏​មាន​គ្រូ​ចិត្ត​​អាក្រក់​ដែរ គាត់​បាន​និយាយ​​ដៀល​ខ្ញុំ​ថា​ បើ​គ្មាន​លុយ​មិន​បាច់​រៀន​ទេ ព្រោះ​រៀន​គួរ​គេ​ត្រូវ​ការ​លុយ​”។ សុវ៉ាត បន្ថែម។

 

តារា​ចម្រៀង​កូន​ធម៌​ត្រកូល​អភិជន រំលឹក​រឿង​កម្សត់​អត់​បាយ​រហូត​​​ផឹក​ទឹក​ទុយោក្នុង​បង្គន់

 

(ក្រុម​គ្រួសា​រ  ជ័យ សុវ៉ាត)

 

តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ មេហ្គា បន្ថែម​ទៀត​ថា ពេល​ដែល​គ្មាន​អ្វី​ញ៉ាំ ​មី​តែ​មួយ​កញ្ចប់​​លោក​ត្រូវ​ញ៉ាំ​ដើម្បី​បំពេញ​ក្រពះ​មួយ​ថ្ងៃ រហូត​មាន​ថ្ងៃ​ខ្លះ លុយ​មួយ​រយ​រៀល​ខ្មែរ​ក៏​គ្មាន​ដែរ។ កាល​ណោះ សុវ៉ាត បាន​ធ្វើ​ការ​ជា​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​មួយ​អស់​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ ដោយ​ទទួល​បាន​ប្រាក់​ខែ​​ ៨០$ ។ លោក​ថា ប្រាក់​ចំនួន​ប៉ុណ្ណេះ ​ត្រូវ​ចំណាយ​ថ្លៃ​ផ្ទះ​ជួល​អស់​៥០$ទៅ​ហើយ នៅ​សល់​តែ​ ៣០$ ​ប៉ុណ្ណោះ​សម្រាប់​ចាយ​​វាយ​ប្រ​ចាំ​ថ្ងៃពេញ​មួយ​ខែ។ ដោយ​សារ​តែ​បែប​នេះ​​ហើយ លោក​បង្ហើប​ថា ​ជួប​ការ​លំបាក​ជា​ច្រើន ហើយ​អ្វី​ដែល​​លោក​បាន​រៀបរាប់​ពី​ខាង​លើ​នេះ គឺ​ជា​ឧទាហរណ៍​ស្រាប់។

 

យ៉ាង​ណា​ក្រោយ​ផល​ពី​ការ​តស៊ូ បច្ចុប្បន្ន​ សុវ៉ាត បាន​ផ្លាស់​ប្ដូរ​ជោគវាសនា ខុស​ស្រលះ​ពី​មុន​ឆ្ងាយ​ណាស់​ តាំង​ពី​ជីវិត​គ្មាន​អ្វី​ញ៉ាំ ផឹក​ទឹក​ទុយោ​ក្នុង​បង្គន់ ជិះ​កង់​កញ្ចាស់ និង​ជា​កូន​កំព្រា មក​ជា​ជីវិត​ថ្មី​មួយ មាន​អ្វីៗ​សឹង​គ្រប់​បែប​យ៉ាង។ តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា ​លោក​ត្រូវ​បាន​គ្រួសារ​អភិជន​មួយ​ទទួល​យក​ធ្វើ​ជា​កូន​ធម៌ តែ​ឪពុក​ម្ដាយ​ធម៌​ស្រឡាញ់​ដូច​ៗ​គ្នា​នឹង​កូន​បង្កើត​។ អីចឹង​ហើយ លោក​ថា បច្ចុប្បន្ន​មាន​ភាព​កក់​ក្ដៅ​ច្រើន​ជាង​មុន មិន​លំបាក​ទៀត​ឡើយ។

 

“ ខ្ញុំ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ពុំ​បាន​ទេ ប៉ា​ម៉ាក់​បង​ប្អូន​ ពួកគាត់​គោរព​ស្រលាញ់​ខ្ញុំ​ណាស់ បើ​និយាយ​ទៅ​អាច​ថា ​គេ​មិន​ជឿ​ក៏​ថា​បាន​ ខ្ញុំ​រស់​នៅ​បាន​ក្តី​សុខ​ណាស់​មិន​ដែល​មាន​ជម្លោះ​អ្វី​ឡើយ​ ជីវិត​ខ្ញុំ​ពីមុន​ និង​ពេល​នេះ​វា​ខុស​គ្នា​ឆ្ងាយ​ណាស់ ខ្ញុំ​ពិត​ជា​អរគុណ​ពួកគាត់​ដែល​បាន​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដល់​ខ្ញុំ”៕

 

តារាម៉ូដែល យ៉ាន់ ស្រីពេជ្យ ទទួល​បរិញ្ញា​បត្រ​ម្សិលមិញ

ឡា ចេញ​ពី​ផលិតកម្ម Big Man បច្ចុប្បន្ន​ចូល Diamond Music

អត្ថបទ៖ ថា​ ម៉ាលីដា