មេហ្គា ស្ទូឌីយោ មាន​ឆន្ទៈ​លើក​ស្ទួយ​សីលធម៌​សង្គម


មេហ្គា ស្ទូឌីយោ មាន​ឆន្ទៈ​លើក​ស្ទួយ​សីលធម៌​សង្គម

តំណាង​ផលិតកម្ម មេហ្គា ស្ទួឌីយោ បាន​បង្ហាញ​​ឆន្ទៈ​លើក​ស្ទួយ​សីលធម៌​សង្គម​តាម​រយៈ​សារ​អប់រំ​ក្នុង​បទ​ចម្រៀង​នីមួយៗ និង ​ចូលរួម​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ទទួល​ស្គាល់​សមត្ថភាព​សិល្បករ​ខ្មែរ។

 

មេហ្គា ស្ទូឌីយោ មាន​ឆន្ទៈ​លើក​ស្ទួយ​សីលធម៌​សង្គម

 

 

លោក ដា សក្កដា ប្រធាន​គ្រប់គ្រង​សិល្បករ​បាន​បន្ត​ថា៖” យើង​បង្កើត​ភាព​ប្លែក​ភ្នែក​នៅ​ក្នុង​សិល្បៈ និង​ ការ​អប់រំ សូម្បី​ឈុត​បង្ហាញ​ពី​ការ​រស់​នៅ​លើ​គ្រែ​ជាមួយ​គ្នា​ក៏​គ្មាន​ដែរ​ក្នុង MV របស់​ពួក​ខ្ញុំ”។ លោក​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ផលិតកម្ម​ទើប​ផលិត​ចម្រៀង​ចំនួន ៣ អាល់ប៊ុម​ប៉ុណ្ណោះ ដោយ​ទទួល​បាន​ការ​គាំទ្រ​គួរ​កត់​សម្គាល់​តាម​រយៈ​សាច់​ភ្លេង​ថ្មី​នៃ​បទ​ចម្រៀង​នានា​ដូច​ជា​បទ” Forever Alone” ជា​ដើម។

 

ទោះ​បី​ជា​យ៉ាង​ណា ឆាប់ៗ​ខាង​មុខ ផលិតកម្ម ក៏​នឹង​ចេញ​លក់​ជា MV លើក​ដំបូង ដើម្បី​បង្ហាញ​ពី​ការ​ពិត​ថា ឈុត​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​សុទ្ធសឹងតែ​បង្ហាញ​ពី​ការ​អប់រំ​ដល់​យុវវ័យ និង​ ការ​គិតគូរ​ពី​សីលធម៌​សង្គម។

 

លោក​ឱ្យ​ដឹង​ទៀត​ថា ផលិតកម្ម​តែង​ផ្ដល់​ឱកាស​សម្រាប់​តារា​ស្រករ​ក្រោយ ដែល​មាន​សមត្ថភាព​ហើយ​ត្រូវ​បាន​គេ​មើល​រំលង ព្រោះ​គ្មាន​ទំនាក់ទំនង​ជាមួយ​ផលិតកម្ម​នានា។ បច្ចុប្បន្ន លោក​កំពុង​ជ្រើសរើស​តារា​ចម្រៀង និង ​តារា​សម្ដែង​បន្ថែម​ទៀត​សម្រាប់​ដំណើរ​ការ​ផលិត​បទ​ចម្រៀង និង​ ផលិត​កុន​ជា​ដើម ក្នុង​ពេល​ឆាប់ៗ​នេះ។ សក្កដា អះអាង​ថា ទោះ​បី​ជា​ផលិតកម្ម មេហ្គា ស្ទូឌីយោ ទើប​បង្កើត​ឡើង​ពិត​មែន ប៉ុន្តែ ​ធនធាន​មនុស្ស​ជា​អ្នក​មាន​សមត្ថភាព។

 

អ្នក​គ្រប់​គ្រង​អ្នក​សិល្បៈ​វ័យ​ក្មេង​ខាង​លើ​សង្ឃឹម​ថា តារា​ចេញ​ពី​ផលិតកម្ម​មួយ​នេះ អាច​ក្លាយ​ជា​អ្នក​ចូលរួម​ចំណែក​លើក​ស្ទួយ​សីលធម៌​សង្គម លើក​ស្ទួយ​វិស័យ​សិល្បៈ និង​បង្កើន​សមត្ថភាព​របស់​ពួក​គេ ធ្វើ​យ៉ាង​ណា​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់ ធ្វើ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​សិល្បៈ​ខ្មែរ៕

 

 

អាន​អត្ថបទ៖  តារា​ចម្រៀង​កូន​ធម៌​ត្រកូល​អភិជន រំលឹក​រឿង​កម្សត់​អត់​បាយ​រហូត​​​ផឹក​ទឹក​ទុយោក្នុង​បង្គន់
អាន​អត្ថបទ៖  ថន លក្ខិណា រំពឹង​រឿង​ថ្មី ព្រោះ​នេះ​ ជា​លើក​ដំបូង​ក្នុង​ជីវិត​

 

 

 

 

 

អត្ថបទ៖ សំ ជំនាញ
រូប​ថត៖ ផ្ដល់​ឱ្យ