NASA បង្ហាញរូបភាព ច្បាស់បំផុត នៃព្រះច័ន្ទ អ៊ិនសែឡាដឺស របស់ភពសៅរ៍

វិទ្យាសាស្រ្ត៖ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារអវកាសណាសា បានបង្ហាញរូប ដ៏ច្បាស់បំផុត មួយនៃភាគខាង ជើងព្រះច័ន្ទអ៊ិនសែឡាដឹស របស់ភពសៅរ៍។ រូបភាពដ៏ភ្លឺច្បាស់នេះ ត្រូវបាន ទទួលពីយានរុករក Cassini របស់ ភ្នាក់ងារអវកាសណាសា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៥ ដែលស្ថិតនៅរយៈចំងាយ ៦.០០០ គីឡួម៉ែត្រពី ព្រះច័ន្ទទឹកកកមួយនេះ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្ម Cassini បានធ្វើការរំពឹងទុកថា តំបន់ប៉ូល ភាគខាងជើងនៃ ព្រះច័ន្ទទឹកកក អេនសែឡាដឹស មាននូវរណ្តៅដ៏ធំមួយ។ នេះបើយោងតាម ការអង្កេតយ៉ាងល្អិតល្អន់របស់ពួកគេ ទៅលើរូបភាព ដែលទទួលបានបែបនោះ។

មិនត្រឹមតែប៉ុណ្ណោះ ប៉ូលភាគខាងជើងរបស់ព្រះច័ន្ទនេះផងដែរ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត ប្រទះឃើញមាន ស្នាមប្រេះ នៅក្នុងរណ្តៅនោះផងដែរ ក៏ប៉ុន្តែវាគ្រាន់តែជាស្នាមប្រេះ ដ៏តូច មួយប៉ុណ្ណោះ។ ដោយឡែក កាលពី ខែមិនា ឆ្នាំ ២០១៥ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្ម Cassini បានប្រកាសថា ពូកគេបានរកឃើញសកម្មភាពនៃផ្ទៃ ទឹកសមុទ្រដោយនៅ ខាងក្រោម ព្រះច័ន្ទនោះ ទើបវាត្រូវបានគេដឹងថា មានលាក់មហាសមុទ្រដ៏ធំមួយ។

គួរបញ្ជាក់ដែរថា បេសកកម្ម Cassini របស់ភ្នាក់ងារអវកាសណាសា នឹងត្រូវធ្វើដំណើរ ទៅជិត ផ្ទៃព្រះច័ន្ទ អ៊ិនសែឡាដឹស របស់ភពសៅរ៍ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៥ ឆាប់ៗ ខាងមុខនេះ។ នៅពេលនោះ យានរុករក នឹងអាច ធ្វើការវាស់ស្ទង់អំពីកំរិតកំដៅនៃព្រះច័ន្ទទឹកកក ព្រមទាំង នឹងធ្វើដំណើរជុំវិញទីនោះ នៅក្នុងរយៈចំងាយ ៤.៩៩៩ គីឡូម៉ែត្រ៕

NASA បង្ហាញរូបភាព ច្បាស់បំផុត នៃព្រះច័ន្ទ អ៊ិនសែឡាដឺស របស់ភពសៅរ៍