បទល្មើស​ប្លន់​និង​ក្រុមចោរឆក់​ធ្វើ​សកម្មភាព​កាន់តែខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ​

​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះទេ​។ ជាក់ស្ដែង​អំពើ​ប្លន់​ប្រដាប់អាវុធ​និង​ករណី​វាយ​ប្លន់​យក​ម៉ូតូ ព្រមទាំង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ពី​ជនរងគ្រោះ បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​។ បើ​និយាយ​ពី​ក្រុមចោរឆក់​វិញ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដងផ្លូវ ព្រោះ​សមត្ថកិច្ច​បង្ក្រាបបាន​តិចតួច​បំផុត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​សន្តិសុខ​សង្គម​។

កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅនេះ មាន​ករណី​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ដល់​ទៅ​២​លើក ហើយ​ក្រុមចោរ​អាច​គេចខ្លួន​ដោយ​សុវត្ថិ​ភាពមិន​រំខាន​ដល់​សេចក្ដីសុខ​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ឡើយ​។ ករណី​ទី​១​ក្រុមចោរ​បាន​ភ្ជង់​កាំភ្លើង​ប្លន់​យក​ម៉ូតូ​ម៉ាក​Nex១​គ្រឿង​ពី​ជនរងគ្រោះ នៅតាម​ផ្លូវ​៣៧១​ស្ថិតនៅ​ក្នុងភូមិ​ដង្កោ សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្រុមចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង និង​ប្រើប្រាស់​កាំភ្លើងខ្លី​១​ដើម​។ ករណី​ទី​២​ក្រុមចោរ​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាកវីវ៉ា​១​គ្រឿង និង​ខ្សែក​ប្លា​ទីន​១​ខ្សែ​ទម្ងន់​៥​ជី លើផ្លូវ​លេខ​៧០ សង្កាត់​ទួ​រស​ង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​។ ក្នុងករណី​ទី​២ គឺ​ក្រុមចោរ​មាន​គ្នា​ប្រមាណ​១០​នាក់​ប្រដាប់​ដោយ​ដាវ​និង​ដំបង វាយ​ប្លន់​ជនរងគ្រោះ​ដែល​កំពុង​ឈប់​ម៉ូតូ​បត់ជើងតូច​។

ក្រៅពី​អំពើ​ប្លន់​ប្រដាប់អាវុធ​និង​សកម្មភាព​វាយ​ប្លន់​ក៏ដូចជា ក្រុមចោរឆក់​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ គឺ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូចជា គ្រឿងញៀន ល្បែងស៊ីសង និង​អំពើ​ឃាតកម្ម ជាដើម​។ សូម្បីតែ​មន្ត្រីនគរបាល​នៅក្នុង​ខណ្ឌដង្កោ ក៏ត្រូវ​ក្រុម​ជនសង្ស័យ​សម្លាប់​កាត់​ក្បាល​យ៉ាង​សាហាវព្រៃផ្សៃ​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​។ ដូច្នេះ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ពិនិត្យឡើងវិញ​ចំពោះ​ភាព​អសកម្ម​របស់លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធាន​ភ្នំពេញ និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។ ដោយហេតុថា លោក ជួន សុវណ្ណ និង​លោក ប៉ា សុជាតិ​វង្ស មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហើយ​យប់​ខ្លះ​មាន​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​៣​ទៅ​៤​ករណី ដោយ​មិន​រំខាន​ដំណេក​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ឡើយ​៕

chanroth-Sep-207លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ SR-133 SR-132 SR-131