GMAC អំពាវនាវ ឱ្យផ្តោតលើការលើក កំពស់ផលិត ភាពការងារ

ភ្នំពេញ ៖ សមាគមរោង ចក្រកាត់ដេរ នៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវ ឲ្យមានការផ្តោតជាថ្មី លើការលើកកំពស់ផលិតភាពការងារ ក្រោយការចរចាប្រាក់ឈ្នួលអប្បបរមាបានបញ្ចប់ក្នុងខែនេះ ព្រមទាំង គាំទ្រចំពោះការអំពាវនាវ ឲ្យអ្នកបញ្ជាទិញផលិតផល សម្លៀកបំពាក់ប្រើប្រាស់វិធីសាស្រ្ត បញ្ជាទិញដែលមាន និរន្តរភាពជាងមុន ។

ជាលទ្ធផលនៃការចរចាឆ្នាំនេះ ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ត្រូវបានដំឡើងដល់ ១៤០ដុល្លារក្នុងមួយខែ ។ អ្នកជំនាញក្នុងវិស័យកាត់ដេរនិយាយថា ដូច្នេះ ឥឡូវនេះចាំ បាច់ត្រូវផ្តោតលើការបង្កើនផលិតភាពការងារជារួម។ យោងតាមអង្គការអន្តរជាតិខាងការងារ (ILO) ផលិតភាព ការងារក្នុងវិស័យកាត់ដេរកម្ពុជាក្នុងរយ:ពេលបីឆ្នាំចុងក្រោយនេះបាននិងកំពុងធ្លាក់ចុះ។

លោក ខេន លូ (Ken Loo) អគ្គលេខាធិការរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា “ប្រាក់ ឈ្នួលគឺជាចំណាយប្រតិបត្តិការដ៏ធំមួយសម្រាប់រោងចក្រ។ ឥឡូវនេះ យើងត្រូវមើលថាភាគីទាំងអស់ ទាំងអ្នក បញ្ជាទិញដែលផ្តោតលើការបង្កើនផលិតភាពការងារដើម្បីជួយទប់ទល់នឹងចំណាយដែលកើនឡើង ទើបអាច រក្សារោងចក្រឲ្យបន្តទៅមុខបាន” ។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ ក្រោយការចរចាបានបញ្ចប់ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានទទួលស្គាល់ផងដែរ ពីសារៈសំខាន់នៃការជំរុញ លើកកំពស់ផលិតភាព និងបានអំពាវនាវ ឲ្យអ្នកបញ្ជា ទិញសម្លៀកបំពាក់ ផ្លាស់ប្តូរទម្លាប់បញ្ជាទិញរបស់ពួកគេ គឺការដែលចង់បានតែតំលៃថោក។

អង្គការអន្តរជាតិខាងការងារបាន និងកំពុង ជំរុញឲ្យអ្នកបញ្ជាទិញផ្តល់តម្លៃ ឲ្យបានខ្ពស់បន្តិចទៀត ដល់រោងចក្រ ដែលជាអ្នកផលិតផ្គត់ផ្គង់ ដើម្បីជួយឲ្យពួកគេអាចទប់ទល់នឹងចំណាយប្រតិបត្តិការដែលចេះតែកើនឡើង ជាពិសេសគឺប្រាក់ឈ្នួល។ ក្រោយការចរចាប្រាក់ឈ្នួលនៅក្នុងឆ្នាំ ២០១៤ អ្នកសេដ្ឋកិច្ចរបស់អង្គការ អន្តរជាតិ ខាងការងារ បានប៉ាន់ស្មានថា បើអ្នកបញ្ជាទិញបង្កើនតម្លៃទិញ តែ៣ភាគរយ នោះវានឹងអាចជួយ ចំពោះការកើន ឡើងប្រាក់ឈ្នួល និងជួយរក្សាឧស្សាហកម្មនេះមាននិរន្តរភាព ។

ទាក់ទងទៅនឹងការចរចា ប្រាក់ឈ្នួលនៅក្នុងឆ្នាំនេះ ទាំងសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរ និងអង្គការអន្តរជាតិខាងការងារ បានអបអរសាទរចំពោះការប្រើប្រាស់វិធីសាស្រ្តវិភាគទិន្នន័យ ដើម្បីជាលក្ខណៈ វិនិច្ឆ័យ នៅក្នុងការកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមា ហើយបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ប្រើប្រាស់ទិន្ន ន័យបច្ចេកទេសឲ្យបានកាន់តែច្រើននៅក្នុងការចរចានាពេលអនាគត ។

លោក ខេន លូ បានបន្ថែមទៀតថា “វាជាការចាំបាច់ ដែលយើងប្រើប្រាស់វិធីសាស្រ្តបែបវិទ្យាសាស្រ្ត ក្នុងការ កំណត់កំរិតប្រាក់ឈ្នួល តាមរបៀបដែលយុត្តិធម៌ និងមាននិរន្តរភាព ។ យើងរីករាយ ដោយភាគីជាច្រើន បានអនុវត្តតាមយន្តការជាធរមាន ដែលធានាបាននូវការពិភាក្សាក្នុងលក្ខណៈស្ថាបនាមួយ” ។

ប៉ុន្តែ លោក ខេន លូ ក៏បានសម្តែងការសោកស្តាយផងដែរ ដែលសហជីពចំនួនបួន មិនបានធ្វើការចរចា ដោយភាពស្មោះត្រង់ និងបានរំលោភលើវិធាន និងនីតិវិធីផ្ទៃក្នុងរបស់ក្រុមការងារបច្ចេកទេសត្រីភាគី នៅពេល ដែលពួកគេបោះបង់ការចរចានៅ មុនពេលបោះឆ្នោតជាសម្ងាត់ ដែលជាការបំពានលើកិច្ច ព្រមព្រៀងមួយ ដែលបានធ្វើឡើងមួយសប្តាហ៍មុនថ្ងៃចរចា ៕