លោក កឹម សុខា ៖ CNRP ឈ្នះឆ្នោត កម្ពុជាគ្មានសង្រ្គាម កើតឡើងទេ

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងថា នៅពេលដែលគណបក្ស របស់លោកឈ្នះឆ្នោតនៅអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ ពិតជាគ្មានសង្រ្គាមកើតឡើងនោះទេ ។ ការចេញមកអះអាង របស់លោកនេះ បានធ្វើឡើងប៉ុន្មានម៉ោង ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងនៅក្នុងឱកាស ចុះចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាវេស្ទើន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៥ថា នៅពេលគណបក្សជំទាស់មួយនេះ ឡើងកាន់អំណាច ពិតជាមានសង្គ្រាមកើតឡើងជាមិនខាន ។

លោក កឹម សុខា បានបញ្ចេញទស្សនៈ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា “សង្គ្រាម ជាទូទៅ អាច កើតមានដោយសារ ការយកគ្នាជាសត្រូវ ។ ដូច្នេះ គណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស កម្ពុជាគ្មាន សង្គ្រាមទេ ព្រោះគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ មិនយកខ្មែរណាធ្វើជាសត្រូវ” ។ លោកបានលើកឡើងទៀតថា ភាពអយុត្តិធម៌ នាំមកនូវការឈឺចាប់ នាំមកនូវអស្ថិរភាពសង្គម ដែលជាដើមចម នាំ ឲ្យមានអំណាចផ្តាច់ការ ។ ដូច្នេះ គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹងកែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ្យ ដើម្បី នាំមកនូវ នីតិរដ្ឋ យុត្តិធម៌សង្គម ស្ថិរភាព និងសន្តិភាព គឺកម្ពុជាគ្មានសង្គ្រាមផ្ទៃក្នុងឡើយ ។ សង្រ្គាមកើតឡើង នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ត្រូវបានសម្តេចបានលើកឡើងថា ដោយសារតែមេ បក្សប្រឆាំងមួយនេះ មិនអាចរក្សាសន្យាបាន ។ ដែលសន្យាថា ពេលឡើងកាន់តំណែងនឹងមិនដកតួនាទីមន្រ្តី អភិបាលខេត្ត ប៉ូលិស ប៉េអឹម ចេញ តែពិតជាធ្វើឲ្យមន្រ្តីរបស់ខ្លួន ដែលតាមបម្រើអស់រយៈពេលជាច្រើនឆ្នាំ មិន មានតួនាទីទៅវិញ ៕

លោក កឹម សុខា ៖ CNRP ឈ្នះឆ្នោត កម្ពុជាគ្មានសង្រ្គាម កើតឡើងទេ