លោក គៀត ច័ន្ទថារិទ្ធ ប្រតិកម្មសំដីលោក យឹម សុវណ្ណ ដែលថាការដំឡើង ឋានន្តរសក្តិ នាយនគរបាល ជារឿងបក្សពួកនិយម

ភ្នំពេញ៖ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការ នគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានបញ្ចេញប្រតិកម្ម យ៉ាងខ្លាំង ទៅនឹងការលើកឡើង របស់លោក យឹម សុវណ្ណ ដែលនិយាយថាការដំឡើង ឋានន្តរសក្តិ ស្នងការ នគរបាល ជារឿងបក្ខពួក និង បញ្ហាសន្តិសុខ កើតមានច្រើនៅទូទាំង ប្រទេសនោះ គឺជាសម្តីមិនត្រឹមត្រូវ និងធ្វើឲ្យ បាក់ទឹកចិត្ត កងកម្លាំងនគរបាល។

 លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា “ការលើកឡើងរបស់លោក យឹម សុវណ្ណ អ្នកនាំ ពាក្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្តីថាការដំឡើង ឋានន្តរសក្តិ ស្នងការ នគរបាលខេត្តមួយ ចំនួននាពេលថ្មីៗនេះធ្វើឡើងតាមរបៀប បក្ខពួកនិយមនោះ គឺការនិយាយ មិនមានហេតុផល និងមានចេតនា ដើម្បីយកចំណេញផលប្រយោជន៍ នយោបាយរឿងណាមួយ ដោយគ្មានថ្លឹងថ្លែង អំពីវិជ្ជាជីវៈ របស់ កងកម្លាំងនគរបាល”។ នេះបើយោងតាមចុះផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៥។

លោក គៀត ច័ន្ទថារិទ្ធ បានបន្តថា នគរបាល មានលក្ខខណ្ឌដោយឡែករបស់ខ្លួន គឺជាបង្អែកសំរាប់អនុវត្តន៏ ហើយ មានបទបញ្ជាផ្ទៃក្នុង អ្នកមានស្នាដៃ មានការបំពេញភារកិច្ច គឺមានការពិនិត្យមុននឹងដំឡើង ឋារន្តស័ក្ក ។

មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា សូមអ្នកនយោបាយ ប្រើពាក្យពេចន៍ ឲ្យបានច្បាស់លាស់ រីឯការដែលនិយាយថា បទល្មើសផ្សេងៗដូចជាករណីលួច ប្លន់ ហិង្សា និងគ្រឿងញៀននៅតែកើតមានឡើងគ្រប់ទីកន្លែង ទូទាំងប្រទេស កម្ពុជាជាការនិយាយគ្មានការពិត គ្មានការទទួលខុសត្រូវ និង ជាការនិយាយបែបនយោបាយ ដែលមិនស្រប នឹងស្ថាការណ៍ជាក់ស្តែង ។

 គួរបញ្ជាក់ថា ៩ខែ ឆ្នាំ២០១៥ នេះបទល្មើសមានការថយចុះ ៥% គឺ៩ខែនេះ បទល្មើសជារួម២០២៦លើក ហើយ ៩ខែ ឆ្នាំទៅ មាន២១៣០លើក ដូច្នេះបទល្មើសថយចុះច្រើនណាស់ ហើយលទ្ធផលបង្ក្រាប៩ខែគឺបង្ក្រាបបាន រហូតដល់ទៅ៧៨,២៣%នៃរឿងរ៉ាវដែលកើតឡើង គឺបង្ក្រាបបាន១៥៨៥លើក ហើយឃាត់ខ្លួន២២៤២នាក់ ៕