១០ មន្ត​ស្នេហ៍​លេចធ្លោ​

Sanofi

មិន​ថា​ចំពោះ​សង្គម​ការងារ​ជំនួញ ឬ​ទំនាក់ទំនង​ស្នេហា​នោះទេ ទាមទារ​ការចូល​សង្គម និង ប្រាស្រ័យទាក់ទង​គ្នា​ទៅវិញទៅមក​ដោយ​ចៀស​ពុំរួច។ក្នុង​ហេតុផល​នេះ​មនុស្ស​គ្រប់រូប​ត្រូវ​រក្សា​ឥរិយាបថនិងអាកប្បកិរិយា​សមសួន បត់បែន​ទៅតាម​កាលៈទេសៈ ដើម្បី​រក្សា​ភាពចុះ​សម្រុង និង ពង្រីក​បណ្តាញ​ក៏ដូចជា​ទំនាក់ទំនង​ការងារ​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ ។ ទាំងអស់នេះ​សុទ្ធសឹងតែ​បាន​ពី​ការរៀនសូត្រ​ពី​សង្គម​ជុំវិញ បរិស្ថាន​ការងារ និង ការ​ទម្លាប់ខ្លួន​បន្តិច​ម្តងៗ​ទើប​អាច​ឈានដល់​ជោគជ័យ​ក្នុង​ជីវិត ។ ខាងក្រោម​គឺជា​បទពិសោធ​សម្រង់​ពី​អ្នក​ជោគជ័យ​ភាគច្រើន​ដែល​អ្នក​គួរ​សាកល្បង និង យក​គំរូ​តាម ។​

១ – ប្រាស្រ័យ​ទាក់ទង​ដោយ​ភាព​រីករាយ ៖ ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ភាគី​ម្ខាង​មិនចាំបាច់​ត្រូវ​ស្របតាម​ភាគី​ម្ខាង​ទៀត​ទាំងស្រុង​ទើប​ចាត់ទុកជា​ការគោរពរ​វាង​គ្នា​នឹង​គ្នា​នោះទេ ។ ជាទូទៅ​ដៃគូ​សន្ទនា​ចេះ​ត្រឹម​សម្លឹង​ភ្នែក បញ្ចេញ​ស្នាមញញឹម​ងក់ក្បាល​តិចៗ និង ប្រើ​កាយវិការ ឬ​ពាក្យសម្តី​ដែល​បញ្ជាក់ថា​អ្នក​យកចិត្តទុកដាក់​ស្តាប់ នោះ​គឺ​គ្រប់គ្រាន់​អាច​ស្តែង​ចេញពី​ការគោរព និង មាន​ទំនាក់ទំនង​ល្អ​ហើយ ។​


២ – ទទួលស្គាល់​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង ៖ ពុំមាន​នរណាម្នាក់​ល្អ​គ្រប់​ដប់​នោះទេ ដូចគ្នា​ដែរ​ការងារ និង ជោគជ័យ​ក្នុង​ជីវិត​ក៏​មិនមែន​អាច​សម្រេចបាន​តាម​បំណង​គ្រប់យ៉ាង​ដែរ ។ ដូចនេះ​យើង​ត្រូវ​ចេះ​ទទួលស្គាល់​ចំណុចខ្សោយ​របស់ខ្លួន​ឯង​ដើម្បី​សិក្សា និង អភិវឌ្ឍ​ខ្លួន​បន្តទៀត ។ ក្នុងការ​សន្ទនា​ក៏​ដូចគ្នា ប្រសិនបើ​ដៃគូ​ប្រាប់​ពីបទ​ពិសោធ​ជោគជ័យ ដៃគូ​ម្ខាង​ទៀត​គួរប្រើ​ពាក្យ​សរសើរ និង រៀន​ពី​ភាពជោគជ័យ​របស់គេ ដោយ​មិនត្រូវ​បង្អួត​ផ្ចាញ់ផ្ចាល​គ្នា​ទេ ហើយ​គួរ​ប្តូរ​បរិយាកាស​មកជា​កា​រ​ផ្តោះ​ប្តូរ និង ចែករំលែក​បទពិសោធ​ទៅវិញទៅមក ។


៣ – ព្យាយាម​ស្វែងរក​ចំណុច​ចុះសម្រុង ៖ មនុស្ស​ដែលមាន​មន្ត​ស្នេហ៍​រមែង​ស្វែងរក​ភាពដូចគ្នា​រវាង​ដៃគូ​សន្ទនា ហើយ​ប្រសិនបើ​គេ​មានគំនិត​មិន​ដូចគ្នា គេ​នឹង​និយាយ​ពី​ការយល់ឃើញ​ផ្ទាល់ខ្លួន ដោយ​មិន​បន្តុះបង្អាប់ ឬ ច្រានចោល​ការយល់ឃើញ​របស់​ដៃគូ​ម្ខាង​ទៀតឡើយ ។


៤ – ការប៉ះពាល់​ក្នុងន័យ​រាប់អាន ៖ ការប៉ះពាល់​រាងកាយ​ដៃគូ​សន្ទនា​ហាក់ដូចជា​កាយវិការ​មុខ​ពីរ ពោលគឺ​ភាគី​ម្ខាង​ទៀត​អាច​យល់ថា​ជា​អាកប្បកិរិយា​មិន​សមរម្យ ដូចជា​ការបំពាន​ផ្លូវភេទ ប៉ុន្តែ​បើ​អ្នក​ដឹងថា​ត្រូវ​ប៉ះ​កន្លែង​ណា ពេលណា ក្នុង​ទឹកមុខ​បែបណា គួបផ្សំ​នឹង​ពាក្យសម្តី​សមសួន​ផង​នោះ ការប៉ះពាល់​អាច​បញ្ជាក់​ពី​ភាពរ​រួសរាយ​ជិតស្និទ្ធ​ការសរសើរ​ទៅវិញ​។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ស្វាគមន៍​ភ្ញៀវ​ដោយ​ទះ​ស្មា​នោះ​ប្រាកដជា​ត្រូវ​ភ្ញៀវ​រិះគន់​មិន​ខាន ផ្ទុយទៅវិញ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ដោយ​ការ​ចាប់ដៃ​ស្វាគមន៍ ប្រើ​ទឹកមុខ​ស្រស់ស្រាយ និង សួរនាំ​ពី​តម្រូវការ​ភ្ញៀវ​នោះ​ភ្ញៀវ​នឹង​គិតថា​អ្នកជា​បុគ្គលិក​ចេះ​រាក់ទាក់ ។


៥ – ចំណុចខ្សោយ​តែ​ខ្លាំង ៖ មនុស្ស​ទាក់ទាញ​ម្នាក់​មិនដែល​ខ្លា​ចនឹង​ទទួលស្គាល់​ខ្លួនឯង​ទេ រួមទាំង​ចំណុច​មិនល្អ​របស់ខ្លួន​ផង​ដូចជា ពេល​មិត្តភក្តិ​សើចចំអក​ក្នុងន័យ​កំប្លែង ចំណូលចិត្ត​ស្លៀកពាក់​សាមញ្ញ ឬ​ឥរិយាបថ​ចម្លែក​ពី​អ្នកដទៃ​ផ្សេងៗ ព្រោះថា​នេះ​ជា​ចំណុច​ពិសេស​របស់​មនុស្ស​ម្នាក់ៗ ហើយ​ការដែល​អ្នក​ជុំវិញ​សើច ពុំមែន​ជាការ​ចំអក​ទេ គឺជា​ការ​សើច​សប្បាយរីករាយ​ជាមួយគ្នា​ទៅវិញ​ទេ ។


៦ – ពូកែ​សួរនាំ ៖ តើ​អ្នក​ដែល​ជួប​និយាយ​ជាមួយ​មនុស្ស​ដែល​សួរនាំ​ពីនេះ​ពី​នោះ​ច្រើនតែ​អ្នក​បែរជា​មិន​ធុញ​សោះ ហើយ​ចូលចិត្ត​ឱ្យគេ​សួរ ដោយមាន​អារម្មណ៍​ថា​សំណួរ​របស់គេ​ហាក់​ជួយ​ឱ្យ​អ្នកឆ្លើយ​ពី​ចម្ងល់​ក្នុង​ចិត្ត​ខ្លួនឯង ហើយ​ឈេ្វ​ង​យល់​ពី​ខ្លួនឯងបាន​ច្រើនជាង​មុន ។ ចូរ​រក្សា​មនុស្ស​បែបនេះ​នៅ​ជិត​ខ្លួន ហើយ​រៀន​ពី​គេ នោះ​អ្នកនឹង​ចេះ​ពី​សិល្បៈ​ក្នុង​ការនិយាយ ។ ការសន្ទនា​មួយ គួរប្រើ​សំណួរ​ទម្រង់​បើក​ជា​សំណួរ​ងាយៗ តែ​ប្រើ​គំនិត​ផ្ទាល់ខ្លួន​ក្នុងការ​ឆ្លើយ ដែល​ធ្វើឱ្យ​ដៃគូ​ម្ខាង​ទៀត​មាន​អារម្មណ៍ល្អ ហើយ​ចូលចិត្ត​បញ្ចេញមតិ​ជាមួយ​អ្នក ។


៧ – ការមិន​ប្រកាន់ខ្លួន ៖ មនុស្ស​មួយចំនួន​មានការ​រើសអើង និង ប្រកាន់​អាកប្បកិរិយា​ចំពោះ​បុគ្គល​ផ្សេងៗ​គ្នា ប៉ុន្តែ​មនុស្ស​ល្អ​គេ​មិនដែល​ប្រកាន់ឫក​ខ្ពស់ ឆ្មើងឆ្មៃ​នោះទេ ទោះជា​ចំពោះ​បុគ្គល​ក្នុង​ស្រទាប់វណ្ណៈ​ណាក៏ដោយ ។ តួយ៉ាង បើ​អ្នក​ចង់ដឹង​ច្បាស់​ពី​ចរិត​របស់​នរណាម្នាក់ អ្នក​សាក​ណាត់​គេ​ទៅ​ញ៉ាំ​អី​នៅ​ភោជនីយដ្ឋាន ហើយ​សង្កេត​ពី​ចរិត​របស់គេ​ចំពោះ​អ្នករត់​តុ​ថា​តើ​គេ​ចេះ​គោរព និង មាន​សមានចិត្ត​ជាមួយ​អ្នករត់​តុ​បែបណា ។​


៨ – ពូកែ​ចាំ​ឈ្មោះ ៖ ប្រសិនបើ​អ្នក​ចូលចិត្ត​និយាយ​ដោយ​មិន​ប្រើ​ឈ្មោះ ចូរ​កុំ​ភ្ញាក់ផ្អើល​នៅពេល​នរណាម្នាក់​មិន​ចាំ​សូម្បីតែ​ឈ្មោះ​របស់​អ្នក ។ ការ​ចាំ​ឈ្មោះ និង ហៅ​មនុស្សម្នា​ក់ដោយ​ប្រើ​ឈ្មោះ ធ្វើឱ្យ​ដៃគូ​សន្ទនា​មាន​អារម្មណ៍ល្អ ជិតស្និទ្ធ និង ចង់​និយាយ​រក​អ្នក​ច្រើនជាង​ការដែល​អ្នក​មិន​ចាំ​ឈ្មោះ​គេ ។


៩ – កុំ​ហៅ​ឈ្មោះ​អ្នក​មិន​ស្គាល់ ៖ ធ្លាប់​ស្គាល់​អ្នកណាម្នាក់​ហៅ​ឈ្មោះ​តារា​ល្បី កីឡាករ​ល្បី អ្នកមាន​មុខមាត់​ក្នុងសង្គម ហាក់ដូចជា​ជិតស្និទ្ធ​ស្គាល់គ្នា​រាប់​ឆ្នាំ​ហើយ តែ​ជាក់ស្តែង​អត់​ស្គាល់គ្នា​សោះ​ដែរឬទេ​? បែបនេះ​គ្រាន់តែ​ស្តាប់​ក៏​គួរឱ្យ​សាំ​ចិត្ត​ដែរ ។


១០ – មិន​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន ៖ មនុស្ស​មាន​មន្ត​ស្នេហ៍ តែងមាន​ភាព​វៃឆ្លាត ហើយ​គេ​ដឹង​ច្បាស់​ថា​ខ្លួនគេ​ដឹង​អ្វី អ្នក​បានដឹង​ពីអ្វី ដូចនេះ​ប្រសិនបើ​គេ​សួរ គឺ​ច្បាស់​ណាស់​គេ​ចង់ដឹង​ត្រឹមតែ​ថា អ្នក​បានដឹង​ពីអ្វី​មិនមែន​និយាយ​បែក​អូរ​ហូរ​ជា​ស្ទឹង តែ​គ្មាន​ន័យ​ប្រាកដប្រជា​នោះទេ ៕​លក្ខិណា​

Related