អ្នក​កាប់​ឈើ​មួយ​ក្រុម​រង​ការ​ជួញដូរ​ត្រូវ​ប្រទេស​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ

មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​កាប់​ឈើ​២៩​នាក់​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ ខ្លួន​នៅ​ពេល​កំពុង​កាប់​ឈើ​ប្រណីត​នៅ​ម្ខាង​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​ស្រី សិន ណាំយុង មន្ត្រី​ក្រុង​ប៉ោយប៉ែត​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​ត្រឡប់​មក​វិញ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​និយាយ​ថា នគរបាល​អន្តោប្រវេសន៍​ថៃ​បាន​នាំ​អ្នក​កាប់​ឈើ​២៩​នាក់ ដែល​មាន​អាយុ​ពី​១៧​ឆ្នាំ​ដល់​៤៥​ឆ្នាំ មក​ព្រំដែន ក្រោយពី​ទាហាន​ព្រំដែន​ចាប់​បាន​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍។

លោក​ស្រី​បាន​និយាយ​ថា អ្នក​កាប់​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ចូល​ដោយ​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​ពីរ​កន្លែង​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដោយ​ឈ្មួញ​ជួញដូរ ហើយ​បន្ទាប់មក​ប្រគល់​ទៅ​ឲ្យ​ឈ្មួញ​ថៃ និង​បាន​ចំណាយ​ពេល​ប្រាំបី​ថ្ងៃ​កាប់​ឈើ​ប្រណីត។

លោក​ស្រី ណាំយុង បាន​និយាយ​ថា “ពួកគេ​ត្រូវ​ឈ្មួញ​កណ្តាល​ថៃ​បោក​ប្រាស់​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​កាប់​ឈើ​អស់​រយៈ​ពេល​ប្រាំបី​ថ្ងៃ រហូត​ដល់​ទាហាន​ព្រំដែន​ថៃ​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា ហើយ​ពួកគេ​បាន​ជាប់​ពន្ធនាគារ”។

លោក ស៊ុំ ចាន់គា អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត បាន​ចោទ​ទាហាន​ព្រំដែន​នៅ​ច្រក​ព្រំដែន​ចម្ការ​គ​និង​ស្វាយ​ចេក ក្នុង​ស្រុក​ស្វាយ​ចេក​ថា​បាន​ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​ទុច្ចរិត និង​បាន​មាន​ប្រសាសន៍​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម។

លោក ចាន់គា បាន​មាន​ប្រសាសន៍​ថា ៉ខ្ញុំ​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ទៅ​ស៊ើប​អង្កេត​ករណី​នេះ ពីព្រោះ​ពួក​មេ​ឈ្មួញ ដែល​នាំ​យក​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ កំពុង​ឃុបឃិត​ជាមួយ​ពួកគេ [ទាហាន​ព្រំដែន]”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “បញ្ហា​នេះ​នាំ​ឲ្យ​ពលករ​ចំណាក​ស្រុក​ត្រូវ​ទាហាន​ព្រំដែន​ថៃ​បាញ់​សម្លាប់ ឬ ត្រូវ​ចាប់​ខ្លួន ទទួល​រង​ទណ្ឌកម្ម ឬ ជាប់​ពន្ធនាគារ។ យើង​ស្គាល់​ឈ្មោះ​និង​អត្តសញ្ញាណ​របស់ [ទាហាន​ព្រំដែន] ពី​ជន​រងគ្រោះ។ មាន​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ​ទើប​អាច​ចាត់ការ​ពួកគេ​បាន”។

មន្ត្រី​នៅ​ច្រក​ព្រំដែន​ពីរ​កន្លែង និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ៕និត

 

The post អ្នក​កាប់​ឈើ​មួយ​ក្រុម​រង​ការ​ជួញដូរ​ត្រូវ​ប្រទេស​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ appeared first on ខេមបូឌា ដេលី.