ពលរដ្ឋ​ចោទ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ជួសជុល​ផ្ទះ​នៅ​ជិត​ព្រំដែន​មាន​ជម្លោះ​ក្នុង​ខេត្ត​ស្វាយរៀង

ប្រជាពលរដ្ឋ និង​អង្គការ "ខ្ញុំ​ខ្មែរ" ចោទ​អាជ្ញាធរ​ថា រារាំង​មិន​ឲ្យ​ពួកគាត់​ជួសជុល​ផ្ទះ​ដែល​នៅ​ជាប់​ព្រំដែន​មាន​ជម្លោះ​ជាមួយ​វៀតណាម ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង នោះ​ទេ។ សង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ដែល​ជួសជុល​ផ្ទះ​នៅ​លើ​ដី​របស់​ខ្លួន ព្រោះ​មនុស្ស​ត្រូវការ​ទីជម្រក​សមរម្យ។

​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ប្រឈមមុខ​ដាក់​គ្នា​មួយ​សន្ទុះ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ខណៈ​ដែល​អាជ្ញាធរ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ឃាំង​ឃាត់​មិន​ឲ្យ​ជញ្ជូន​ឈើ និង​សម្ភារៈ​ផ្សេងៗ​តាម​ទូក ដើម្បី​សាងសង់​ផ្ទះ​ពីរ​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រស់​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន ស្ថិត​ក្នុង​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ក៏ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ ពុំ​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នោះ​ឡើយ។

សមាជិក​អង្គការ "ខ្ញុំ​ខ្មែរ" លោក ផាង់ សុភ័គ្រ រៀបរាប់​ថា អាជ្ញាធរ និង​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​កាំភ្លើង​ជា​ច្រើន​នាក់​បាន​រារាំង​ពួកគាត់​ភ្លាមៗ មិន​ឲ្យ​បន្ត​សកម្មភាព​ជញ្ជូន​ឈើ និង​សម្ភារៈ​សាងសង់​ផ្ទះ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា មិន​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ៖ «គាត់​ថា ប្រជាពលរដ្ឋ​សាងសង់​លំនៅឋាន​ហ្នឹង​អត់​មាន​ច្បាប់​ទម្លាប់ អត់​មាន​លិខិត​អនុញ្ញាត​អី​ពី​ខាង​លើ ហើយ​ពលរដ្ឋ​ថា គ្រាន់តែ​សាងសង់​ផ្ទះ​ទំហំ ៤ គុណ​នឹង ៥  វា​មាន​អី​ធំ​ទេ ចាំបាច់​សុំ​អនុញ្ញាត​ពី​ឃុំ​ពី​ស្រុក​អី​ណា ហើយ​គាត់​ថា អោយ​យើង​ផ្អាក បើ​យើង​មិន​ផ្អាក គាត់​នឹង​ធ្វើ​តាម​វិធានការ​ចាប់»

ទីតាំង​ផ្ទះ​ដែល​អាជ្ញាធរ​រារាំង​មិន​ទាន់​ឲ្យ​សាងសង់​ឡើង​វិញ​នោះ គឺ​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ជាប់​មាត់​ព្រែក​មួយ​ក្បែរ​បង្គោល​ព្រំដែន​លេខ ២០៣ ដែល​ធ្លាប់​មាន​ព្រឹត្តិការណ៍​ប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា កន្លង​ទៅ បណ្ដាល​អោយ​របួស​ទាំង​សង​ខាង។ នៅ​លើ​ទី​ទួល​ល្វឹងល្វើយ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម​នោះ មាន​តែ​ផ្ទះ​បិទ​បាំង​ដោយ​ស្លឹក​ត្នោត​ធ្លុះធ្លាយ​របស់​ពលរដ្ឋ​ខ្មែរ​ពី​ខ្នង​ប៉ុណ្ណោះ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​អ្នក​ភូមិ​ដទៃ​ទៀត។

ប្រជាពលរដ្ឋ​ម្ចាស់​ផ្ទះ លោក សឿង សាវឿន ដែល​រស់​នៅ​លើ​ទួល​នោះ តាំង​ពី​ឆ្នាំ​១៩៨០ ត​ពី​ដូន​តា​លោក​មក សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ទង្វើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គាបសង្កត់ និង​រំលោភ​សិទ្ធិ​ពួកគាត់​មិន​អោយ​មាន​ទីលំនៅ​សមរម្យ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​ខ្ញុំ​ខ្មែរ។

លោក​សង្ស័យ​ថា ការ​រារាំង​របស់​អាជ្ញាធរ​នេះ អាច​ជា​លេស​បញ្ឈប់​អោយ​ពួកគាត់​រស់​នៅ​ជិត​ព្រំដែន​នោះ​ត​ទៅ​ទៀត ព្រោះ​លោក​បាន​ដឹង​រឿងរ៉ាវ​ច្រើន​ទាក់ទង​នឹង​ការ​ឈ្លាន​ពាន​របស់​ភាគី​វៀតណាម មក​លើ​ដី​ខ្មែរ៖ «ខ្ញុំ​កំពុង​ខំ​ដឹក​ឈើ​ដឹង​អី​ទៅ ដែល​ជា​អំណោយ​របស់​អង្គការ "ខ្ញុំ​ខ្មែរ" ហ្នឹង ព្រោះ​ខ្ញុំ​នៅ​កណ្ដាល​វាល​នៅ​ជាប់​ព្រំដែន ខ្ញុំ​ដឹក​ទៅ​ធ្វើ​ទៅ​ហើយ តែ​អាជ្ញាធរ​គេ​មិន​អោយ​សាងសង់ គេ​ឃាត់»

​លោក សឿង សាវឿន បន្ត​ថា លោក​ពុំ​សូវ​បាន​រស់​នៅ​ទី​នោះ​ជា​ប្រចាំ​នោះ​ទេ ដោយសារ​ផ្ទះ​នោះ​ធ្លុះធ្លាយ​ផង ខ្វះ​ភ្លើង ទឹក​ស្អាត​ប្រើប្រាស់ និង​កូន​របស់​លោក​ពីរ​នាក់​ធ្លាក់ខ្លួន​ពី​ការ​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​របស់​អាជ្ញាធរ​ភូមិ​ឃុំ​បាន​នោះ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា។

ទាក់ទិន​បញ្ហា​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា រឿង​នេះ​អាច​មក​ពី​កត្តា​ជម្លោះ​ព្រំដែន​ផង ក៏ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ចុះ អាជ្ញាធរ​មិន​ត្រូវ​យក​បញ្ហា​ព្រំដែន​ទៅ​រំលោភ​លើ​សិទ្ធិ​មាន​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ព្រោះ​ពួកគាត់​មិនមែន​ទើបតែ​ទៅ​ចាប់​ដី ហើយ​សាងសង់​ទីលំនៅ​ថ្មី​នោះ​ឡើយ ពោល​គឺ​នៅ​តាំង​ពី​យូរ​មក​ហើយ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​អនុញ្ញាត​អោយ​ពួកគាត់​ជួសជុល​ផ្ទះ​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​កន្លែង​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព៖ «កាលណា​ជម្រក​មិន​ជិត​មិន​ល្អ​អី គឺ​ធ្វើ​គាត់​ប៉ះពាល់​សុខភាព ទាំង​កូន​ទាំង​ម្ដាយ​ពេល​ត្រូវ​ភ្លៀង​ត្រូវ​អី​ទៅ វា​ធ្វើ​អោយ​ឈឺ​ស្កាត់​ជា​បន្តបន្ទាប់»

នៅ​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​នោះ កន្លង​មក​ជា​កន្លែង​ក្ដៅ​គគុក​នៅ​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​រាប់​រយ​អង្គ​នាក់​ទៅ​ទស្សនកិច្ច​បង្គោល​ព្រំដែន​លេខ ២០៣ ចំនួន​ពីរ​លើក បន្ទាប់ពី​ដឹង​ថា វៀតណាម រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ។ ទន្ទឹម​គ្នា​នោះ ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​អះអាង​ថា អាជ្ញាធរ​វៀតណាម ក៏​ធ្លាប់​បង្គាប់​ឲ្យ​គាស់​ឆ្អឹង​សព​ដូនតា​របស់​ពួកគាត់​ចេញ​ពី​តំបន់​ទួល​តាព្រាប អតីត​ទឹកដី​ខ្មែរ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​វៀតណាម ដែរ ប៉ុន្តែ​ពួកគាត់​បដិសេធ​ដាច់​អហង្ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។