ចំណង​ស្នេហ៍​ឆ្លង​អាកាស ម៉ៅ សុចាន់ធី និង​​គូដណ្ដឹង ដល់​ផ្លូវ​បំបែក

ចំណង​ស្នេហ៍​ឆ្លង​អាកាស ម៉ៅ សុចាន់ធី និង​​គូដណ្ដឹង ដល់​ផ្លូវ​បំបែក

ចំណង​ស្នេហ៍​តាម​រយៈ Facebook, Skype ជា​ដើម​របស់​អតីត​តារា​សម្ដែង​ជើង​ចាស់ ម៉ៅ សុចាន់ធី និង​លោក សៀង តារា​សម្ផស្ស ដែល​​បាន​ឈាន​ដល់​ពិធី​ភ្ជាប់​ពាក្យ​​ និង​​គ្រោង​រៀបការ​ជា​មួយ​​គ្នា​នៅ​ចុង​ឆ្នាំ២០១៥​នេះនោះ ពេល​នេះ​បាន​​ផ្ដាច់​​ពាក្យ​ជា​មួយ​គ្នា​វិញ​ហើយ ។

 

 

ចំណង​ស្នេហ៍​ឆ្លង​អាកាស ម៉ៅ សុចាន់ធី និង​​គូដណ្ដឹង ដល់​ផ្លូវ​បំបែក

 

មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​ចែក​ផ្លូវ​​ជា​មួយ​គ្នា​នេះ ក៏​ព្រោះ​ភាគី​ខាង​​ប្រុស​ប្រចណ្ឌ​ខ្លាំង​ពេក និង​មាន​ចំណុច​ជា​ច្រើន​ផ្សេង​ទៀត មិន​ចុះ​សម្រុង​គ្នា​​ ទើប​ភាគី​ខាង​ស្រី​​សុំ​ចែក​ផ្លូវ​តែ​ម្ដងកាល​ពី​ពេល​ថ្មី​ៗ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ អ្នក​នាង ម៉ៅ សុចាន់ធី តាម​រយៈ​ទូរសព្ទ​ប្រាប់ ​Sabay ​ព្រឹក​នេះ ។

 

អ្នក​នាង​ពន្យល់​ថា ភាគច្រើន​ភាព​​រកាំរកូស​​បាន​​កើត​ចេញពី​ការ​មិន​យល់ចិត្ត​គ្នា ពោល​ដោយសារ​តែ​ភាគី​ខាង​ប្រុស​ចេះ​តែ​រករឿង​ប្រចណ្ឌ​ខុស​រឿង រហូត​ដល់​ពេល​ខ្លះ​​បាន​ប្រើ​ពាក្យមិន​សម​រម្យ​មក​លើ​រូប​នាង​​ថែម​ទៀត​ផង។  អ្នក​មេម៉ាយ​រូប​នេះ អះអាង​ទៀត​ថា កន្លង​មក​លោក សម្ផស្ស ក៏​​ដឹង​​កំហុស និង​ធ្លាប់​ងាក​មក​សុំទោស​អ្នក​នាង​វិញម្ដង​ជា​ពីរ​ដង​ដែរ តែ​ដោយ​យល់​​ថា មិន​អាច​បន្ត​​ទៅទៀតបាន ក៏​សម្រេច​ចិត្ត​​បញ្ចប់​តែ​ម្ដង។

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ Sabay មិន​ទាន់​អាចទំនាក់​ទំនង​លោក សៀង តារា​សម្ផស្ស ដើម្បី​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ​ព្រឹក​នេះ។

 

អ្នក​នាង ម៉ៅ សុចាន់ធី បាន​ចេញ​ទៅ​រស់​នៅ សហរដ្ឋ​អាមេរិក​ជាង​១០ឆ្នាំ​មក​ហើយ ក្នុង​រយៈ​ពេល​រស់​នៅ​លើ​ទឹក​ដី​មហាអំណាច​នេះ អតីត​​តារា​ចម្រៀង និង​សម្ដែងរូប​​នេះ​ប្រាប់​ថា មាន​អ្នក​តាម​សុំ​ស្រលាញ់​ជាច្រើន​នាក់ ប៉ុន្តែ​អ្នក​នាង​ប្រាប់​ថា មិន​ដែល​យកចិត្តទុកដាក់​ឡើយ ទើប​តែ​ចុង​ក្រោយ​បាន​សម្រេច​មាន​ទំនាក់​ទំនង​ជាមួយ​លោក សៀង តារា​សម្ផស្ស តែ​ប៉ុណ្ណោះ មុន​ពេល​ចែក​ផ្លូវ​គ្នា​វិញ​នា​ពេល​នេះ។

 

 

ចំណង​ស្នេហ៍​ឆ្លង​អាកាស ម៉ៅ សុចាន់ធី និង​​គូដណ្ដឹង ដល់​ផ្លូវ​បំបែក

 

 

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បញ្ជាក់​​ជា​ចុង​ក្រោយ​ថា ចាប់​តាំង​ពី​ម៉ោង​នេះ​ទៅ ឈប់​គិត​ពី​រឿង​ស្នេហា​ទៀត​ហើយ ដោយ​​​សុំ​បិទ​បេះដូង​ត្រឹម​នេះ លែង​រវីរវល់​ជា​មួយ​បុរស​ណា​ទាំង​អស់៕

 

 

អត្ថបទ៖ ខុត សីហា