ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​ប្រទេស​ថៃ ស្នើអោយ​ភាគី​ថៃ បញ្ឈប់​ការចាប់ខ្លួន​ពលករ​ខ្មែរ​ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន (​ប័ណ្ណ​ស៊ី​ជម្ពូ​)

ភ្នំពេញ: ក្នុងឱកាស​ជួបពិភាក្សា​ការងារ នាពេល​ថ្មីៗ​នេះ ជាមួយ​លោក Sumet Mahosot អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​មុខរបរ​ថៃ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ បាន ស្នើអោយ​ភាគី​ថៃ បញ្ឈប់​ការចាប់ខ្លួន​ពលករ​ខ្មែរ ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន (​ប័ណ្ណ​ស៊ី​ជម្ពូ​)​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​។​

​សេចក្តីប្រកាស ចុះ​ថ្ងៃទី​២០​តុលា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា ពលករ​ខ្មែរ ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន (​ប័ណ្ណ​ស៊ី​ជម្ពូ​) ជា​អ្នក​ទៅធ្វើ​ការ​ជាមួយ​និយោជក​ថ្មី ដោយ​គ្មាន​ការយល់ព្រម​ពី​និយោជក​ចាស់ ដែល ជា​អ្នកធានា​អោយ​ស្នាក់នៅ​ធ្វើការ​នៅ​ថៃ​។ ចំពោះ​បញ្ហា​នេះ ឯកអគ្គរាជទូត​កម្ពុ​ជា បាន​លើក​មូលហេតុ ថា ការដែល​ពលករ​ទៅធ្វើ​ការ​ជាមួយ​និយោជក​ថ្មី ភាគច្រើន​មកពី​និយោជក​ចាស់ ពុំមាន​លទ្ធភាព​ផ្តល់​ការងារ​អោយ​ពលករ​ធ្វើ ហើយ​ពលករ​ត្រូវការ​កំរៃ​ដើម្បី​ទ្រទ្រង់ ជីវភាព​រស់នៅ​។

​សេចក្តីប្រកាស​ដដែល លើកឡើងថា លោក Sumet Mahosot បាន​ឯកភាព​ស្នើ​ទៅ​សមត្ថកិច្ច​ប៉ូលិស​ថៃ អោយ​ឈប់​ចាប់ខ្លួន​ពលករ​ខែ្មរ​ក្នុងករណី​បែបនេះ​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា ករណី​ពលករ ១១៧ នាក់ ដែល​ក្រុមហ៊ុន Elite Manpower co., Ltd. បញ្ជូនមក​ថៃ តាម​ក្របខ័ណ្ឌ MOU ហើយ​បាន​រង់ចាំ​រយៈពេល​ជាង​ពីរ​សប្តាហ៍ ដោយសារ​ក្រុមហ៊ុន Sun Fuji (Thailand) co. Ltd. ជា​ក្រុមហ៊ុន​ដៃគូ គ្មាន​លទ្ធភាព​ផ្ដល់​ការងារ​ធ្វើតាម​កិច្ចសន្យា លោកស្រី​ឯកអគ្គរាជទូត​កម្ពុជា បានស្នើ​ក្រុមហ៊ុន​ថៃ​ត្រូវ​ទទួល​រ៉ាប់រង​ផ្ដល់​ម្ហូបអាហារ និង​ទីកន្លែង​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ ក្នុងកំឡុងពេល​រង់ចាំ​ការងារ សំរាប់​ករណីនេះ និង​ករណី​ដូចគ្នា​នៅ​អនាគត​។ លោក Sumet Mahosot បាន​ឯកភាព​ជួយ​សំរួល​សំណូមពរ​នេះ​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើងថា ឯកអគ្គរាជទូត​កម្ពុ​ជា ក៏បាន​ស្នើ​ភាគី​ថៃ ផ្ដល់​ប័ណ្ណ​ការងារ (Work Permit) និង​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ ចំនួន ៩១.៨៥៤ នាក់ ដែលមាន​លិខិតឆ្លងដែន​រួចហើយ​។​

​សេចក្តីប្រកាស បន្តថា ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​ផងដែរ ពី​កិច្ចសហការ​រវាង​ក្រុមការងារ​អន្តរក្រសួង​កម្ពុជា និង​មន្ទីរ​ការងារ​ខេត្ត​ថៃ ដើម្បី​ជំរុញ​ការចែក​លិខិតឆ្លងដែន​ដល់​ពលករ​ខ្មែរ អោយបាន​ឆាប់រហ័ស​៕​