សម្តេច​ហ៊ុនសែន ប្រតិកម្ម​នឹង​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​២០​តុលា​នេះ បាន​បញ្ចេញ​ប្រតិកម្ម​អ្នកតំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​។ នោះ​គឺ​លោក យ៉ែម​បុញ្ញឫទ្ធិ បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ឲ្យ​អ្នកនយោបាយ ត្រូវតែ​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួលយក​នូវ​ការរិះគន់​នានា​។​

​យ៉ាងណាក៏ដោយ នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​មានប្រសាសន៍​ដោយ​សម្តី​ខ្លាំងៗ និយាយ​ចំៗ និង​លើកដៃ​ចង្អុល​ទៅ​លោក​យ៉ែម​បុញ្ញឫទ្ធិ ដែលជា​អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​មួយរូប កំពុងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ដែរនោះ​ថា "​ខ្ញុំ​មិនដែល​គម្រាម​នរណា​ទេ​។ ក៏ប៉ុន្តែ​សុំ បើ​ខឹង​កុំ​លេង បើ​លេង​កុំ​ខឹង​។ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ​! ឯកឧត្តម ប្រដៅ​ខ្ញុំ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​។ ប៉ុន្តែ​ឯកឧត្តម កុំ​ភ្លេច​គិតថា មេ​របស់​ឯកឧត្តម ប្រមាថ​ចំពោះ​រឿង​ក្នុងស្រុក​ទាំងមូល​។ ឯកឧត្តម បែរជា​ប្រដៅ​ខ្ញុំ ឲ្យ​ខ្ញុំ​បើក​ចិត្ត​ឲ្យ​ទូលាយ​។ យកទៅ​គិតគូ​។ រឿងរ៉ាវ​វា​មិនទាន់​ចប់​ទេ​។ បើ​អស់លោក​ចង់​បន្ត ខ្ញុំកំដរ​លេង​។ ខ្ញុំ​បាន​ប្រាប់​ទៅ​រង្ស៊ី​ហើយ ហើយ​នៅក្នុង Whatsup របស់ខ្ញុំ​ដដែល​ទេ​។ ខ្ញុំកំដរ​លេង​គ្រប់​ទម្រង់​លេង​។ គ្រប់​រដូវ​កាល និង​គ្រប់​រស់ជាតិ​។ ក្តៅ ត្រជាក់ ផ្អែម ល្វី​ញ ជូរ ចត់ ខ្ញុំ​លេង​បាន​ទាំងអស់​"​។

​យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​ចេញពី​កិច្ចប្រជុំ​រដ្ឋសភា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក គឺ​លោក​មិនបាន​និយាយ​សំដៅលើ​បុគ្គល​ណា​ម្នាក់​ទេ​។ លោក​គ្រាន់តែ​បញ្ជាក់​នូវ​អ្វីដែល​លោក​សរសេរ គឺ​ក្នុង​ផលប្រយោជន៍​រួម និង​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា ការសរសេរ​របស់លោក​នោះ គ្រាន់តែ​ជាការ​ផ្តល់នូវ​មតិយោបល់ សម្រាប់​អ្នកនយោបាយ ត្រូវ​បើកទ្វារ​ចិត្ត កែប្រែ​ផ្នត់គំនិត ហើយ​បើកទ្វារ​ចិត្ត​។​

​សូម​រម្លឹកថា លោក យ៉ែម បុញ្ញឫទ្ធិ កាលពី​ថ្ងៃទី​១៩​តុលា បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្រោម​ចំណងជើង​ថា "​ដូរ​! ត្រូវតែ​ដូរ​ផ្នត់គំនិត រៀន​គិត​ជា​វិជ្ជមាន​!"​។ ក្នុង​សារ​ជា​អក្សរ និង​សំឡេង​នោះ លោក យ៉ែម បុញ្ញឫទ្ធិ បាន​លើកឡើងថា "​អ្នកនយោបាយ​ត្រូវ​ហ៊ាន​បើក​ចិត្ត​ទូលាយ ក្នុងការ​ទទួលយក​ម​តិ​រិះគន់​ស្ថាបនា ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ប្រៀបដូចជា​កញ្ចក់​ឆ្លុះ ដើម្បី​ធ្វើការ​កែលម្អ តែ​មិនជា​កញ្ចក់​បង្អួច​កញ្ចក់​ទ្វារ​"​។​

​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ែម​បុញ្ញឫទ្ធិ​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​១៩​តុលា បាន​វាយប្រហារ​យ៉ាងខ្លាំង​ទៅកាន់​លោក​សមរង្ស៊ី ដែល​បាន​រិះគន់​លើ​ប្រព័ន្ធ​អប់រំ និង​សញ្ញាប័ត្រ​ក្នុងស្រុក​ថា មិនមាន​តម្លៃ​៕​

សម្តេច​ហ៊ុនសែន ប្រតិកម្ម​នឹង​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​