NASA បង្ហាញរូបភាព ច្បាស់បំផុតនៃព្រះ ច័ន្ទ អ៊ិនសែឡាដឺស របស់ភពសៅរ៍

វិទ្យាសាស្រ្ត៖ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារអវកាស ណាសា បានបង្ហាញរូបដ៏ច្បាស់បំផុត មួយនៃភាគខាង ជើងព្រះច័ន្ទអ៊ិនសែឡាដឹស របស់ភពសៅរ៍ ។ រូបភាពដ៏ភ្លឺច្បាស់នេះ ត្រូវបានទទួលពីយានរុករក Cassini របស់ ភ្នាក់ងារអវកាសណាសា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ដែលស្ថិតនៅរយៈចម្ងាយ ៦.០០០ គីឡួម៉ែត្រពី ព្រះច័ន្ទទឹកកកមួយនេះ ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្ម Cassini បានធ្វើការរំពឹងទុកថា តំបន់ប៉ូល ភាគខាងជើងនៃព្រះច័ន្ទទឹកកក អេនសែឡាដឹស មាននូវរណ្តៅដ៏ធំមួយ ។ នេះបើយោងតាមការអង្កេតយ៉ាងល្អិតល្អន់របស់ពួកគេ ទៅលើរូបភាព ដែលទទួលបានបែបនោះ ។

មិនត្រឹមតែប៉ុណ្ណោះ ប៉ូលភាគខាងជើងរបស់ព្រះច័ន្ទនេះផងដែរ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត បានប្រទះឃើញមានស្នាមប្រេះ នៅក្នុងរណ្តៅនោះផងដែរ ក៏ប៉ុន្តែវាគ្រាន់តែជាស្នាមប្រេះ ដ៏តូចមួយប៉ុណ្ណោះ ។ ដោយឡែក កាលពីខែមីនា ឆ្នាំ២០១៥ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្ម Cassini បានប្រកាសថា ពូកគេបានរកឃើញសកម្មភាពនៃផ្ទៃ ទឹកសមុទ្រដោយនៅ ខាងក្រោម ព្រះច័ន្ទនោះ ទើបវាត្រូវបានគេដឹងថា មានលាក់មហាសមុទ្រដ៏ធំមួយ ។

គួរបញ្ជាក់ដែរថា បេសកកម្ម Cassini របស់ភ្នាក់ងារអវកាសណាសា នឹងត្រូវធ្វើដំណើរ ទៅជិតផ្ទៃព្រះច័ន្ទ អ៊ិនសែឡាដឹស របស់ភពសៅរ៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ឆាប់ៗខាងមុខនេះ ។ នៅពេលនោះយានរុករក នឹងអាច ធ្វើការវាស់ស្ទង់អំពីកម្រិតកំដៅនៃព្រះច័ន្ទទឹកកក ព្រមទាំងធ្វើដំណើរជុំវិញទីនោះ នៅក្នុងរយៈចម្ងាយ ៤.៩៩៩ គីឡូម៉ែត្រ ៕

NASA បង្ហាញរូបភាព ច្បាស់បំផុតនៃព្រះ ច័ន្ទ អ៊ិនសែឡាដឺស របស់ភពសៅរ៍