រថយន្ត​​បុក​​ម៉ូតូ​​​បណ្តាលឱ្យ​​​របួសធ្ងន់ម្នាក់​​ រួច​បន្ថែម​ល្បឿន​បើក​​​រត់​​បាត់​

​រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​​រង​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង ដោយសារ​តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​​​បុក​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​​៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ​តុលា ​២០១៥ នៅ​តាម​បណ្តោយ​​មហាវិថីសហ​ព័​ន្ឋ​រុ​​ស្ស៊ី ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​វី​មួយ​គ្រឿង ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពត1G-3013 ដោយ​ជិះ​តាម​បណ្តោយ​​មហាវិថីសហ​ព័​ន្ឋ​រុ​ស្សី ទិស​ដៅ​ពី​កើត​ទៅ​លិច ​​លុះ​មក​ដល់​ចំណុច​កើតហេតុ ​​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​​បើក​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ស្រប​គ្នា​​បុក​ចំ​ពីក្រោយ​​ពេញទំហឹង បណ្តាល​ឱ្យ​​បុរស​​ម្ចាស់​​ម៉ូតូ​ប៉ើង​ហោះ​ចេញពី​ម៉ូតូ​រង​របួសធ្ងន់​បាក់កជើង​ខាងឆ្វេង ចំណែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​នោះ​​ ​បុរស​​រង​គ្រោះ​​​ស្រែក​ទ្រហោយំ និង​ស្រែក​សុំ​ឱ្យ​​គេ​ជួយ តែ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ហាន​ជួយ​នោះ​ទេ ព្រោះតែ​សភាព​ជើង​បុរស​នោះ​មាន​រង​របួស​ធ្ងន់​​ខ្លាំង​ពេក ​បាន​ត្រឹម​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ន​នគរបាល​ចោម​ចៅ ដើម្បី​រង់​ចាំ​​បងប្អូន​ជន​រង​គ្រោះ​មក​ទទួលយក​វិញ ៕