លោក កឹម សុខា មិនលេងជាមួយ សម្តេចតេជោទេ

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបបួលគណបក្សសង្គ្រោះជាតិ លេងល្បែង នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា គ្រប់ទម្រង់ទាំងអស់ ទាំងល្វីង ជូចត់ ផ្អែមល្ហែមនោះ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងសង្រ្គោះជាតិ បានឆ្លើយតបបដិសេធថា មិនលេងជាមួយសម្តេចតេជោឡើយ។

 ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា ការ បបួលលេងល្បែងនយោបាយនេះ មិនមែនទើបតែកើតឡើងនោះទេ គឺជារឿងយូរឆ្នាំមកហើយ ហើយក៏មិន មែនជារឿងថ្មីដែរ ចំពោះភាសារបស់សម្តេចតេជោ ហ៊ុន សែននេះ។

 លោកថា “សម្រាប់ខ្ញុំ គឺគ្មានអីថ្មី ភាសាគាត់ (សម្តេចតេជោ) ខ្ញុំគិតថា មកពីគាត់ដឹងច្បាស់ថាគាត់នឹងចាញ់ គណបក្សសង្គ្រោះជាតិនឹងឈ្នះ អីចឹងបានជាគាត់ចេះតែចោទ គាត់ដឹងសង្គ្រោះជាតិឈ្នះ ប្រជាពលរដ្ឋ គាំទ្រសង្គ្រោះជាតិ គាត់ដឹងខ្លួនគាត់ត្រៀមខ្លួនដើម្បីចាញ់ធ្វើម៉េច។

យើងអត់លេង យើងឈ្លោះគ្នាអីទៀត យើងត្រូវដោះស្រាយ សំខាន់ដូចខ្ញុំនិយាយ យើងត្រូវមានឯកភាពជាតិ យើងមានស្ថេរភាពនយោបាយ នឹងរៀបចំការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា”។

 សូមបញ្ជាក់ថា ដោយសារតែប្រធាន អនុប្រធាន និងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មួយចំនួនចេះ តែដើររិះគន់ និងចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាជាច្រើនលើកច្រើនសារ ក្នុងកិច្ចប្រជុំសភា នៅព្រឹកថ្ងៃទី២០តុលានេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំងទៅលើគណបក្សប្រឆាំងមួយនេះ ហើយសម្តេចបានបបួលគណបក្សនេះលេងល្បែងនយោបាយជាមួយគ្នាគ្រប់ទម្រង់ទាំងអស់ដោយមិនភ័យខ្លាចឡើយ៕

លោក កឹម សុខា មិនលេងជាមួយ សម្តេចតេជោទេ