រដ្ឋសភា​បញ្ចប់​កិច្ច​ពិភាក្សា​បទបញ្ជា​ផ្ទៃក្នុង​និង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ឃុំ​សង្កាត់

រដ្ឋសភា បាន​បញ្ចប់​កិច្ច​ពិភាក្សា​ទាំង​ស្រុង​ហើយ​លើ​បទបញ្ជា​ផ្ទៃ​ក្នុង និង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នៅ​សេសសល់ ព្រម​ទាំង​អនុម័ត​លើ​របៀបវារៈ​ដាច់​ដោយឡែក​មួយ​ទៀត គឺ​ការ​តែង​តាំង​មន្ត្រី​មួយ​រូប​ទទួល​បន្ទុក​សវនកម្ម​ជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៩ ខែ​តុលា របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ បាន​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន។

របៀបវារៈ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ រួម​មាន អង្គ​ប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្ដី​ស្នើ​ច្បាប់ ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​អនុម័ត​ប្រគល់​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ​មួយ​ចំនួន នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ពិនិត្យ និង​សិក្សា មុន​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា អង្គ​ប្រជុំ​ក៏​បាន​សម្រេច​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​តែង​តាំង លោក អ៊ុក សារាវុធ ជា​អគ្គសវនករ​រង​នៃ​អាជ្ញាធរ​ជាតិ​សវនកម្ម​ជាតិ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។