​គួរ​តាមដាន​សុខភាព ព្រោះ​វា​នឹង​ផ្លាស់ប្តូរ អំឡុង​ពេល​មាន​ផ្ទៃពោះ​

​គួរ​តាមដាន​សុខភាព ព្រោះ​វា​នឹង​ផ្លាស់ប្តូរ អំឡុង​ពេល​មាន​ផ្ទៃពោះ​

•​    ​វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការទទួលយក​វី​តា​មីន ឬ​អាហារ​បំប៉ន​បន្ថែម ពី​គ្រូពេទ្យ​ជំនាញ​របស់​អ្នក​។ ភ្លាមៗ បន្ទាប់​ពី​អ្នក​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ អ្នក​គួរ​ស្វែងរក​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ធ្វើ​ការតាមដាន សុខភាព​អ្នក និង​កូន ឲ្យបាន​ទៀងទាត់​ជា​រៀងរាល់​ខែ​។​

•​    ​ភ្លាមៗ អ្នក​ក៏​គួរតែ​ចាប់ផ្តើម ចៀសវាង​សកម្មភាព​នានា ដែល​អាច​បណ្តាល​ឲ្យ​ទា​រកមាន​បញ្ហា និង​មិន​មាន​សុវត្ថិភាព ដូចជា ការលើក​របស់​ធ្ងន់ៗ ការឡើង​ចុះ​ជណ្តើរ​លឿនៗ ការរត់ ឬ​ការ​ឈោង​ចាប់​របស់របរ​ជា​ដើម​។ ជាតិ​អាល់កុល ថ្នាំពេទ្យ ចំណី​អាហារ​មួយ​ចំនួន ក៏​អ្នក​គួរ​មាន​ការប្រុងប្រយ័ត្ន​ផងដែរ​។

•​    ​យ៉ាងណាមិញ អ្នក​គួរតែ​ស្តាប់​តាម​ការណែនាំ របស់​គ្រូពេទ្យ​ជំនាញ អំពី​ការរស់នៅ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ … ឧទាហរណ៍ ការ​ទទួលទាន​វីតាមីន និង​អាស៊ីតហ្វូលិ​ក​។ ការ​ញ៉ាំ​អាហារ​មាន​ជីវជាតិ ការ​ហាត់ប្រាណ និង​ការ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ គឺជា​រឿង​ចាំបាច់ អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ជាថ្មី​ម្តងទៀត ចូរ​សាកសួរ​គ្រូពេទ្យ​របស់​អ្នក ថា​តើ​អ្វីខ្លះ ដែល​អ្នក​គួរ​ធ្វើ ពេល​មាន​ផ្ទៃពោះ​?

•​    ​ត្រូវ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​ត្រឹមត្រូវ ដើម្បី​សុខភាព​របស់​អ្នក និង​កូន​តូច​។ អ្នក​ត្រូវ​កំណត់​ពេលវេលា បរិមាណ និង​របៀប​នៃ​ការ​ញ៉ាំ​របស់​អ្នក ឲ្យបាន​ទៀងទាត់ ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​។​

•​    ​អ្នក​អាច​មាន​អារម្មណ៍​ថា ពិបាក​គេង ជាពិសេស អំឡុង​ពេល​ត្រីមាស​ដំបូង និង​ត្រីមាស​ចុងក្រោយ​។ បញ្ហា​នៃ​ការ​គេង​មួយចំនួន អាច​ជា​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ បើ​ពិបាក​គេង ចូរ​សាកល្បង​ផ្លាស់ប្តូរ​កន្លែង​គេង និង​របៀប​គេង​។ ប៉ុន្តែ អ្នកជំនាញ​បាន​ណែនាំ​ថា ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង គឺ​ល្អ​បំផុត សម្រាប់​សុខភាព​របស់​អ្នក និង​កូន​។​

•​    ​ការ​មាន​ផ្ទៃពោះ អាច​ជះឥទ្ធិពល​ទៅលើ អារម្មណ៍​របស់​អ្នក ដោយសារតែ​ការផ្លាស់ប្តូរ​អ័រម៉ូន​។ ភាគច្រើន ស្ត្រី​មាន​ផ្ទៃពោះ នឹង​ឆេវឆាវ ពិបាក​ទប់​អារម្មណ៍ ម្តង​ល្អ ម្តង​អាក្រក់ មួរ​ម៉ៅ អន្ទះអន្ទែង …​។ យ៉ាងហោចណាស់ ម្នាក់​ក្នុងចំណោម​ដប់​នាក់ នឹង​ជួប​បញ្ហា​ធ្លាក់​ទឹកចិត្ត​។​

•​    ​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ទៅ​ប្រឹក្សា​សុខភាព ជាមួយ​គ្រូពេទ្យ អំឡុង​ពេល​មាន​ផ្ទៃពោះ ឲ្យបាន​ពី ១០ ទៅ ១៥ ដង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អ្នក និង​កូន មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព មុន និង​ក្រោយ​ពេល​សម្រាលកូន​រួច​។ គ្រូពេទ្យ​នឹង​តាមដាន​ទម្ងន់ ទំហំ​ត្រគាក សម្ពាធ​ឈាម ទឹកនោម និង​ការពិនិត្យ​ផ្សេងៗ​ទៀត ដែល​ចាំបាច់​។​

•​    ​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន អាច​នឹង​មាន​ផលវិបាក​ខ្លះៗ ដែល​តម្រូវឲ្យ​មាន​ការថែទាំ​ជាពិសេស ដើម្បី​រក្សាគភ៌​ក្នុង​ផ្ទៃ​ឲ្យ​គង់​។​

•​    ​អ្នក​ក៏​នឹង​ត្រូវ​គិត​អំពី​ទីកន្លែង របៀប (​វះកាត់ ចាក់​ថ្នាំ ឬ​សម្រាល​ដោយ​ធម្មជាតិ​) និង​ឆ្មប ឬ​វេជ្ជបណ្ឌិត ដែល​អ្នក​នឹង​ត្រូវ​សម្រាលកូន​ផងដែរ​។ អ្នក​អាច​មើល​វីដេអូ តាម Youtube ដើម្បី​ដឹង​ពី​ការវិវត្ត​របស់​ទារក ការ​ហាត់ប្រាណ ឬ​ការ​សម្រាលកូន​ផងដែរ ដើម្បី​ជា​ចំណេះដឹង​បន្ថែម​។​

•​    ​អ្នក​ត្រូវ​ដឹង​អំពី សញ្ញា​នៃ​ការ​កើត​កូន​មុន​កំណត់ (​ជាធម្មតា កើតមុន​សប្តាហ៍​ទី ៣៧) និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយពេល​សម្រាល​ផងដែរ ដើម្បី​ងាយស្រួល​តាមដាន និង​ព្យាបាល​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។