ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways រៀបចំ​យុទ្ធសាស្ត្រ​បង្កើន​ចំណូល

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​ថៃ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​ការ​សម្រេច​ឲ្យ​បាន​នូវ​ចំណូល​ពេញ​មួយ​ឆ្នាំ​របស់​ខ្លួន និង​ទិស​ដៅ​កំណើន​នៃ​ប្រាក់​ចំណេញ​សុទ្ធ​១០% ទៅ​១៥% បើ​ទោះជា​មានការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ក៏​ដោយ ។

ប្រធាន​ក្រុមហ៊ុន លោក Puttipong Prasarttong ថ្លែង​ថា ៖ «Bangkok Airways មានការ​ជឿជាក់​ក្នុង​ការ​សម្រេច​បាន​លើ​ទិស​ដៅ​នៃ​បរិមាណ​អ្នកដំណើរ​ចំនួន​៥,៤​លាន​នាក់​ក្នុងឆ្នាំនេះ ដោយ​កើនឡើង​ពី​៤,៧​លាន​នាក់​កាលពី​ឆ្នាំទៅ ។ បរិមាណ​អ្នកដំណើរ​ក្នុង​អំឡុង​ឆមាស​ទី​១ សម្រេច​បាន​ចំនួន​២,៦​លាន​នាក់​» ។

ក្នុងអំឡុងពេល​ដូច​គ្នា​នេះ​ដែរ Bangkok Airways បាន​ចេញផ្សាយ​ពី​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​៩០០​លាន​បាត កើនឡើង​យ៉ាង​ខ្លាំង​ពី​បរិមាណ​២០០​លាន​បាត​កាលពីដើម​ឆ្នាំ ស្រប​ពេល​ប្រទេស​ថៃ​មាន​ស្ថេ​រ​ភាព​នយោបាយ ។

លោក Puttipong Prasarttong បន្ត​ថា ៖ «​សម្រាប់​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ​ជា​រដូវ​មាន​អ្នកទេសចរ​ច្រើន ក្រុមហ៊ុន​បាន​ទទួល​ការ​កក់​ទុក​រួច​ស្រេច​ហើយ គឺ​ប្រមាណ​ជិត​១​លាន​នាក់ ស្មើនឹង​ជិត​២០% នៃ​បរិមាណ​អ្នកដំណើរ​ដែល​ព្យាករ​ទុក​» ។

ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​បណ្តាញ​នៅ​អាស៊ាន​បន្ថែម​ទៀត​ក្នុងអំឡុងពេល​៣​ឆ្នាំទៅ​៥​ឆ្នាំ​ក្រោយ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ជើងហោះហើរ​រយៈពេល​ខ្លី និង​មធ្យម គឺ​៥​ម៉ោង​ឬ​តិច​ជាង​នេះ ។

លោក Puttipong Prasarttong បាន​ពិភាក្សា​លើ​គម្រោង​ប្រកប​ជំនួញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក្នុង​ពេល​មានការ​ប្រកួតប្រជែង​ខ្លាំងក្លា ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ជើងហោះហើរ​ដែល​មាន​តម្លៃ ធូរ​ថ្លៃ​លុកលុយ​ក្នុង​បណ្តាញ​ជើង ហោះហើរ​រយៈពេល​ខ្លី និង​មធ្យម​។

ជាង​នេះ​ទៀត ការ​រើប​ឡើង​នៃ​ជើងហោះហើរ​មាន​តម្លៃ​ធូរ​ថ្លៃ​បាន​ធ្វើ​ឲ្យ​មានការ​ក្រឡុក​ដល់​ជើងហោះហើរ​ពេញ​សេវាកម្ម ដូច​ជា Bangkok Airways ជាដើម ។
លោក Puttipong Prasarttong អះអាង​ថា ៖ «​បណ្តាញ​ផ្លូវ​មួយ​ចំនួន​ចាំបាច់​ត្រូវ​លុប​ចោល ជា​ពិសេស​ជើងហោះហើរ​ក្នុងស្រុក ខណៈ​ទិស​ដៅ​ថ្មី​ចាំបាច់​ត្រូវ​បន្ថែម​ដើម្បី​បំពេញ​នូវ​ការ​ខ្វះចន្លោះ​ក្នុង​បណ្តាញ​ក្នុង​តំបន់​» ។

ក្រុមហ៊ុន​បាន​ជ្រើសរើស​ការ​បោះបង់​ចោល​បណ្តាញ​ផ្លូវ​របស់​ខ្លួន​ពី​បាងកក​ទៅ​កាន់​ខេត្ត​ភាគ​ខាង​ឦសាន​គឺ Udon Thani ដោយ​លើក​ឡើង​ថា ខ្លួន​មិន​អាច​ប្រណាំងប្រជែង​ជាមួយ​ជើងហោះហើរ​តម្លៃ​ធូរ​ថ្លៃ​បាន​ទេ ។

សម្រាប់​ផែនការ​នៅ​ថ្ងៃ​អនាគត ជា​ការ​អំពាវនាវ​បណ្តាញ​ផ្លូវ​បន្ថែម​នៅ​តាម​បណ្តា​ទីក្រុង​ធំ​ៗ​ដើម្បី​ធានា​បាន​នូវ​បណ្តាញ​ដែល​គ្របដណ្តប់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។
Bangkok Airways បាន​ផ្លាស់​ប្តូរ​មុខ​តំណែង​របស់​ខ្លួន​ដែល​មាន​ក្នុង​តំបន់​ជាមួយ​បណ្តាញ​ផ្លូវ​ថ្មី គឺ​ពី​បាងកក​ទៅ​ដា​ណា​ង ប្រទេស​វៀតណាម ។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​ស្វែងរក​ការ​ពង្រឹង​បណ្តាញ​របស់​ខ្លួន ដែល​អនុញ្ញាត​ឲ្យ​ពឹងផ្អែក​លើ​ការ​ជួយ​គាំទ្រ​របស់​អ្នកដំណើរ​មក​ពី​ដៃគូ​អន្តរជាតិ​២០ ដែល​ភាគច្រើន​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ប្រទេស​ថៃ ។

ម្យ៉ាងទៀត​ក្រុមហ៊ុន​ក៏​បាន​ចរចា​ជាមួយ​ដៃគូ​ដែល​មាន​សក្តានុពល​ជា​ច្រើន ដូច​ជា ៖ Austrian Air, China Eastern Airlines និង Korean Air ។ ចំណែក​ដៃគូ​ដទៃ​ទៀត​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ក៏​ស្ថិត​ក្នុង​ការ​ចរចា​ដែរ ។ គ្រប់​កិច្ចព្រមព្រៀង​ទាំងអស់​ត្រូវ​គេ​រំពឹង​ថា នឹង​មានការ​អនុម័ត​នៅ​ឆ្នាំ​ក្រោយ ។

បើ​ងាក​មក​មើល​ក្នុងស្រុក​វិញ Bangkok Airways នឹង​ចំណាយ​១​ប៊ី​លាន​បាត​ដើម្បី​សាងសង់​ស្ថានីយ​ជួសជុល​យន្តហោះ​ផ្ទាល់ខ្លួន​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​៨.០០០​ម៉ែត្រក្រឡា ហើយ​១​ប៊ី​លាន​បាត​ទៀត​សម្រាប់​កែទម្រង់​ថ្មី និង​ការ​ពង្រីក​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​អាកាសយានដ្ឋាន Koh Samui ។

Bangkok Airways នឹង​បង្កើន​ជើងហោះហើរ​ពី​បាងកក​ទៅ​កោះ​សា​មុ​យ រហូត​ដល់​ទៅ​៩​ជើង​ក្នុង​មួយ​ថ្ងៃ បើ​ធៀប​នឹង​៨​ជើង​ក្នុង​មួយ​ថ្ងៃ ជើងហោះហើរ​ពី​ភូ​កេ​តទៅ​កោះ​សា​មុ​យ​មាន​ចាប់ពី​៥​ជើង​ទៅ​៦​ជើង និង​បាងកក​ទៅ​ភូ​កេ​ត ចាប់ពី​៨​ជើង​ទៅ​៩​ជើង​ក្នុង​មួយ​ថ្ងៃ ។

ដោយឡែក​ភាគហ៊ុន​របស់ Bangkok Airways ដែល​បិទ​ការ​ជួញដូរ​លើ​ផ្សា​រមូល​ប​ត្រ​ថៃ គឺ​ស្ថិត​ក្នុង​អត្រា​២០,៧០​បាត កើនឡើង​៣០​សែន​បាត​ក្នុង​ការ​ជួញដូរ ដែល​មាន​ទំហំ​ទឹកប្រាក់​៩៣,៣​លាន​បាត ៕