ឈឺ​ធ្មេញ គួរ​ផឹកថ្នាំ​ប៉ា​រ៉ា ឬ​ទៅ​ឱសថ​ស្ថាន ឬ​ទៅ​ជួប​ពេទ្យធ្មេញ​? មួយ​ណា​ល្អ​ជាង​?

ឈឺ​ធ្មេញ គួរ​ផឹកថ្នាំ​ប៉ា​រ៉ា ឬ​ទៅ​ឱសថ​ស្ថាន ឬ​ទៅ​ជួប​ពេទ្យធ្មេញ​? មួយ​ណា​ល្អ​ជាង​?

​ឈឺ​អី​ឈឺ​ចុះ កុំឲ្យ​តែ​ឈឺធ្មេញ​! អ្នក​ប្រហែលជា​ធ្លាប់​ពាក្យ​នេះហើយ ព្រោះថា​ការ​ឈឺធ្មេញ សម្រាប់​អ្នក​ខ្លះ គឺ​ពិបាក​ទ្រាំ​ជាង​ការ​កើត​កូន​ទៅ​ទៀត​។ វា​ពិតជា​ឈឺ​ខ្លាំងណាស់ រហូត​ធ្វើឲ្យ​អ្នក បាត់​បង់ការ​ផ្ចង់​អារម្មណ៍ ក្នុងការ​ធ្វើ​អ្វី​ទាំងអស់ និង​អាច​បណ្តាល​ឲ្យ​អ្នក​ឈឺក្បាល ឈឺ​ត្រចៀក ឬ​ព្រឹល​ភ្នែក ក្នុងពេល​ជាមួយគ្នា​នេះ​ផងដែរ​។​

​ពេល​ឈឺធ្មេញ អ្នក​ប្រាកដជា​តោង​យក ថ្នាំ​បំបាត់​ការឈឺចាប់​ពីរ​បី​គ្រាប់ ឬ​ប្រញាប់​ទៅ​ឱសថស្ថាន ឲ្យគេ​ផ្សំ​ថ្នាំផឹក ជា​មិនខានឡើយ ប៉ុន្តែ បើ​ផឹក​យូរ​ទៅ អ្នក​អាច​មាន​បញ្ហា​ផ្សេងទៀត​បាន​។​

​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នោះ​គឺ ទន្តពេទ្យ ឬ​គ្រូពេទ្យ​ព្យាបាល​ធ្មេញ​។ ទន្តពេទ្យ​នឹង​ពិនិត្យមើល​ធ្មេញ​របស់​អ្នក ដើម្បី​កំណត់​ថា​តើ វា​បណ្តាល​មកពី​អ្វី ហើយ​ឈឺ​នៅ​កន្លែង​ណា​ពិតប្រាកដ ដើម្បី​ងាយស្រួល​ព្យាបាល​។ ទន្តពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នក ព្យាបាល​ដោយ​ការ​ឆ្កឹះ​យក​កម្ទេចកម្ទី ឬ​ប្រហោង​ធ្មេញ​ដែល​ខូច (​ដង្កូវ​ស៊ី​) នោះ​ចេញ ដើម្បី​បំបាត់​ការ​រលាក ឬ​ការឆ្លង​មេរោគ​នៅ​ទីនោះ​។ នោះ​គឺជា​ការព្យាបាល​តែមួយគត់ ដើម្បី​បំបាត់​ការ​ឈឺធ្មេញ បាន​យូរអង្វែង​។​

​ប្រសិនបើ​អ្នក​មិន​មក​រក​ពេទ្យធ្មេញ​ទេ បញ្ហា​ធ្មេញ​របស់​អ្នកនឹង​កាន់តែ​ធ្ងន់ធ្ងរ ខូច​កាន់តែ​ច្រើន ហើយ​សុខភាព​របស់​អ្នក នឹង​ចុះ​ខ្សោយ​ជា​លំដាប់ ដោយសារ​បញ្ហា​ក្រពះ ឬ​ជំងឺ​ផ្សេងៗ​ទៀត ដែល​បណ្តាល​មកពី ថ្នាំ​ដែល​អ្នក​ញ៉ាំ​ច្រើនពេក ឬ​ធ្មេញ​ខាំ​ចំណីអាហារ​មិនបាន​ល្អ​។​

​ពេល​ឈឺធ្មេញ​

​អ្នក​អាច​ប្រើ​ថ្នាំ​បន្ត​ក់ ដើម្បី​បំបាត់​ការឈឺ​ធ្មេញ​បាន ដោយ​បន្ត​ក់វា​លើ​សំឡី​ស្អាត រួច​យក​ទៅ​ស្អំ​លើ​កន្លែង​ដង្កូវ​ស៊ី ឬ​កន្លែង​ឈឺ​នោះ​។​

​អ្នក​អាច​ប្រើ​ទឹកកក ទៅ​ស្អំ​លើ​ថ្ពាល់​របស់​អ្នក ជាពិសេស ពេល​ហើម​អញ្ចាញ ដើម្បី​បន្ថយ​ការ​ហើម និង​ការឈឺចាប់​បាន​បន្តិចបន្តួច​ផងដែរ​។​

បើ​អ្នក​មិន​ចង់ទៅ​ជួប​ពេទ្យធ្មេញ​ទេ អ្នក​គួរតែ​ការពារ​ធ្មេញ​របស់​អ្នក ឲ្យមាន​សុខភាព​ល្អ​

​ចង់​ឲ្យ​ធ្មេញ​មាន​សុខភាព​ល្អ វា​ពិតជា​ងាយស្រួល​ងាយស្រួល​ខ្លាំងណាស់​។ ចូរ​ដុសធ្មេញ​ឲ្យបាន​ទៀងទាត់ យ៉ាងហោច​ណាស់​ពីរដង​ក្នុង​មួយ​ថ្ងៃ ឬ​ក្រោយ​ញ៉ាំ​អាហារ​រួច​។ អ្នក​សាកល្បង​ប្រើ​អំបោះ​រូស​ធ្មេញ ឬ​ទឹក​ខ្ពុរមាត់ បន្ថែម​ពីលើ​ការ​ដុសធ្មេញ​។ ចាំបាច់​ណាស់ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ ឲ្យបាន​ទៀងទាត់ យ៉ាងហោចណាស់ ម្តង​ឬ​ពីរ​ដង​ក្នុង​មួយឆ្នាំ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។