ជំងឺ​ដោយសារ ជាតិ​វិទ្យុ​សកម្ម​

ជំងឺ​ដោយសារ ជាតិ​វិទ្យុ​សកម្ម​

​ជំងឺ​ដោយសារ​ជាតិ​វិទ្យុ​សកម្ម គឺជា​ការខូចខាត​នៃ​រាងកាយ ដោយសារ​ការប៉ះពាល់​នឹង ជាតិ​វិទ្យុសកម្ម​ច្រើនពេក ក្នុង​រយៈពេល​ដ៏​ខ្លី (​ស្រួចស្រាវ​)​។ កម្រិត​ជាតិ​វិទ្យុ​សកម្ម ដែល​ស្រូប​ដោយ​ខ្លួន​របស់​អ្នក អាច​កំណត់​ពី​ជំងឺ ដែល​អ្នក​នឹង​ទទួលបាន​។​

​ជំងឺ​ដោយសារ​ជាតិ​វិទ្យុ​សកម្ម អាច​ហៅ​ម្យ៉ាងទៀត​ថា ជំងឺ​ពុល​ជាតិ​វិទ្យុសកម្ម​។​

​យ៉ាងណាមិញ ការប៉ះពាល់​ក្នុង​កម្រិត​ស្រាល ទៅ​នឹង​ជាតិ​វិទ្យុ​សកម្ម ដូចជា ការថត X-ray ឬ CT ស្គែ​ន មិន​អាច​ធ្វើឲ្យ​អ្នក កើត​ជំងឺ​នេះ​នោះ​ទេ​។​ ​ទោះបីជា​យ៉ាងណា ជំងឺ​នេះ មាន​សភាព​ធ្ងន់ធ្ងរ និង​អាច​ឈាន​ដល់​ការស្លាប់​ទៀតផង​។ ចាប់តាំងពី​គ្រាប់បែក​អា​តូ​មិច នៅ​ទីក្រុង Hiroshima និង Nagasaki ប្រទេស​ជប៉ុន អំឡុង​ពេល​សង្គ្រាមលោក​លើក​ទី ២ មាន​ករណី​នៃ​ជំងឺ​នេះ​ច្រើនណាស់ បាន​កើតឡើង​។​

​សញ្ញា និង​រោគសញ្ញា​ធ្ងន់ធ្ងរ នៃ​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅលើ កម្រិត​ជាតិ​វិទ្យុ​សកម្ម ដែល​អ្នក​ស្រូប​ចូល​។ កម្រិត​នៃ​ជាតិ​វិទ្យុ​សកម្ម ក៏​អាស្រ័យ​ទៅលើ កម្លាំង​នៃ​ជាតិ​វិទ្យុសកម្ម និង​រយៈ​ចម្ងាយ​រវាង​អ្នក និង​ប្រភព​នៃ​ជាតិ​វិទ្យុសកម្ម​។​

​សញ្ញា និង​រោគសញ្ញា ក៏​អាច​បណ្តាលមកពី របៀប​ដែល​អ្នក​ប៉ះពាល់ ដូចជា ខ្លួនប្រាណ​ទាំងមូល ពាក់កណ្តាល ឬ​ដៃ ឬ​ជើង និង​ជាលិកា​ដែល​ត្រូវ​ប៉ះពាល់​។ ឧទាហរណ៍ ប្រព័ន្ធ​ក្រពះ​ពោះវៀន និង​ខួរឆ្អឹង គឺ​ងាយ​នឹងរង​ផលប៉ះពាល់ នៃ​ជាតិ​វិទ្យុសកម្ម​ខ្លាំងណាស់​។​

​កម្រិត​នៃ​ការ​ស្រូប និង​រយៈពេល​ប៉ះពាល់ នឹង​ជាតិ​វិទ្យុ​សកម្ម​
​កម្រិត​នៃ​ការ​ស្រូប​ជាតិ​វិទ្យុ​សកម្ម ត្រូវ​បាន​វា​ស់​ដោយ​ខ្នាត Gray (Gy)​។ ការថតរូប X-ray ប្រើប្រាស់​ជាតិ​វិទ្យុ​សកម្ម ក្នុង​កម្រិត​ទាប គឺ​ក្រោម ០,១ Gy ដើម្បី​ចាប់​យក​តែ សរីរាង្គ ឬ​ជាលិកា​មួយចំនួន​ប៉ុណ្ណោះ​។​

​សញ្ញា និង​រោគសញ្ញា នៃ​ជំងឺ​មួយ​នេះ ជាទូទៅ កើតឡើង​នៅ​ពេល អ្នក​ប៉ះពាល់​នឹង​ជាតិ​វិទ្យុ​សកម្ម យ៉ាងហោចណាស់ ១ Gy​។ កម្រិត​ខ្ពស់​បំផុត ដែល​លើស​ពី ១០ Gy ទៅលើ​ខ្លួនប្រាណ​របស់​អ្នក ជាទូទៅ មិន​អាច​ព្យាបាល​បាន​នោះ​ទេ ហើយ​អ្នកជំងឺ​នឹង​ស្លាប់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ទី​ពីរ​អាទិត្យ អាស្រ័យ​ទៅលើ​កម្រិត និង​រយៈពេល​នៃ​ការប៉ះពាល់​ជាតិ​វិទ្យុ​សកម្ម​។​

​សញ្ញា និង​រោគសញ្ញា​សំខាន់​
​សញ្ញា និង​រោគសញ្ញា​សំខាន់ៗ ដែល​អាច​ព្យាបាល​នៃ​ជំងឺ​នេះ ជាទូទៅ គឺ​ការ​ចង្អោ​រ និង​ក្អួត​។ រយៈពេល រវាង​ការប៉ះពាល់ និង​រោគសញ្ញា​លេចឡើង អាច​បញ្ជាក់បាន​ថា​តើ អ្នក​បាន​ប៉ះពាល់​ទៅនឹង ជាតិ​វិទ្យុសកម្ម​ក្នុង​កម្រិត​ណា​។​ ​បន្ទាប់​ពី​លេចចេញ​រោគសញ្ញា​ខាងលើ អ្នកជំងឺ​អាច​នឹង​បាត់​រោគសញ្ញា​នោះ​វិញ ក្នុង​រយៈពេល​ខ្លី ហើយ​វា​ក៏​កើតឡើង​រោគ​សញ្ញា​ថ្មី​ផ្សេងទៀត ដែល​ធ្ងន់ធ្ងរ​ជាង​មុន​។​

​ជាទូទៅ កម្រិត​ជាតិ​វិទ្យុ​សកម្ម កាន់តែ​ខ្ពស់ រោគសញ្ញា​នឹង​កាត់​តែ​ធ្ងន់ធ្ងរ និង​ឆាប់រហ័ស​។ ឧទាហរណ៍ ៖
-​    ​កម្រិត​ជាតិ​វិទ្យុសកម្ម​តិចតួច ១ ទៅ ២ Gy - អ្នក​អាច​ក្អួត ឬ​ចង្អោរ ក្នុង​រយៈពេល ៦ ម៉ោង​
-​    ​កម្រិត​ជាតិ​វិទ្យុសកម្ម​មធ្យម ២ ទៅ ៦ Gy - អ្នក​អាច​ក្អួត ឬ​ចង្អោរ ក្នុង​រយៈពេល ២ ម៉ោង​
-​    ​កម្រិត​ជាតិ​វិទ្យុសកម្ម​ខ្លាំង ៦ ទៅ ៩ Gy - អ្នក​អាច​ក្អួត ឬ​ចង្អោរ ក្នុង​រយៈពេល ១ ម៉ោង​
-​    ​កម្រិត​ជាតិ​វិទ្យុសកម្ម​ខ្លាំង​បំផុត ច្រើនជាង ១០ Gy - អ្នក​អាច​ក្អួត ឬ​ចង្អោរ ក្នុង​រយៈពេល ១០ នាទី​។​

​រោគសញ្ញា​ផ្សេងៗ​ទៀត ដែល​អាច​កើតមាន ៖
-​    ​រាគ​
-​    ​ឈឺក្បាល​
-​    ​វិលមុខ​
-​    ​អស់កម្លាំង (​ខ្សោយ​)
-​    ​ជ្រុះ​សក់​
-​    ​ហូរ​ឈាម​ពេល​ក្អួត ឬ​បត់ជើង​
-​    ​សម្ពាធ​ឈាម​ចុះខ្សោយ​។​

​យោបល់​គ្រូពេទ្យ ប្រចាំ​គេហទំព័រ www.health.com.kh
​បើ​អ្នក​ប្រឈម​មុខ​ខ្ពស់ ទៅ​នឹង​ជាតិ​វិទ្យុ​សកម្ម អ្នក​គួរ​សិក្សា​ឲ្យបាន​ច្បាស់ អំពី​រោគសញ្ញា ដែល​យើង​បាន​រៀបរាប់​ខាងលើ ដើម្បី​មាន​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ហើយ​បើ​មាន​ការសង្ស័យ ឬ​មាន​រោគសញ្ញា​កើតឡើង អ្នក​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ តាម​ដែល​អាច​ធ្វើទៅបាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។