​រលាក​ថ្លើម​ដោយសារ​ស្រា កាច​សាហាវ​មែន តែ​អាច​ការពារ និង​ព្យាបាល​

​រលាក​ថ្លើម​ដោយសារ​ស្រា កាច​សាហាវ​មែន តែ​អាច​ការពារ និង​ព្យាបាល​

​ឈប់​ផឹកស្រា​
​ប្រសិនបើ​អ្នក​ពិតជា​កើត ជំងឺ​រលាក​ថ្លើម​ដោយសារ​ជាតិ​អាល់កុល​មែន អ្នក​ត្រូវ​តែ​ឈប់​ផឹកស្រា ហើយ​វា​គឺជា​រឿង​តែមួយគត់ ដើម្បី​ការពារ​ការខូចខាត​ថ្លើម​បន្ថែមទៀត​។ មនុស្ស​ភាគច្រើន​ដែល​ឈប់​ផឹកស្រា អាច​នឹង​ធូរស្រាល​ឡើងវិញ ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​បី​ខែ​ប៉ុណ្ណោះ​។​ ​ប្រសិនបើ​អ្នក​នៅ​តែ​បន្ត​ផឹកស្រា នោះ​អ្នក​ប្រាកដជា​ជួប​នឹង ផលវិបាក​ធ្ងន់ធ្ងរ​ជាង​នេះ ជា​មិនខានឡើយ​។​

​ប្រសិនបើ​អ្នក​ចង់​ឈប់ តែ​មិន​អាច​ឈប់​បាន នោះ​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​ចំណីអាហារ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ហើយ ដូចជា ការប្រឹក្សា​យោបល់ ការប្រើ​ថ្នាំ កម្ម​វិធី​ព្យាបាល​ជា​ក្រុម​។​ល​។​

​ព្យាបាល​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​
​គ្រូពេទ្យ​នឹង​ណែនាំ នូវ​របប​អាហារ​ពិសេស​មួយ​សម្រាប់​អ្នក ដើម្បី​ស្តារឡើងវិញ នូវ​សារធាតុចិញ្ចឹម ដែល​អ្នក​បាន​បាត់បង់ អំឡុង​ពេល​ងប់​នឹង​ស្រា​។ អាហារ​ទាំងនោះ រួម​មាន​ជីវជាតិ​គ្រប់មុខ វីតាមីន និង​សារធាតុ​រ៉ែ​ជាដើម​។​

​ការព្យាបាល​ដើម្បី​បន្ថយ​ការ​រលាក​របស់​ថ្លើម​
​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក ប្រើ​ថ្នាំ​ព​ពួកក័រ​ទីកូ​ស្តេ​រ៉ូ​អ៊ីត (corticosteroids) ប្រសិនបើ​អ្នក​រលាក​ថ្លើម​ធ្ងន់ធ្ងរ​។ ថ្នាំ​ទាំង​នេះ​មាន​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នក​។ ស្តេ​រ៉ូ​អ៊ីត មាន​ផលវិបាក​ខ្លះៗ ដែល​គ្រូពេទ្យ​មិន​ណែនាំ​ឲ្យប្រើ​នោះទេ ក្នុងករណី​អ្នកមាន​ជំងឺ​ខ្សោយតម្រងនោម ហូរ​ឈាម​ក្រពះ​ពោះវៀន ឬ​មាន​ជំងឺឆ្លង​មេរោគ​។ យ៉ាងណាមិញ អ្នកជំងឺ​ប្រហែលជា ៤០ ភាគរយ មិន​ត្រូវ​នឹង​ពពួក​ថ្នាំ​នេះឡើយ​។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​ណែនាំ​ឲ្យប្រើ​ថ្នាំ  pentoxifylline ជាពិសេស ប្រសិនបើ​ថ្នាំ corticosteroids គ្មាន​ប្រសិទ្ធភាព​នោះ​។ ការសិក្សា​មួយ​ចំនួន​បានបង្ហាញ​ថា pentoxifylline មាន​ប្រយោជន៍​ច្រើន​។​

​ការប្តូរ​ថ្លើម​
​សម្រាប់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង ការប្តូរ​ថ្លើម ជា​ជម្រើស​ចុងក្រោយ ដើម្បី​ចៀសវាង​ការស្លាប់​។ អត្រា​រស់រានមានជីវិត សម្រាប់​អ្នក​ប្តូរ​ថ្លើម ដោយសារ​ជំងឺ​នេះ ប្រហាក់ប្រហែល​គ្នា​នឹង ជំងឺ​រលាក​ថ្លើម​ដ៏​ទៃ​ទៀត​ផង​ដែរ គឺ ៧០ ភាគរយ អាច​រស់​បាន ៥ ឆ្នាំ​ទៀត​។​

​វិធី​ការពារ
​អ្នក​អាច​កាត់បន្ថយ ការប្រឈមមុខ​នឹង​ជំងឺ​រលាក​ថ្លើម ដោយសារ​ជាតិ​អាល់កុល ប្រសិនបើ​អ្នក ៖

•​    ​ផឹកស្រា ក្នុង​កម្រិត​មធ្យម ឬ​មិន​ផឹក​តែម្តង​
•​    ​បើ​ផឹកស្រា ចូរ​ត្រួតពិនិត្យ​មើល​ស្លាក​សញ្ញា ថា​តើ​ស្រា​នោះ មាន​លាយ​ជាតិ​អ្វីខ្លះ​? មាន​កម្រិត​ជាតិ​អាល់​ប៉ុន្មាន​?
•​    ​ត្រូវ​ប្រយ័ត្ន ពេល​អ្នក​ប្រើ​ថ្នាំ ហើយ​ត្រូវ​អាន​ការណែនាំ​ផ្សេងៗ មុន​នឹង​ប្រើ​ថ្នាំ​នោះ ថា​តើ​វា​មាន​ប្រតិកម្ម​នឹង​ជាតិ​អាល់កុល​ដែរឬទេ​?
•​    ​ពេល​ផឹក​ថ្នាំ ត្រូវ​តាម​ស្រា ឬ​ជាតិ​អាល់កុល​ដាច់ខាត ដើម្បី​ការពារ​ថ្លើម​របស់​អ្នក ទោះបីជា​ថ្នាំ​បំបាត់​ការឈឺចាប់ acetaminophen (Tylenol, others) ក៏ដោយ​។​
•​    ​ត្រួតពិនិត្យ​សុខភាព​ថ្លើម និង​ការពារ​វា​ឲ្យបាន​ល្អ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។