ជូង ជូងី៖ ការ​ជប់​លៀង​ប៉ះ​ពាល់​ដល់​តម្លាភាព នៃ​ការ​បោះ​ឆ្នោត​គណៈមេធាវី​កម្ពុជា


បន្ទាប់ពីគណៈមេធាវីកម្ពុជា បានបញ្ចប់ការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាគណៈមេធាវីរួច មេធាវី​មួយ​រូប​បាន​ធ្វើការ​រិះគន់​ថា ការ​បោះ​ឆ្នោត​នេះ អាច​គ្មាន​តម្លាភាព ដោយ​សារ​មាន​ការ​ជប់​លៀង ទាក់​ទាញ​ទឹក​ចិត្ត ពីសំណាក់​អ្នក​ឈរ​ឈ្មោះ​មួយ​ចំនួន។
ជូង ជូងី៖ ការ​ជប់​លៀង​ប៉ះ​ពាល់​ដល់​តម្លាភាព នៃ​ការ​បោះ​ឆ្នោត​គណៈមេធាវី​កម្ពុជា

គណៈកម្មការរៀបចំការបោះឆ្នោតនិងមហាសន្និបាទ នៃគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥។ (រូបថតហ្វេសប៊ុក)

តើពិធីជប់លៀង ជាវិធីសាស្ត្រដោយប្រយោលមួយ សម្រាប់ទាក់ទាញទឹកចិត្ត ឲ្យអ្នកដែលចូលរួម បោះឆ្នោត​ឲ្យ​ម្ចាស់កម្មវិធីឬ? លោកមេធាវីមួយរូប ដែលជាសមាជិកគណៈមេធាវីកម្ពុជា បានថ្លែងសំដែងការព្រួយបារម្ភថា ការ​ជប់លៀងនោះ ចង់ឬមិនចង់ វាពិតជាអាចប៉ះពាល់ ដល់«តម្លាភាព»នៃការបោះឆ្នោតជ្រើសតាំង សមាជិក​ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥កន្លងមកនេះ។

គេមិនដឹងថា តើលោកមេធាវី ជូង ជូងី បានលើកឡើងនេះ ចង់និយាយទៅរកបេក្ខជនណាម្នាកនោះឡើយ។ តែ​នៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមេធាវីបានថ្លែងថា លោកមិនចង់​ឲ្យ​មាន ឬ​ឃើញ​នូវវប្បធម៌ នៃការជួបជុំ តាមរយៈការជប់លៀង ដោយធ្វើការអូសទាញមេធាវីមួយចំនួន មកគាំទ្រ​ខ្លួន ព្រោះ​តែខ្លួនមានអំណាច ណាមួយនោះឡើយ។ លោកថាការអូសទាញរបៀបនេះ អាចធ្វើឲ្យមេធាវី ដែល​មាន​សមត្ថភាពពិតប្រាកដ គ្មានឱកាស នឹងចូលរួមប្រកួតប្រជែង ដោយយុត្តិធម៌ឡើយ។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា នៃគណៈមេធាវីកន្លងមកថ្មីៗនេះ ត្រូវបានលោកមេធាវីអះអាងថា នៅតែមានបញ្ហាបន្តិចបន្តួច ដែលកើតចេញពីការបោះឆ្នោតនោះ ហើយវាមិនមានអ្វី​គួឲ្យចាប់អារម្មណ៍ទេ។ លោកបន្តថា អ្វីដែលសំខាន់ សុំឲ្យសមាជិកនៃក្រុមប្រឹក្សា គណៈមេធាវីទាំងនោះ ត្រូវបង្ហាញនូវភាពស្មោះត្រង់ និងតម្លាភាព។ លោកមេធាវី ជូងី បានថ្លែងឡើងថា៖ «យើងទទួលយក២៧នាក់នោះទៅធ្វើការទៅ។ សំខាន់​២៧នាក់នោះ គាត់ទៅធ្វើការ ស្អាត មិនពុករលួយ មិនធ្វើអ្វីផ្តេសផ្តាស ពិចារណាឲ្យបានត្រឹមត្រូវ ក្នុងការ​សម្រេច​ចិត្តផ្សេងៗ។ ចេះពិភាក្សាគ្នា ពិចារណាឲ្យគ្រប់ជ្រុងជ្រោយ កុំឲ្យមានអំពើពុករលួយ កុំឲ្យមាន​ការ​ប្រកាន់​បក្ស​ពួក។»

យ៉ាងណា លោកបានធ្វើការរិះគន់ខ្លាំងៗ ទៅកាន់ក្រុមប្រឹក្សាគណៈមេធាវីមួយចំនួន ដែលបានឈ្នះឆ្នោត​ថ្មីៗ​នេះថា មានភាពអវិជ្ជមាន ព្រោះការជាប់ឆ្នោតនៃអ្នកខ្លះនោះ មិនបានបង្ហាញនូវសមត្ថភាព និងចំណេះដឹង​របស់ខ្លួនឡើយ តែជាការបង្ហាញនូវអំណាច ដោយការអូសទាញ ឬទឹកចិត្ត ពីមេធាវីដទៃទៀត ដែលមិន​បាន​ពិចារណា តាមរយៈការជប់លៀង មុនការបោះឆ្នោតកើតឡើងជាដើម។ ក្រោយការជប់លៀង ចង់មិនចង់ មេធាវី​ទាំងនោះ ច្បាស់ជាបោះឆ្នោត ឲ្យអ្នកដែលបានហៅខ្លួន ទៅជប់លៀងនោះហើយ។ ហើយក៏មិនបានគិតគូរច្រើន ទៅដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដែលមិនមានពិធីជប់លៀងនឹងគេ។ នេះជាការបាត់បង់ឱកាស ក្នុង​ការប្រកួតប្រជែង ដោយសមភាព និងតម្លាភាព ដោយយកចំណេះដឹងជាគោល។

ប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពី​បេក្ខជន​ជាប់​ឆ្នោត​ ជា​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​ គណៈមេធាវី​អាណត្តិ​ទី​៨​ ទាំង​២៧​នាក់ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែតុលា ​ដូច​ខាង​ក្រោម៖

១-​លោក​មេធាវី​ សាំង​ វណ្ណៈ​ អត្តលេខ​៣៥៧​
២-​លោក​មេធាវី​ អ៊ឹ​ង​ កិរិយា​ អត្តលេខ​៥៨៧
៣-​លោក​មេធាវី​ កែ​ត​ ឃី​ អត្តលេខ​០៧៩​
៤-​លោក​មេធាវី​ អ៊ី​វ​ ប៉ូ​លី​ អត្តលេខ​៥៩៣
៥-​លោក​មេធាវី​ ខៀវ​ សំបូរ​ អត្តលេខ​៣៧៣
៦-​អ្នកស្រី​មេធាវី​ ជា​ សុក​នួន​ អត្តលេខ​៤៦៧​
៧-​លោក​មេធាវី​ សាន់​ ជួយ​ អត្តលេខ​២៩៩
៨-​លោក​មេធាវី​ ថា​ន​ ផានិត​ អត្តលេខ​៤១៣
៩-​លោក​មេធាវី​ កេង​ សុ​ម៉ា​ឡា​ អត្តលេខ​៥០៧
១០-​លោក​មេធាវី​ ជូ​ ចាន់​ធី​រ៉ា​ អត្តលេខ​០៧០​
១១-​អ្នកស្រី​មេធាវី​ ម៉ី​ ឧសភា​ អត្តលេខ​៣៩៦​​
១២-​លោក​មេធាវី​ សេង​ សុខ​ឃី​ម​ អត្តលេខ​៣៣១
១៣-​លោក​មេធាវី​ លីវ​ សុ​វ​ណ្ណា​ អត្តលេខ​០៨៥
១៤-​អ្នកស្រី​មេធាវី​ ឈី​វ​ ភិ​រម្យ​ អត្តលេខ​៥២០​
១៥-​លោក​មេធាវី​ សំ​ សុ​គង់​ អត្តលេខ​៣២១​
១៦-​លោក​មេធាវី​ ន​ង​ មាន​ន្ទ​ អត្តលេខ​៤៤២
១៧-​អ្នកស្រី​មេធាវី​ អ៊ូ​ ធីតា​ពៅ​ អត្តលេខ​៥៤៥​
១៨-​លោក​មេធាវី​ លី​ ពីង​ អត្តលេខ​២៩៦
១៩-​លោក​មេធាវី​ យឹ​ម​ វិស្សុត​ អត្តលេខ​៣៨០
២០-​អ្នកស្រី​មេធាវី​ លឹ​ម​ ច័ន្ទ​លី​ដា​ អត្តលេខ​៨០៣​
២១-​លោក​មេធាវី​ កៃ​ វិសាល​ អត្តលេខ​២៣៣​
២២-​លោក​មេធាវី​ ហូ​ លី​ហូ​វ​ អត្តលេខ​៤៦០
២៣-​លោក​មេធាវី​ វ៉ា​ ពិសី​ អត្តលេខ​១៥៣​
២៤-​លោក​មេធាវី​ ជា​ ហុង​រី​ អត្តលេខ​៦៩៣
២៥-​អ្នកស្រី​មេធាវី​ សៅ​ កញ្ញា​ អត្តលេខ​៣១១​
២៦-​អ្នកស្រី​មេធាវី​ ម៉ុ​ន​ វិមាន​ចំប៉ា​ អត្តលេខ​៥៦៥​
២៧-​លោក​មេធាវី​ ឈី​ សម្បត្តិ​ អត្តលេខ​២៩៨​៕

ជូង ជូងី៖ ការ​ជប់​លៀង​ប៉ះ​ពាល់​ដល់​តម្លាភាព នៃ​ការ​បោះ​ឆ្នោត​គណៈមេធាវី​កម្ពុជា