ពិធី​​សម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ចក្ខុរោគ​ដំបូង​នៅ​មន្ទី​រពេទ្យ​ខេត្តស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ តុលា​ ​២០១៥ ​នៅ​​​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ បាន​ធ្វើ​ពិធី​សម្ពោ​ធ​អគារ​ចក្ខុរោគ​ក្រោម​អធិបតីភាព​លោក​ តែ​ គុយ​ស៊ា​ង ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​លោក ​ជៀង ​អំ​ អភិបាលខេត្ត​ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​មន្ត្រីរាជការ ​ពលរដ្ឋ​​មាន​​ជំងឺ​ភ្នែក​​​សរុប​​ចំនួន​៦៥០​នាក់​ ។

លោក​វេជ្ជបណ្ឌិត ​កែ​ រ​ដ្ឋា ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ឱ្យ​​ដឹង​ថា ​អគារ​ចក្ខុរោគ​ដែល​ឧ​ប​ត្ថ​ម្ភ​ដោយ​អង្ក​ការ​ Eye Care Foundation ​​បាន​ចាប់ផ្ដើម​សាងសង់​ថ្មី​នៅ​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៥​ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២២​ ខែកក្កដា ​ឆ្នាំ​២០១៥ ​ហើយ​បាន​ដាក់​ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​១ ​ខែសីហា​ ឆ្នាំ​២០១៥ ​កន្លង​ទៅ​នេះ​ ។

អគារ​ចក្ខុរោគ​ថ្មី​នេះ​ចំណាយ​​អស់​ទឹកប្រាក់​ជាង​១៤​ម៉ី​ន​ដុល្លា​រ​​អា​មេ​រិក ​ដោយ​មាន​​បណ្ដោយ​ប្រវែង​២៥​ម៉ែត្រ ​ទ​ទឺង​១២​ម៉ែត្រ ​កម្ពស់​១​ជាន់ ​និង​មាន​គ្រឹះ​សម្រាប់​​៣​ជាន់​ ដែល​មាន​បន្ទប់វះកាត់​​១​ បន្ទប់​ចាក់​ថ្នាំ​សន្ដំ​ ឬ​ថ្នាំស្ពឹក​​១​ បន្ទប់​ធំ​សម្រាប់​​អ្នក​ជំងឺ​សម្រាក​ព្យា​បាល​​​១ ​​បន្ទប់​ស្ទេ​រី​ល​​១​ បន្ទប់​ពិសេស​​VIP​អ្នក​ជំ​ងឹ​សម្រាក​​ព្យា​បាល​​១​ ​បន្ទប់​វាស់​វ៉ែនតា​១ ​បន្ទប់​ពិនិត្យ​ជំងឺ​ក្រៅ​​​១ ​បន្ទប់​ ASCAN LESER​ ​​១ ​បន្ទប់​បុគ្គលិក​ធ្វើការ​ចំនួន​១ បន្ទប់​ចុះ​ឈ្មោះ​១​ ​​បន្ទប់​​រង់ចាំ​​១ ​និង​បន្ទប់ទឹក​បង្គន់​អនាម័យ​​​៦​ផង​ដែរ​ ។

​​លោក ​តែ​ គុយ​ស៊ា​ង ​​បាន​​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទី​រសុខាភិបាល​ខេត្ត ​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការ​ទទួល​​​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ជួយ​ដល់​អាយុជីវិត​ប្រជាជន ​ពិសេស​ជន​ក្រីក្រ​រស់នៅ​ជនបទ​ដាច់​ស្រ​យាល ។ ទាំងនេះ​ជា​សកម្មភាព​មនុស្ស​ធ​ម៌​មួយ​មិន​អាច​កាត់ថ្លៃ​បាន ​ហើយ​ក៏​ជា​ដំណើរ​ការ​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​​សង្គម​ជាតិ​​​ផង​ដែរ ​។

លោក​ ជៀង​ អំ​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​អគ្គនាយក​អង្គការ​ខាង​លើ ​ដែល​បាន​ជួយ​ឧបត្ថម្ភ​អគារ​ចក្ខុរោគ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ​ជា​លើក​ដំបូង​​​ហើយ​ ដែល​​មន្ទីរ​ពេទ្យ​ខេត្ត​ មាន​អគារ​សម្រាប់​ពិ​និ​ត្យ​ និង​​ព្យាបាល​​ជំងឺ​​ភ្នែក ​(​ចក្ខុរោគ​) ​ដល់​ប្រជាពលរដ្ឋ ​ព្រម​ទាំង​មាន​បំពាក់​ឧបករណ៍​សម្ភារទំនើប​ៗ និង​មាន​កាត់​វ៉ែនតា​ជូន​អ្នកជំងឺ ​៕