លោក អូស្មាន ហាស្សាន់ អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ សាលាឥស្លាម នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៥ បានអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់អាគារ សិក្សា Nur Hidayah Al Islamyah នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ហ៊ីម សុហ្វ្រី តំណាងគណៈកម្មការសាង់សង់ បានឲ្យដឹងថា អាគារសិក្សានេះ សាងសង់នៅលើផ្ទៃដីទំហំ ៨០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ដែលជាការចរិច្ចាគរបស់ លោក អាសារី អាលី ជាប្រជាពលរដ្ឋក្នុងភូមិ។ សាលានេះ មានអគារសិក្សា ២បន្ទប់ និងការិយាល័យ ១បន្ទប់ មានសិស្សសរុប ១១៣នាក់ គ្រូ ២នាក់ ចំណាយថវិកាអស់ ២៧.៧៨០ដុល្លារអាម៉េរិក ជាអំណោយរបស់សប្បុរសជនជាតិព្រុយណេ លោក Haj MHD Yassin MHD Daud និងក្រុមគ្រួសារ សម្រាបបង្ហាត់បង្រៀនលើផ្នែកទន្ទេញចាំមាត់គម្ពីរអាល់គួរអាន និងបង្រៀនពីសីលធម៍ និង វិន័យឥស្លាមក្នុងការរស់នៅក្នុងសង្គម។

លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដល់សប្បុរសជន ប៊្រុយណេ ដែលបាន ចំណាយថវិការ ឧប្ថម្ភអាគារសិក្សាមួយខ្នងនេះ ជាចំណងដៃសម្រាប់សិស្សានុសិស្ស ក្នុងទឹកដីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជាការចូលរួមលើកស្ទួយការអភិវឌ្ឍន៍វិស័យអប់រំ មួយយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល កម្ពុជា។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចតេជោ បានយកចិត្តទុកដាក់ និងឲ្យតម្លៃខ្ពស់លើវិស័យអប់រំ ទាំងអប់រំសាសនា និង វិទ្យាសាស្រ្តជំនាញនានា។

លោកបន្តថា ដោយសារតែការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាព ធ្វើឲ្យកម្ពុជា ប្រែ ក្លាយពីសាលារៀនខ្ទម និងសង់ពីឈើ ទៅជាមានអាគារសិក្សាធ្វើអំពីថ្មស្កឹមស្កៃស្ទើរគ្រប់ទីកន្លែងទូទាំប្រទេស និងបានកែប្រែមុខមាត់ស្រទាប់យុវជនពីភាពអវិជ្ជា ទៅជាធនធានមនុស្ស និងទទួលបានការអប់រំក្នុងកម្រិតខ្ពស់។ មិនតែប៉ុណ្ណោះ គ្រូខ្មែរឥស្លាមទូទាំងប្រទេស ចំនួន ១៥០០នាក់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ចូលទៅក្នុង ក្របខណ្ឌ មន្ត្រីរាជការ នៃក្រសួងអប់រំយុវជន និង កីឡា។

លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ ដល់សិស្សានុសិស្សឲ្យខិតខំប្រឹងតស៊ូរៀនសូត្រ ទាំងចំណេះដឹងផ្នែកសាសនា និងចំណេះដឹងទូទៅ ដើម្បីចូលរួមបម្រើ និង បំពេញសេចក្តីត្រូវការរបស់សង្គម។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញប្រគល់អំណោយ ដែលជាការឧបត្ថម្ភពីសប្បុរសជនប្រ៊ុយណេ ដល់សិស្ស ១២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនរៀល និងឧបត្ថម្ភសម្លៀកបំពាក់បែបឥស្លាម ជូនដល់ ប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធី ដែលគិតជាទឹកប្រាក់ ៨.៩១៥.០០០រៀល។ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បាននាំយកអំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ៦៥០ដុល្លាអាម៉េរិក ដើម្បីទិញតុអង្គុយ សិក្សា និង ១០០ដុល្លាទៀត ជូនវិហារឥស្លាមភូមិវាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

បន្ទាប់ពីបញ្ចប់កម្មវិធីសម្ពោធសាលារៀន លោក អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាល ជាមួយបុគ្គលិក មន្រ្តីរាជការ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឯមន្ទីរការងារ ខេត្តពោធិ៍សាត់ ដោយនាំយកថវិការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន ៤លានរៀល ប្រគល់ជូនបុគ្គលិក មន្រ្តី រាជការ មន្ទីរការងារ ខេត្តពោធិ៍សាត់ ចំនួន ៩៦នាក់ផងដែរ៕

លោក អូស្មាន ហាស្សាន់ អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ សាលាឥស្លាម នៅខេត្តពោធិ៍សាត់

លោក អូស្មាន ហាស្សាន់ អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ សាលាឥស្លាម នៅខេត្តពោធិ៍សាត់

លោក អូស្មាន ហាស្សាន់ អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ សាលាឥស្លាម នៅខេត្តពោធិ៍សាត់

លោក អូស្មាន ហាស្សាន់ អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ សាលាឥស្លាម នៅខេត្តពោធិ៍សាត់