​​ក្រុង​ពលី​​រូបសំណាក​ព្រហ្ម​មុខ​៤​នៅ​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើតរសៀល​ស្អែក

រាជធានី​ភ្នំពេញ ៖ ​បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ នៅ​រសៀល​ថ្ងៃ​ទី​២១​ តុលា​ ២០១៥​​ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​ជា​ភរិយា​,​ លោក​ម៉ប់ សា​រិ​ន​ ប្រធាន​ក្រុម​​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី និងអភិសេក​រូបសំណាក​ព្រហ្ម​បាយ័ន​មុខ​៤​នៅ​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើតដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​សុំ​សេចក្តីសុខ​ទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃណីនៅ​មុន​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​២​ជា​ផ្លូវការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២២​ តុលា ​២០១៥ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​ សែន​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ រូបសំណាក​ព្រហ្ម​បាយ័ន​ដែល​ត្រូវសម្ពោធ​នា​ពេល​នេះ យក​លំនាំ​ដើម​តាម​ពី​ប្រាសាទ​បា​យ័នក្នុង​ខេត្តសៀមរាប​ធ្វើ​ពី​ថ្មភ្នំយក​ពី​ខេត្តព្រះវិហារកាត់​ឆ្លាក់​ដាប់​ជា​ដុំ​ៗ​បន្តុប​លើ​គ្នា​មានកំ​ពស់​៩,១៨ម៉ែត្រ, ​ទទឹង​៦​ម៉ែត្រ​កន្លះ​។

​រូបចំលាក់​នេះ​តំណាង​ឲ្យ​ព្រះ​ភ័ក្ត្រ​​របស់​ព្រះ​លោកេស្វរៈ ជា​ព្រះ​ពោធិ៍សត្វ​នៃ​ព្រះពុទ្ធ​សាសនា​មហាយាន ដែល​មាន​មហាករុណា​ចំពោះ​មនុស្ស​គ្រប់​ទិស​ទាំង​៤​ប្រកបដោយ​ព្រហ្មវិហារធម៌​៤​គឺ មេត្តា​,​ ករុណា​,​ មុទិតា​,​ ឧ​បេ​ខា ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ព្រហ្ម​វិហារធម៌​ទាំង​៤ គឺជា​មូលដ្ឋាន​សំខាន់​សំរាប់​ស្ថាបនា​នូវ​សុខ​សន្តិភាព និង​វប្បធម៌​អំពើហិង្សា​ក្នុង​សង្គម​ខ្មែរ ជាមួយ​គ្នា​នេះក៏​នៅ​មាន​សួនច្បារ​កាំភ្លើង​កួច​កាណុង​ស្ថិត​នៅ​ត្រើយ​ខាងលិច​គល់ស្ពាន​ជ្រោយចង្វារ​ដែល​សាលា​រាជធានី​ភ្នំពេញ​ទើបបាន​កែ​លំអយ៉ាង​ស្រស់​ស្អាត​ដែល​ជា​និ​មិ្ម​ត្ត​រូប​នៃ​ការ​បញ្ចប់សង្គ្រាមនាំ​មក​នូវ​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ន៍ ហើយ​សួនច្បារ​កួច​កាណុង​នេះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ជួសជុល​កែ​លំអដោយ​រចនា​ជា​រាង​ត្របក​ផ្កាឈូក​ព​ទ្ធ័ជុំវិញ​ចំណុចកណ្តាល​កាំភ្លើង​កួច​កាណុង​មាន​ច្រក​ចេញ-ចូល​ចំនួន​៣​កន្លែង​ក្រាលកំរាល​ថ្មើរជើង​ដោយ​ថ្ម​ក្រា​នី​ត​,​ រៀប​បង្គោល​ភ្លើង ដាំ​ស្មៅ ដាំ​ផ្កា​ប្រ​ព​ន្ធ័​ទឹក ប្រ​ព​ន្ធ័​ភ្លើង​យ៉ាង​ល្អ​ជាទី​ទាក់ទាញ​សំរាប់​ភ្ញៀវ​ទេសចរ​​​ជាតិ អន្តរជាតិ ក៏​ត្រូវ​សម្ពោធ​ដំណាលគ្នា​នឹង​ស្ពានជ្រោយចង្វារ​នេះ​ដែរ​។

គួរ​រំលឹក​ថា ស្ពាន​ជ្រោយចង្វារ​ទី​២​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២ ​វិច្ឆិកា ​​២០១១ ​មាន​ប្រវែង​៧១៩​ម៉ែត្រ​ ចំណាយពេល​សាងសង់​៣៨​ខែ និង​ចំណាយ​ថវិកា​ប្រមាណ​២៧.៥០០.០០០​ដុល្លា​រអា​មេ​រិ​ក ដែល​ជា​កំចី​ឥណទាន​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មា​និតចិន​៕ ​