Facebook សម្តេចតេជោ ​ហ៊ុន សែន​ ​៖ សម្តេចតេជោ​បើកចំហឲ្យមាន​ការរិះគន់ស្ថាបនាតាម​ Facebook​ ផ្ទុយពីមេបក្ស​ប្រឆាំង

រាជធានីភ្នំពេញ ​៖ នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ​ ហ៊ុន សែន ​បានសរសេរបង្ហោះនៅ​រសៀលថ្ងៃទី២០​ តុលា ២០១៥ មានខ្លឹមសារ​ទំាងស្រុងដូចតទៅ ​៖ " រាជរដ្ឋាភិបាល ​រដ្ឋសភា និងព្រឹទ្ឋសភា ​បានខិតខំប្រឹងប្រែងរួមគ្នាបម្រើប្រទេសជាតិ​ ​ដោយធានាបាននូវសន្តិសុខ ​សណ្តាប់ធ្នាប់ និង ស្ថិរភាព​នយោបាយសង្គមបានល្អ ​ទើបធ្វើអោយប្រទេសយើង​កាន់តែរីកលូតលាស់ទៅមុខ​ ។ ជាពិសេសបំផុត​នោះ គឺកម្ពុជាមានព្រះមហាក្សត្រដ៏ឆ្នើមបំផុត​ ដែលព្រះអង្គ​តែងតែយកព្រះទ័យ​ទុកដាក់យ៉ាងខ្លាំង​ចំពោះប្រជារាស្រ្តព្រះអង្គ​ ដែលបានធ្វើអោយសង្គមជាតិ​ទាំងមូលមានភាពសុខសាន្ត ។

កន្លងទៅ ​ទោះបីរាជរដ្ឋាភិបាល​ខិតខំអភិវឌ្ឍន៍កសាងសមិទ្ឋិផលអ្វី ​ ក៏បុគ្គលប្រឆាំងជ្រុល​មួយចំនួនមិនបានសាទរដែរ ​មានតែការនិន្ទារប្រមាថ។ រីឯចំពោះការបើក​ឧិកាស​អោយមានការរិះគន់វិញ​ គឺ សម្តេចតេជោ​ បានបើកចំហទូលាយ​អោយមានការចូលរួមរិះគន់​ស្ថាបនាក្នុង Facebook សម្តេចផ្ទាល់ ​។ មានតែមេបក្សប្រឆាំងទេ ​ដែលបំបិទ (Blocked) ​មិនអោយមានអ្នកចូលរិះគន់ ​។ តែក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ​បានយកឧិកាសនេះវាយប្រហារ​​ជេរប្រមាថ​រហូត​ដល់​អាយុជីវិតសម្តេចទៀតផង ។ តើនេះឬជាការរិះគន់ស្ថាបនា? ​តើបើកទូលាយប៉ុណ្ណឹង​ហើយមិនទាន់គ្រប់គ្រាន់ទៀត?​ សម្តេចតេជោមិនបានគំរាម​អ្នកណាឡើយ ​ប៉ុន្តែបើ​លេងកុំខឹង​ បើខឹងកុំលេង ។ រឿងនេះមិនទាន់ចប់ទេ​ បើអ្នកទាំងនោះចង់បន្តលេងបាន។​ សម្តេចតេជោ ​អាចកំដរលេងគ្រប់ទម្រង់ ​គ្រប់រដូវកាលទាំងអស់​ និងគ្រប់រសជាតិ​ក្តៅ ​ត្រជាក់​ ផ្អែម ​ល្វីង ជូរ ចត់ ។ នេះជាជម្រើសរបស់ពួកគេ​ ថាតើចូលរួមកសាងអភិវឌ្ឍន៍​ប្រទេសដោយសុទ្ឋចិត្ត​ ឬបន្តលេងល្បែងគ្រោះថ្នាក់​អន្តរាយទាំងនេះ​តទៅ​ទៀត ។

សម្តេចតេជោ ​ហ៊ុន សែន​ ជានិច្ចជាកាលគឺខិតខំបម្រើប្រទេសជាតិ​ដោយសុទ្ឋចិត្ត ​មិនគិតពីសុខភាព ​និងការនឿយហត់ ​ហើយខំប្រឹងបំពេញ​នូវសេចក្តីត្រូវការ​និង​កង្វះខាត​របស់ប្រជាពលរដ្ឋគ្រប់​ទីកន្លែងទូទាំងប្រទេស។​ សំខាន់សម្រាប់សម្តេចពេលនេះ​ គឺប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់ធ្វើស្រែ​ មានការងារធ្វើ ​មានបាយទទួលទាន ​មានផ្លូវ ធ្វើដំណើរ ​ មានសាលារៀន​សម្រាប់កូនចៅរៀនសូត្រ​និងរស់នៅដោយ​សុខដុមរម្យនា "៕