Ramos ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដើម្បី​ជំនួប​ជាមួយ PSG

Sergio Ramos នឹង​អាច​វិល​មកជួយ​ក្រុម​ស្តេច​ស Real Madrid សម្រាប់​ជំនួប​ជាមួយនឹង​ក្លិប​អ្នកមាន​បារាំង Paris Saint-Germain (PSG) ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល Champions League នា​យប់​ថ្ងៃ​ពុធ​នេះ ប្រសិនបើ​កីឡាករ​នេះ​ទទួលបាន​ការចាក់​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់​បាន។

Sergio-Ramos

ខ្សែការពារ​កណ្តាល​នេះ បាន​អវត្តមាន​ក្នុងការ​ប្រកួត ២សប្តាហ៍​មកហើយ ចាប់តាំងពី​ទទួល​រងរបួស​ឡើងវិញ​ត្រង់​ស្មារ​ខាងឆ្វេង ពេល​ប្រកួត​ជាមួយនឹង Atletico Madrid កាលពី​ថ្ងៃទី ៤ ខែតុលា រួមទាំង​អក​ខាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អេស្បាញ​ក្នុង​វគ្គ​ជម្រុះ អឺ​រូ ២០១៦ ជាមួយ​ប្រទេស លុ​ច្ស​សំបួរ និង​អ៊ុយ​ក្រែ​ន​ផងដែរ។

ទោះជា​យ៉ាងនេះ​ក្តី ប្រធាន​ក្រុម​របស់​ក្លិប Real Madrid នេះ​បានមក​ជំរំ​ហ្វឹកហាត់​វិញ ត្រៀម​ទៅលេង​នៅ​ទីក្រុង​បារី​ស ខណៈដែល​គ្រូបង្វឹក លោក Rafa Benitez ក៏​កំពុង​សង្ឃឹមថា កីឡាករ ខ្សែបម្រើ Luka Modric និង ខ្សែប្រយុទ្ធ Karim Benzema នឹង​អាច​ចូល​លេង​វិញ​បាន​ដែល​ជាមួយ PSG នេះ។ Modric មាន​បញ្ហា​របួស​សាច់់ដុំ និង Benzema របួស​ជើង។

ពួកគេ​ទាំង​ពីរបាន​អក​ខាន កាលពី​ប្រកួត​ចុង​សប្តាហ៍​មុន ក្នុង​លទ្ធផល​ឈ្នះ​ជាមួយ Levante ប៉ុន្តែ​ក្លិប​សង្ឃឹម​ថា ពួកគេ​នឹង​ជាសះស្បើយ​ទាន់ពេល​វិញ។

Real Madrid ក៏​កំពុងមាន​ការបារម្ភ​ខ្លាំង​លើ​កីឡាករ Danilo និង Pepe ផងដែរ ខណៈដែល James Rodriguez និង Carvajal គឺ​សម្រាក​ព្យាបាល​របួស​យូរអង្វែង។

ដោយឡែក PSG ក៏​នឹង​អវត្តមាន​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល David Luiz ផងដែរ។

ទាំង Real Madrid និង PSG សុទ្ធតែ​ឈ្នះ​លើ​ការប្រកួត​ទាំង​ពីរលើក បើកឆាក ក្នុង​ពូ​ល A នេះ៕