One Direction មិន​ខ្វល់​​ពី​ការ​ឈ្នះ​ចាញ់​ជាមួយ Justin Bieber

One Direction មិន​ខ្វល់​​ពី​ការ​ឈ្នះ​ចាញ់​ជាមួយ Justin Bieber

បើ​សិន​ជា​អ្នក​កំពុង​រំពឹង​សមរភូមិ​មួយ​រវាង​ក្រុម​ចម្រៀង​មក​ចក្រភព​អង់គ្លេស One Direction និង​តារា​ចម្រៀង​កាណាដា Justin Bieber ក្នុង​ការ​ចេញ​លក់​អាល់ប៊ុម​នៅ​ថ្ងៃ​ទី​១៣ ខែ ធ្នូ តំណាល​គ្នា​ខាង​មុខ​នេះ អ្នក​អាច​នឹង​អស់​សង្ឃឹម​ព្រោះ​វា​នឹង​មិន​កើត​ឡើង​នោះ​ទេ។

 

នៅ​ក្នុង​បទសម្ភាសន៍​ថ្មី​មួយ​សមាជិក​ Harry Styles និង Niall Horan បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​បញ្ហា​ជា​គូ​ប្រកួត​ជាមួយ Justin Bieber ដែល​អ្នក​គាំទ្រ​របស់​ពួក​គេ​តែង​តែ​លើក​ឡើង​មក​ជជែក​គ្នា។

 

One Direction មិន​ខ្វល់​​ពី​ការ​ឈ្នះ​ចាញ់​ជាមួយ Justin Bieber

 

សមាជិក Horan បាន​និយាយ​ថា “យើង​គ្រាន់​តែ​ចេញ​អាល់ប៊ុម​ថ្មី​ចំ​ថ្ងៃ​តែ​មួយ​តែ​ប៉ុណ្ណោះ។ យើង​ធ្លាប់​ជួប​រឿង​បែប​នេះ​រួច​ទៅ​ហើយ​ពេល​កន្លង​ទៅ។ អាល់ប៊ុម​ទី​មួយ​របស់​ពួក​យើង​ពេល​នោះ​បាន​ចេញ​ចំ​ថ្ងៃ​ជាមួយ​អាល់ប៊ុម​របស់ Rihanna។ ខ្ញុំ​គិត​ថា​សារព័ត៌មាន​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​រឿង​ធំ​ឡើង​តែ​ប៉ុណ្ណោះ​ដោយ​សារ​តែ​ពួក​ខ្ញុំ​ប៉ះ​ជាមួយ Justin Bieber លើក​នេះ។ វា​ជា​រឿង​ធម្មតា​នោះ​ទេ អ្នក​ដឹង​ស្រាប់​ហើយ យើង​គង់​តែ​ប៉ះ​ជាមួយ​តារា​ចម្រៀង​ដទៃ​ទៀត​នៅ​លើ​តារាង​បទ​ចម្រៀង​ដដែល”។

 

Harry Styles បាន​បន្ត​ថា “ខ្ញុំ​មិន​គិត​ថា​តារា​ចម្រៀង​ណា​ម្នាក់​ថត​សំឡេង​បទ​ចម្រៀង​​មួយ​ដោយ​គិត​ក្នុង​ចិត្ត​ថា​នឹង​ប្រកួត​នឹង​អ្នក​ណា​មួយ​នោះ​ឡើយ។ តាម​គំនិត​ខ្ញុំ ពួក​គេ​ថត​ចម្រៀង​ដោយ​មាន​ហេតុផល​សមរម្យ។ ដូច​ពួក​យើង​អីចឹង នៅ​ពេល​ដែល​យើង​ថត​សំឡេង ពួក​យើង​រីក​រាយ​និង​មាន​មោទនភាព​ពី​វា​ខ្លាំង​ណាស់។ ហើយ​នៅ​ពេល​នេះ ពេល​ដែល​យើង​ចេញ​លក់​វា វា​គ្រាន់​តែ​ជាន់​ថ្ងៃ​ជាមួយ​អ្នក​ណា​ផ្សេង​ម្នាក់​តែ​ប៉ុណ្ណោះ។ នេះ​មិន​មែន​ជា​រឿង​បែង​ចែក​ឈ្នះ​ចាញ់​អ្វី​នោះ​ទេ។ ពួក​យើង​សង្ឃឹម​ថា​​អ្នក​គាំទ្រ​នឹង​ចូល​ចិត្ត ហើយ​បើ​វា​ទទួល​បាន​ជោគ​ជ័យ​ នោះ​គឺ​ជា​រឿង​​ដ៏​ប្រសើរ តែ​មិន​មែន​គោល​ការណ៍​ដែល​សំខាន់​បំផុត​នោះ​ទេ” ៕

 

ចុចអាន៖One Direction ​បំបែក​កំណត់​ត្រា​៦​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ billboard