ជនជាតិកូរ៉េ ខាងត្បូងរាប់រយនាក់ កំពុងឆ្ពោះទៅ កូរ៉េខាងជើង ដើម្បីជួបជុំគ្រួសារ

សេអ៊ូល ៖ ជនជាតិកូរ៉េខាងត្បូង វ័យចាស់ៗជាច្រើនរយនាក់ បានធ្វើដំណើរឆ្ពោះទៅកាន់ ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីជួបជាមួយសាច់ញាតិរបស់ពួកគាត់ ដែលបានបែកបាក់គ្នា ក្នុង សង្គ្រាមកូរ៉េ កាលពីអំឡុងឆ្នាំ១៩៥០ និង១៩៥៣ ដែលបានបង្កើតចេញ ជាបទឈប់បាញ់គ្នានោះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះទៀតថា ក្បួនរថយន្តក្រុង ដែលដឹកមនុស្សចាស់ៗសរុប ៣៨៩នាក់ មកពី៩៦គ្រួសារ បានចាកចេញពីទីក្រុង សុកចូ របស់ កូរ៉េខាងត្បូង ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រ ភាគខាងជើងរបស់ខ្លួន កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ក្រោយពីពួកគាត់បានសម្រាកទីនោះមួយយប់ ដើម្បីត្រៀមខ្លួនចេញដំណើរ ។

តាមសម្តីរបស់មន្ត្រីបង្រួបបង្រួមជាតិ កូរ៉េខាងត្បូង ឲ្យដឹងទៀតថា ក្រុមគ្រួសារខាងលើនេះ នឹងចំណាយពេលបីថ្ងៃ ដើម្បីស្នាក់នៅជួបជុំ ជាមួយសាច់ញាតិរបស់ពួកគាត់នៅកូរ៉េខាងជើង ដែលត្រូវបានសង្គ្រាមពង្រាត់ទៅខាន បាន ជួបជុំគ្នាអស់ជាង ៦ទសវត្សរ៍មកហើយ ។

សម្រាប់ការជួបជុំជាប្រវត្តិសាស្ត្រនេះដែរ គឺជាលទ្ធផលក្រោយប្រទេស កូរ៉េទាំងពីរ បានព្រមព្រៀងគ្នា កាលពីពាក់ កណ្តាលខែសីហា កន្លងទៅនេះ ឲ្យមានបទឈប់បាញ់គ្នា, បន្ថយភាពតានតឹងយោធា, និង ឲ្យប្រជាជនប្រទេស ទាំងពីរជួបជុំគ្រួសារឡើងវិញ ៕

ជនជាតិកូរ៉េ ខាងត្បូងរាប់រយនាក់ កំពុងឆ្ពោះទៅ កូរ៉េខាងជើង ដើម្បីជួបជុំគ្រួសារ